ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផល​ប៉ះពាល់​របស់​ទឹកលូ​ចំពោះ​ស្បែក

9 ឆ្នាំ មុន

តើ​ទឹកលូ​ផ្តល់​ផល​ប៉ះពាល់​អ្វីខ្លះ​ចំពោះ​សុខភាព​ស្បែក ? នៅ​ក្នុង​ទឹកលូ ឬ​ទឹក​ស្អុយ​តែងតែមាន​ផ្ទុក​ពពួក​វីរុស និង​មេរោគ​ផ្សិត​ជា​ច្រើន​ប្រភេទ កាលណា​បើ​ស្បែក​បាន​ប៉ះពាល់​ជាមួយនឹង​ទឹក​ទាំងនោះ​អាច​នឹង​បង្ក​ឲ្យ​បញ្ហា​ចំពោះ​ស្បែក​នាំ​ឲ្យ​មានការ​រមាស់ ។ ពិសេស​នៅ​រដូវ​ធ្លាក់​ភ្លៀង លូ​តែងតែ​មានការ​កកស្ទះ ដោយសារ​តែ​ហូរ​មិន​ទាន់ ដូច្នេះ​លោក​អ្នក​ដែល​ជា​អ្នក​ធ្វើ​ដំណើរ​គេច​មិន​ផុត​ពី​ការ​លុយ​ទឹកលូ​ទាំងនោះ ។

លោកស្រី​វេជ្ជ​ណ្ឌិ​ត​សុង និមល ឯកទេស​សើរ​ស្បែក កាមរោគ និង​ជា​នាយ​ផ្នែក​ជំងឺ​សើ​ស្បែក​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ប្រាប់​កោះសន្តិភាព​ឲ្យ​ដឹង​ថា យើង​មិន​អាច​ដឹង​ថា នៅ​ក្នុង​ទឹកលូ​មាន​​ពពួក​មេរោគ​អ្វីខ្លះ​នោះ​ទេ មាន​តែ​ការ​ពិសោធ​ប៉ុណ្ណោះ​ទើប​អាច​ដឹង​ច្បាស់ ប៉ុន្តែ​ជា​ទូទៅ​ទឹកលូ​ដែល​ខ្មៅ​ស្អុយ​ច្រើន​តែ​មាន​ផ្ទុក​ពូក​វីរុស​និង​មេរោគ​ផ្សិត ។ បើសិនជា​លោក​អ្នក​ប៉ះពាល់​ជាមួយ​នឹង​ទឹក​ប្រភេទ​នោះ ហើយ​មិន​បាន​លាង​សម្អាត ភ្លាម​ៗ ចេះ​តែ​បណ្តោយ​ទុក​ម្តង​ជា​ពីរ​ដងនោះ​អាច​នឹង​ធ្វើ​ឲ្យ​ជួបនឹង​បញ្ហា​ស្បែក​ដោយសារ​មេរោគ​ទាំងនោះ ដែល​អាច​ធ្វើ​ឲ្យ​កើត​មាន​ជំងឺ​ត្រអក និង​អាច​ឆ្លង​ពពួក​មេរោគ​ផ្សិត​ដែល​យើង​ច្រើន​តែ​ហៅ​ថា​ទឹក​ស៊ី​ដៃជើង ។

ជំងឺ​ទាំងនេះ​ផ្តល់​ផល់​ប៉ះពាល់​ចំពោះ​ស្បែក​ដូច​ជា​៖
១-​ជំងឺ​ត្រអក​៖ អាច​បណ្តាល​ឲ្យ​ស្បែក​ឡើង​កន្ទួល រមាស់​ខ្លាំង​ពិបាក​ទ្រាំ ស្បែក​ឡើង​ក្រហម និង​មាន​ពងទឹក ។
២-​ជំងឺ​ទឹក​ស៊ី​ដៃជើង​៖ អាច​ធ្វើ​ឲ្យ​រមាស់ វា​មាន​លក្ខណៈ​រុំ​ា​រ៉ៃ វា​អាច​ស៊ី​នៅ​ក្នុង​ក្រចក បន្តិច​ម្តង​ៗ និង​ធ្វើ​ឱ្យ​ហើម ហើយ​បង្ក​ទៅ​ជា​ខ្ទុះ ។

លោកស្រី​វេជ្ជបណ្ឌិត​ប្រាប់​ឲ្យ​ដឹង​អំពី​វិធី​ទប់ស្កាត់​ថា ដើម្បី​ការពារ និង​ចៀសវាង​ពី​ផលវិបាក​ដែល​បណ្តាល​មក​ពី​ទឹកលូ​នេះ លោក​អ្នក​គួរតែ​មាន​ស្បែកជើង​ក​វែង​សម្រាប់​ចុះ​លុយ​ទឹក​ដើម្បី​ការពារ​ពួក​មេរោគ​ទាំងនោះ ។ បន្ទាប់​ពី​ប៉ះពាល់​ជាមួយនឹង​ទឹក​ទាំងនោះ​ហើយ ទោះបីជា​ពាក់​ស្បែកជើង​ក​វែង​ក្តី ឬ​ក៏​លុយ​ទឹក​ដោយ​មិន​ពាក់​ស្បែកជើង​ក្តី ត្រូវ​តែ​លាង​សម្អាត​ជើងដៃ​ខ្លួនប្រាណ​ឲ្យ​បាន​គ្រប់កន្លែង ពិសេស​នៅ​តាម​ចន្លោះ​ម្រាមដៃ​ម្រាមជើង​ជាមួយនឹង​សាប៊ូ​ឲ្យ​បាន​ស្អាត​ជា​និច្ច ។ បើសិនជា​មាន​ករណី​រមាស់​ឬ​ក៏​សញ្ញា​នៃ​ជំងឺ​ត្រអក និង​ទឹក​ស៊ី​ដៃជើង​នោះ គួរតែ​ទៅ​ជួប​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដែល​មាន​ជំនាញ​ច្បាស់លាស់​ចៀសវាង​ជួប​ជាមួយ​គ្រូពេទ្យ​គ្មាន​ជំនាញ​នាំ​ឲ្យ​មានការ​យល់​ច្រឡំ​ខុស នោះ​ការ​ព្យាបាល​អាច​មានការ​អូស​បន្លាយ​ដែល​នាំ​ឲ្យ​ជំងឺ​មាន​លក្ខណៈ​រ៉ាំ​រ៉ៃ ៕