រាជធានីភ្នំពេញ៖ បន្ទាប់ពីកិច្ចប្រជុំអាស៊ានត្រូវបានបញ្ចប់ ឯកឧត្តម គីស៊ីដា ហ្វូមិអុ នាយករដ្ឋមន្ត្រីជប៉ុន បានថ្លែងនៅក្នុងឱកាសសន្និសីទកាសែតរួមជប៉ុន-កម្ពុជា ថាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម បានបញ្ជាក់ពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយក៏បានឯកភាពគ្នាថា នឹងធ្វើឱ្យទំនាក់ទំនងទ្វេភាគីឡើងទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងជប៉ុន និងកម្ពុជា នាឆ្នាំក្រោយ ។

បន្ថែមពីនេះប្រទេសជប៉ុននឹងយកឱកាសនេះ ដើម្បីជម្រុញឱ្យកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត ។

ឯកឧត្តម គីស៊ីដា ហ្វូមិអុ នាយករដ្ឋមន្ត្រីជប៉ុន បានបន្តថា៖ «កិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរមានសក្តានុពលយ៉ាងធំធេង។ ឧទាហរណ៍ដ៏ល្អប្រសើរមួយនោះ គឺមជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន(CJDM)។ កម្ពុជាត្រូវការបច្ចេកទេស និងធនធានមនុស្ស ដើម្បីគាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្មឱ្យរីកចម្រើនបន្ថែមទៀត ឆ្ពោះទៅកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់។ មជ្ឈមណ្ឌល CJDM បានរួមសហការជាមួយជប៉ុនក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីផលិតគ្រឿងបន្លាស់លោហៈផ្សេងៗ ដែលកម្ពុជាបាននិងកំពុងនាំចូលពីក្រៅប្រទេស ឱ្យអាចផលិតបាននៅក្នុងស្រុក ដោយប្រើបច្ចេកទេសឌីជីថល» ។

ឯកឧត្តម គីស៊ីដា ហ្វូមិអុ បន្ថែមថា៖ «កិច្ចសហប្រតិបត្តិការរបស់យើងមាន មិនត្រឹមតែក្នុងក្របខណ្ឌទេ្វភាគីប៉ុណ្ណោះទេ ក្នុងកិច្ចប្រជុំកំពូលនាថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន និងខ្ញុំក៏បានពិភាក្សាអំពីបញ្ហានានាក្នុងតំបន់ និងសហគមន៍អន្តរជាតិផងដែរ។ ប្រទេសយើងទាំងពីរមានគោលជំហររួមគ្នា គឺមិនទទួលស្គាល់នូវការផ្លាស់ប្តូរស្ថានភាពដោយកម្លាំងឯកតោភាគី ហើយក៏ផ្សព្វផ្សាយគោលជំហរនេះជាមួយគ្នា។ ជាពិសេស ចំពោះការគំរាមកំហែងដែលប្រើអាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែនរបស់រុស្សី យើងគួរបន្តអះអាងពីការប្តេជ្ញាយ៉ាងមុតមាំថា មិនអាចទទួលយកបានទាំងការប្រើអាវុធនុយក្លេអ៊ែរ និងការគំរាមកំហែង។ លើសពីនេះ ក្នុងវិស័យបោសសម្អាតមីនដែលប្រទេសជប៉ុនបានសហការយូរឆ្នាំមកហើយនោះ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាគ្រោងនឹងចូលរួមចំណែកក្នុងកម្មវិធីហ្វឹកហ្វឺនការប្រើប្រាស់ម៉ាស៊ីនរាវមីនសម្រាប់ប្រទេសអ៊ុយក្រែនជាមួយអង្គការJICA។ នេះគឺជាសារដ៏មានអត្ថន័យយ៉ាងខ្លាំងចំពោះសហគមន៍អន្តរជាតិ» ។

គួរបញ្ជាក់ផងដែរថា នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីទាំងពីរបានបញ្ជាក់ពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយក៏បានឯកភាពគ្នាធ្វើឱ្យទំនាក់ទំនងទ្វេភាគីឡើងទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ហើយប្រទេសទាំងពីរ ក៏យល់ព្រមនឹងយកឱកាសនេះ ដើម្បីជម្រុញឱ្យកិច្ចសហប្រតិបត្តិការទេ្វភាគីកាន់តែរីកចម្រើនបន្ថែមទៀត ។

ក្រោយពីបញ្ចប់កិច្ចប្រជុំ នាយករដ្ឋមន្ត្រីទាំងពីរបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារគម្រោងហិរញ្ញប្បទានឥតសំណង ចំនួនបួនសម្រាប់កម្ពុជា ក៏ដូចជាការចុះហត្ថលេខាលើអនុស្សារណៈយោគយល់ស្តីពីការអភិវឌ្ឍឧស្សាហកម្មរថយន្តរបស់កម្ពុជារវាងក្រុមហ៊ុនToyota Tsusho Cooperation និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ៕
ចែករំលែកព័តមាននេះ