ខេត្តស្វាយរៀង ៖ ពិធីបុណ្យខួបគំរប់៧ថ្ងៃនៃជនរងគ្រោះ៥នាក់ដែលត្រូវឃាតកកំណាចអារ.ក និងកាប់សម្លាប់កាលពីវេលាទៀបភ្លឺឈានចូលថ្ងៃទី១៩ សីហា ២០១០ នោះ ត្រូវបានកូនចៅសាច់ញាតិរៀបចំធ្វើឡើងនៅល្ងាចថ្ងៃទី២៥ សីហា ឆ្នាំ២០១០ នៅផ្ទះកើតហេតុដែលស្ថិតក្នុងភូមិថ្មស ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។ ពិធីបុណ្យនេះគេសង្កេតឃើញមានការអញ្ជើញចូលរួមពីប្រជាពលរដ្ឋ អាជ្ញាធរដែនដី មន្ត្រីរាជការជាច្រើន រួមទាំងថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាលមួយចំនួនផងដែរ ។
អ្នកស្រីស៊ិន ចាន់ឌី អាយុ៣៦ឆ្នាំ ជាកូនទី២ របស់សពឈ្មោះជា សុខុម និងជាម្ចាស់ដើមបុណ្យផងនោះបានឱ្យដឹងថា លោកជំទាវម៉ែន សំអន បានចូលរួមរំលែកទុក្ខ និងចូលបុណ្យសពចំនួន៤០ម៉ឺនរៀល លោកឧកញ៉ាចាន់ រដ្ឋា ៥០ ម៉ឺនរៀល លោកជំទាវជៀង អំ ១០ម៉ឺនរៀល លោកស្រីសាំង រ័ត្នធីតា ជាកូនធម៌នៃសព១០៥០ដុល្លារ និងសប្បុរសជនខ្មែរនៅប្រទេសស៊្វីសដែលបានឃើញរឿងរ៉ាវសោកនាដកម្មនេះនៅលើ គេហទំព័រកោះសន្តិភាព មានការអាណិតអាសូរ ក៏បានចូលបុណ្យសពចំនួន២ពាន់ដុល្លារផងដែរ ។
មានការកត់សំគាល់ថា ក្រោយពីកើតមានការសម្លាប់យ៉ាងឃោរឃៅក្នុងគ្រួសារខាងប្រពន្ធពីសំណាក់បុរសជាប្តីមក ក៏មានពាក្យចចាមអារ៉ាម និងការវិភាគផ្សេងៗគ្នា អំពីហេតុការណ៍សម្លាប់នេះដោយអ្នកខ្លះសន្និដ្ឋានថា ឃាតកក្នុងហេតុការណ៍មានអ្នកទី២ ទី៣ទៀត ដែលចូលមកប្លន់ផ្ទះជនរងគ្រោះយកលុយ២ម៉ឺនដុល្លារដែលជនរងគ្រោះបានខ្ចីពីធនាគារអេស៊ីលីដា ហើយបង្កើតភស្តុតាងទំលាក់កំហុសឱ្យឃាតកឈ្មោះណាងតែម្នាក់ឯង ។ រីឯអ្នកខ្លះទៀតថា ការសម្លាប់នេះបង្កឡើងដោយឈ្មោះណាង តែម្នាក់គត់ ដោយមានគំរោងសម្លាប់យកលុយរត់គេច ប៉ុន្តែដោយរត់គេចមិនរួចទើបចង.កសម្លាប់ខ្លួនតែម្តង ទោះបីជាបែបណាព័ត៌មានខាងលើ មិនអាចយកជាផ្លូវការបាននោះទេ ។ ក្រៅពីពាក្យចចាមអារ៉ាមដោយការមន្ទិលសង្ស័យផ្សេងៗគ្នាថា ក្រោយពីកើតហេតុបានមួយថ្ងៃមានការល្បីថា ខ្មោចជនល្មើសឈ្មោះណាង បានលងបន្លាចតាអាចារ្យ និងប៉ូលិសដែលដេកយាម នៅផ្ទះកើតហេតុភ័យបះសក់គ្រប់ៗគ្នា ហើយសូម្បីតែអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ១កាត់តាមមុខផ្ទះកើតហេតុនោះក៏ត្រូវខ្មោចលងដែរ ។
ចំពោះពាក្យចចាមអារ៉ាមខាងលើនេះ អ្នកស្រីស៊ិន ចាន់ឌី បានបំភ្លឺឱ្យកោះសន្តិភាពដឹងថា ការសង្ស័យថា មានឃាតកទី២ ទី៣នោះ គឺមិនត្រឹមត្រូវទេ ឃាតកគឺមានតែម្នាក់គត់ គឺឈ្មោះណាងនេះ ព្រោះសាក្សីជាជនរងគ្រោះដែលនៅរស់ដូចជាឈ្មោះស៊ុក ភត្រា អាយុ១២ឆ្នាំ កំពុងសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្តស្វាយរៀង បានបញ្ជាក់រួចហើយ ។ រីឯព័ត៌មានថា មានការខ្ចីលុយ២ម៉ឺនដុល្លារ ពីធនាគារអេស៊ីលីដានោះ គឺបានខ្ចីពិតមែន ប៉ុន្តែខ្ចីតែ១ម៉ឺនដុល្លារទេ ហើយពេលខ្ចីបានភ្លាម ក៏បានវេរតាមកុងធនាគារទៅឱ្យកូននៅខេត្តសៀមរាបអស់ទៅហើយ ដូចនេះ មិនមានជាហេតុឱ្យអ្នកទី២ ទី៣ណាចូលមកប្លន់នោះទេ ។ ពាក្យចចាមអារ៉ាមដែលថា ឃាតកមានគំរោងសម្លាប់ហើយយកលុយរត់តែម្នាក់ឯងនោះក៏មិនពិតដែរ ។ ចំណែកឯពាក្យចចាមអារ៉ាមដែលថា វិញ្ញាណខ្មោចជនល្មើស ដែលលងបន្លាចតាអាចារ្យ និងប៉ូលិសដែលដេកយាមផ្ទះកើតហេតុរហូតភ័យបះសក់ក៏មិនពិតដែរ វាគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ ។
ជួបជាមួយលោកតាអាចារ្យ និងប៉ូលិសដែលយាមផ្ទះកើតហេតុ បានអះអាងប្រាប់ កោះសនិ្តភាព ផ្ទុយគ្នាថា ពួកគាត់ពិតជាត្រូវខ្មោចជនល្មើសឈ្មោះណាង លងបន្លាចរហូតឡើងបះសក់មែន គឺនៅយប់ថ្ងៃទី២០ សីហា ក្រោយកើតហេតុមួយថ្ងៃ ខណៈដែលពួកគាត់កំពុងដេកលង់លក់ ស្រាប់តែឮសំលេងមនុស្សទំលាក់ខ្លួនពីលើដំបូលផ្ទះមកឮសូរគ្រាំង លុះពេលពួកគាត់ឡើងទៅមើល (ផ្ទះ១ជាន់) បែរជាពុំឃើញមានអ្វីសោះ ហើយជុំវិញខ្លួនចេះតែត្រជាក់ និងព្រឺទៅៗ ។ លុះយប់បន្ទាប់ក៏លងធ្វើជាមនុស្សទះក្តារឮសូរទូងៗនៅខាងលើទៀត ពេលទៅមើល ក៏មិនឃើញរហូតដល់បាញ់កាំភ្លើង AK ពីរគ្រាប់ និងតាអាចារ្យនាំគ្នាសូត្រធម៌៤-៥មេទៅ ទើបស្ងប់ស្ងាត់បាត់រហូត ។ ជុំវិញហេតុការណ៍នេះមិនដឹងថា ជាការពិតឬមិនពិតនោះទេ ។
ទាក់ទិននឹងករណីសម្លាប់យ៉ាងសាហាវខាងលើនេះ លោកឧត្តមសេនីយ៍ត្រីប្រាជ្ញ រឹម ស្នងការនគរបាលខេត្តស្វាយរៀងបានឱ្យដឹងថា ចាប់ពីថ្ងៃកើតហេតុរហូតមកដល់បច្ចុប្បន្ននេះ តាមការស្រាវជ្រាវរបស់សមត្ថកិច្ច និងតាមចំលើយរបស់សាក្សីជាជនរងគ្រោះដែលនៅរស់ សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា ៨០%ជនល្មើសគឺមានតែម្នាក់គត់ គឺឈ្មោះណាង ជាកូនប្រសាក្នុងគ្រួសារនេះ ហើយពេលនេះសមត្ថកិច្ចកំពុងតែស្រាវជ្រាវពីសាវតាររបស់ជនល្មើសបន្តទៀត ។ បច្ចុប្បន្ននេះជនរងគ្រោះ៣នាក់ ដែលរួចជីវិតពីការស្លាប់បានធូរស្រាលពីរបួសហើយ ដោយពេលនេះកុមារារងគ្រោះឈ្មោះស៊ុក ភត្រា អាយុ១២ឆ្នាំ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ។ កូនស្រីជនល្មើសឈ្មោះម៉ី លី អាយុ៣ឆ្នាំ កំពុងសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យគន្ធបុបា្ផ៤ និងជនរងគ្រោះឈ្មោះម៉ាប់ ភេទស្រី អាយុ១៦ឆ្នាំ កំពុងសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យព្រះកេតុមាលា ។
អ្នកស្រីស៊ិន ចាន់ឌី បានបញ្ជាក់ឱ្យដឹងទៀតថា ក្រោយពីកើតហេតុក្រុមគ្រួសារសាត់ញាតិ មានបំណងប្រគល់ផ្ទះកើតហេតុទៅឱ្យ វត្តចំបក់បិតមាស ប៉ុន្តែមកដល់បច្ចុប្បន្ននេះក្រោយពីជំនុំគ្នាជាមួយបងប្អូន និងសាច់ញាតិចាស់ៗ បំណងមួយនេះ ក៏ពន្យារពេលដល់ថ្ងៃបុណ្យ១០០ថ្ងៃសិន ។ ហើយបន្ទាប់ពីបុណ្យសព៧ថ្ងៃនេះទៅ សាច់ញាតិនឹងជួលមនុស្សឱ្យនៅយាមផ្ទះកាន់កំប៉ុងជើងធូប និងលេងភ្លេងពិណពាទ្យជូនសពរៀងរាល់ថ្ងៃសីលរហូតដល់គំរប់១០០ថ្ងៃ ៕
ចែករំលែកព័តមាននេះ