ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ស្លាក​លេខ​ខេមរភូមិន្ទ​បុក​រះ​រថយន្ត​២​គ្រឿង លុះ​ឆែកឆេរ​បែកធ្លាយ​កេស​ជា​ច្រើន​បង្កប់​បទល្មើស

1 ឆ្នាំ មុន
  • ភ្នំពេញ

សមត្ថកិច្ច​បាន​ដាក់​កម្លាំង​ចុះ​ឆែក​រថយន្ត​​មួយ​គ្រឿង​ដែល​ពាក់​ស្លាក​លេខ ខេមរភូមិន្ទ បន្ទាប់​ពី​រថយន្ត​នេះ​បាន​បង្ក​គ្រោះថ្នាក់​ចរា​ចរណ៍​បុក​រះ​ទៅ​លើ​រថយន្ត​២​គ្រឿង​ទៀត​នៅ​សង្កាត់​វាល​ស្បូវ លុះ​ពេល​ឆែកឆេរ​ក៏​ស្រាប់តែ​រក​ឃើញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ដាក់​កម្លាំង​ចុះ​ឆែក​រថយន្ត​​មួយ​គ្រឿង​ដែល​ពាក់​ស្លាក​លេខ ខេមរភូមិន្ទ បន្ទាប់​ពី​រថយន្ត​នេះ​បាន​បង្ក​គ្រោះថ្នាក់​ចរា​ចរណ៍​បុក​រះ​ទៅ​លើ​រថយន្ត​២​គ្រឿង​ទៀត​នៅ​សង្កាត់​វាល​ស្បូវ លុះ​ពេល​ឆែកឆេរ​ក៏​ស្រាប់តែ​រក​ឃើញ​សារធាតុ​ញៀ​.​ន​ចំនួន​៦​កេស​នៅ​ក្នុង​រថយន្ត បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ទល់មុខ​សំណង់​លំនៅ​ដ្ឋា​ន​វាល​ស្បូវ ស្ថិត​ក្នុង​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​ភាគី​រង​គ្រោះ​ដែល​ជា​ម្ចាស់​រថយន្ត តូ​យូ​តា​ព្រូស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2AL-1235 បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បាន​ធ្វើ​ដំណើរ​ឆ្លងផ្លូវ​ចេញពី​ខ្លោងទ្វារ​សំណង់​លំនៅ​ដ្ឋា​ន​វាល​ស្បូវ ឆ្លង​ទៅ​ផ្លូវជាតិ​លេខ​១ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច គោលបំណង​ទៅ​ភ្នំពេញ ស្រាប់តែ​ត្រូវ​រថយន្ត​បង្ក​បើកបរ​ក្នុង​ល្បឿន​មក​បុក​រថយន្ត​របស់​គាត់​ពេញទំហឹង បណ្តាល​ឲ្យ​ខូចខាត​ផ្នែក​ខាងឆ្វេង តែ​សំណាង​មិន​រង​របួសធ្ងន់ គ្រាន់តែ​រង​របួសស្រាល​ប៉ុណ្ណោះ​។

ចំណែក​ភាគី​រង​គ្រោះ​ម្នាក់​ទៀត​ដែល​បើកបរ​រថយន្ត CR-V ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​2H-7699 រួម​ដំណើរ​ជាមួយ​ជនបរទេស​ប្រុស​ស្រី​ចំនួន​២​នាក់​ទៀត ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បាន​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច តាម​ពីក្រោយ​រថយន្ត​រង​គ្រោះ​ទី​១ ក្នុង​ទិស​ដៅ​ស្រប​ទិស​គ្នា គោលបំណង​ទៅ​ភ្នំពេញ​ដែរ លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​ឃើញ​រថយន្ត​បង្ក​បើកបរ​លឿន ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ប​ញ្ជ្រា​សទិស​គ្នា រួច​រេ​ចង្កូត​ទៅ​បុក​រថយន្ត​ព្រូស​ពេញទំហឹង​តែ​ម្តង​។ គ្រានោះ​ដោយ​ភ័យ​ពេក ខ្លួន​ក៏​បាន​បួង​ចង្កូត​មក​ស្តាំ តែ​មិន​ផុត​ក៏​ត្រូវ​រថយន្ត​បង្ក​បុក​ចំ​ពីមុខ​ផ្នែក​ខាងឆ្វេង បណ្តាល​ឲ្យ​រង​ការ​ខូចខាត​។ ភ្លាម​ៗ​នោះ គាត់​បាន​ព្យាយាម​ឃាត់​ម្ចាស់​រថយន្ត​បង្ក​ដែរ ដើម្បី​ឲ្យ​ទទួលខុសត្រូវ តែ​ភាគី​បង្ក​មិន​ខ្វល់ ហើយ​នាំ​គ្នា​ចុះ​ពីលើ​រថយន្ត​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង​។

បើ​តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​ខាងលើ​នេះ ម៉ាក IZUSU Hi-Lander ពណ៌​ត្រេ​អ៊ី ពាក់​ផ្លា​ក​លេខ ខេមរភូមិន្ទ​02 2-1415 បើកបរ​ដោយ​បុរស​ម្នាក់ និង​រួម​ដំណើរ​ដោយ​បុរស​ម្នាក់​ទៀត ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត គោល​បំណង​​ចេញពី​ទីក្រុង​ភ្នំពេញ​។ បន្ទាប់​ពី​បង្ក​គ្រោះថ្នាក់​រួច បុរស​ទាំង​ពីរ​នាក់​នោះ​ក៏​បាន​រត់គេច​ខ្លួន​ចេញពី​កន្លែង​កើតហេតុ​បាត់​តែ​ម្តង ដោយ​មាន​រថយន្ត​មិន​ចាំ​ម៉ាក​មួយ​គ្រឿង​ទៀត មក​ទទួល​ពួក​គេ រួច​ជិះ​ចេញ​ទៅ​បាត់ បន្សល់​ទុក​តែ​រថយន្ត​បង្ក​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ប៉ុណ្ណោះ​។

ក្រោយ​ពី​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ហើយ អ្នក​បើករថយន្ត​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល បន្ទាប់​មក​ប្រជាពលរដ្ឋ​ក៏​បាន​ទូរស័ព្ទ​ប្រាប់​សមត្ថកិច្ច​អោយ​ចុះ​មក​ធ្វើការ​វាស់វែង ក្រោយ​ពី​សមត្ថកិច្ច​ចរាចរណ៍​ខណ្ឌ ចុះ​មក​ដល់​ក៏​បាន​ធ្វើការ​ពិនិត្យ​ទៅ​លើ​រថយន្ត​ពាក់​ស្លាក​លេខ​ខេ​ម​ភូមិន្ទ​ភ្លាម ព្រោះ​មានការ​សង្ស័យ​។ លុះ​ពិនិត្យ​នៅ​ក្នុង​រថយន្ត​នោះ ក៏​ស្រាប់តែ​ឃើញ​មាន​កេស​ឡាំង​ដែល​មាន​បិទ​ស្កុ​ត សមត្ថ​កិច្ច​ក៏​បាន​ទាក់ទង​ទៅ​ជំនាញ​គ្រឿង​ញៀ​.​ន​ខណ្ឌ​ច្បារ​អំពៅ​ភ្លាម អោយ​ចុះ​មក​ធ្វើការ​ត្រួតពិនិត្យ ដើម្បី​អោយ​ដឹង​ច្បាស់​ថា តើ​នៅ​ក្នុង​នោះ​មាន​លាក់​អ្វីខ្លះ?​។

បន្ទាប់​ពី​សមត្ថកិច្ច​ជំនាញ​គ្រឿង​ញៀ​.​ន​ខណ្ឌ​ច្បារ​អំពៅ ចុះ​មក​ដល់ ក៏​បាន​ដាក់​កម្លាំង​ជំនាញ​មក​បន្ថែម​ទៀត ដោយ​ប្រដាប់​នូវ​អាវុធ​គ្រប់​ដៃ ដើម្បី​ចុះ​មក​ធ្វើការ​ឆែកឆេរ​នៅ​ក្នុង​រថយន្ត​បង្ក​ខាងលើ និង​បាន​ដកហូត​កេស​ឡាំង​ដែល​មាន​បិទ​ស្កុ​ត​ជុំវិញ​ចំនួន​០៦​កេស សង្ស័យ​ថា ជា​សារធាតុ​ញៀ​.​ន រួម​ទាំង​រថយន្ត​បង្ក​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ជា​បណ្តោះអាសន្ន រង់ចាំ​ធ្វើការ​ស្រាវជ្រាវ​ជា​បន្ត​ទៀត ដើម្បី​ស្វែងរក​អ្នក​ដឹក​គ្រឿង​ញៀ​.​ន​យក​មក​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ