ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តលោក ចូ បៃឌិន កំពុងប្រើនៅកម្ពុជាមានសមត្ថភាពអស្ចារ្យដល់ម្លឹង

2 ឆ្នាំ មុន
  • ភ្នំពេញ

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ចូ បៃ​ឌិន បាន​ធ្វើ​ដំណើរ​ដោយ​រថយន្ត The Beast មក​កាន់​អូ​តែ​ល​សុខា ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០​និង​៤១ ដែល​កម្ពុជា​យើង​ធ្វើ​ជា​ម្ចាស់ផ្ទះ​។ តើ​លោក​អ្នក​ចង់​ដឹង​ទេ​ថា…

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ចូ បៃ​ឌិន បាន​ធ្វើ​ដំណើរ​ដោយ​រថយន្ត The Beast មក​កាន់​អូ​តែ​ល​សុខា ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០​និង​៤១ ដែល​កម្ពុជា​យើង​ធ្វើ​ជា​ម្ចាស់ផ្ទះ​។ តើ​លោក​អ្នក​ចង់​ដឹង​ទេ​ថា រថយន្ត The Beast របស់​ប្រធានាធិបតី​អា​មេ​រិ​ក​មាន​លក្ខណៈ​ពិសេស​អ្វីខ្លះ​ទើបត្រូវ​បញ្ជូន​មក​កាន់​ប្រទេស​កម្ពុជា​សម្រាប់​ដឹក​លោក ចូ បៃ​ឌិន ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន ។

The Beast គឺជា​រថពាសដែក​ល្បីឈ្មោះ​ដែល​ត្រូវ​បាន​ប្រើ​ជា​មធ្យោបាយ​សម្រាប់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​យូរ​ឆ្នាំ​មក​ហើយ​។​មក​ទល់​នឹង​ពេល​នេះ The Beast ចេញ​បាន​ពីរ​ជំនាន់​ហើយដោយ​ហៅ​ថា The Beast 2.0​។

ជំនាន់​ចុង​ក្រោយ​នេះ​បាន​ប្ដូរ​រូបរាង​ថ្មី និង​បន្ថែម​សមត្ថភាព​ការពារ​ខ្លាំងក្លា​ជាង​មុន​។​ចំពោះ​តម្លៃ​ចំណាយ​លើ​ការ​ស្រាវជ្រាវ និង​អភិវឌ្ឍ​រថយន្ត The Beast 2.0 បាន​ស្ថិត​ក្នុង​ការ​អភិវឌ្ឍ​អស់​រាប់​ឆ្នាំ​មក​ហើយ ហើយ​ការ​ចំណាយ​រាប់​លាន​ដុល្លារ​ទៅ​លើ​ការ​ស្រាវជ្រាវ និង​អភិវឌ្ឍ​ទើប​ធ្វើ​ឲ្យ​គេ​អាច​ផលិត​បាន​រថយន្ត​ដែល​រឹង​មាំ​ដូច​ជា រថក្រោះ​ដោយ​ទ្វារ​រថយន្ត​មាន​កម្រាស់​ដល់​២០​ស​.​ម​, កញ្ចក់​ដែល​អាច​បញ្ឈប់​គ្រាប់កាំភ្លើង A.44 Magmum, តួខ្លួន​ពាស​ដែក​កម្រាស់​១២,៧ ស​.​ម និង​បាត​រថយន្ត​ពាស​ដែក ដែល​អាច​ការពារ​ប្រធានាធិបតី​ពី​គ្រាប់បែកដៃ និង​ឮ​គ្រាប់បែក​ដែល​បោះ​ចូល​ក្រោម​រថយន្ត​បាន​។

មិនតែប៉ុណ្ណោះ​ធុង​ផ្ទុក​ប្រេងឥន្ធនៈ​ក៏​ពាស​ដែក​ដែរ ដោយ​វា​មាន​ផ្ទុក​នូវ​សារធាតុ​ហ្វូ​ម​ពិសេស ប្រសិនបើ​ធ្លុះធ្លាយ​កន្លែង​ណា​ហ្វូ​ម​នឹង​ទៅ​ផ្ចិត​រន្ធ​នោះ​ភ្លាម​។ ដោយសារ​ភាព​ខ្លាំង​ទាំង​ប៉ុន្មាន​ខាងលើ​ហើយ​ទើប​ធ្វើ​ឲ្យ​រថយន្ត​នីមួយ​ៗ​របស់​ប្រធានាធិបតី​ត្រូវ​ចំណាយ​១,៥​លាន​ដុល្លារ ដើម្បី​ផលិត​ឡើង​។ តម្លៃ​ថ្លៃ​ហើយ សូ​ម្បី​តែ​ប្រេងឥន្ធនៈ​ក៏​ស៊ី​ច្រើន​ដែរ​ដោយ​១០០ គីឡូម៉ែត្រ​ចំណាយ​ប្រេងឥន្ធនៈ​អស់​៥៨,៨​លី​ត្រ​ឯណោះ​។

ចំពោះ​ល្បឿន​រថយន្ត​ដឹក​ប្រធានាធិបតី​ដើម្បី​បង្កើន​សន្ទុះ​ដល់​១០០​គ​.​ម​/​ម៉​បាន​ត្រូវ​ប្រើ​ពេល​១៥​វិនាទី​ឯណោះ​។​ត្បិត​ថា រថយន្ត​អាច​បង្កើន​សន្ទុះ​យឺត ប៉ុន្តែ​អ្នកបើកបរ​ដែល​ជា​ភ្នាក់ងារ​សម្ងាត់ គឺ​ទទួល​បានការ​ហ្វឹកហាត់​ដ៏​ពិសេស​ដែល​អាច​ធ្វើ​ឲ្យ​រថយន្ត​ដ៏​ធ្ងន់​នេះ​បើក​ដូច​ជា រថយន្ត Ferrari យ៉ាង​អ៊ីចឹង​ដែរ​។​វគ្គ​បើកបរ​ពិសេស​ដែល​តៃកុង​បាន​ឆ្លងកាត់​នឹង​ធានា​ថា​គេ​អាច​បញ្ជា​រថយន្ត​ចេញពី​ស្ថានភាព​គ្រោះថ្នាក់​បាន​គ្រប់ពេល​។

ចំណែក​នៅ​ក្នុង​ក្បួន​ដង្ហែ​នីមួយ​ៗ​អ្នក​អាច​នឹង​ឃើញ​ថា មាន​រថយន្ត​ម៉ូ​ដែល​ប្រភេទ​នេះ​ប្រហែល ២-៣​គ្រឿង ដោយ​គេ​ប្រើ​វា​សម្រាប់​ដឹក​បុគ្គល​សំខាន់​ៗ ហើយ​អ្វី​ដែល​សំខាន់​ប្រើ​ជា​នុយ​។ ព្រោះ​ពេល​ដែល​រថយន្ត​ដូច​គ្នា​បង្ហាញខ្លួន​ក្នុង​ពេល​តែ​មួយ​នោះ​ឃាត​.​ក​មិន​អាច​កំណត់​បាន​ទេ​ថា រថយន្ត​មួយ​ណា​ដែល​ដឹក​ប្រធានាធិបតី​នោះ​ទេ​។

ជា​ទូទៅ​ពេល​ដែល​ប្រធានាធិបតី​អា​មេ​រិ​ក​ទៅ​កាន់​ប្រទេស​ណាមួយ​គេ​តែង​ប្រើ​យន្តហោះ​ចម្បាំង​របស់​កងទ័ព​អា​មេ​រិ​ក ដើម្បី​ដឹក​រថយន្ត The Beast ឲ្យ​ទៅ​ដល់​គោលដៅ​មុន ដើម្បី​ត្រៀម​សម្រាប់​ការ​មក​ដល់​របស់​ប្រធានាធិបតី​អា​មេ​រិ​ក​។​ចំពោះ​ក្បួន​ដង្ហែ​ប្រធានាធិបតី​អា​មេ​រិ​ក តែងតែ​មានការ​ចូលរួម​ពី​រថយន្ត​យ៉ាងតិច​បំផុត​១០​គ្រឿង ដើម្បី​ធានា​ឲ្យ​បាន​សុវត្ថិភាព​ខ្ពស់​។ ប៉ុន្តែ​ប្រសិនបើ​ស្ថិត​នៅ​តំបន់​ដែល​គេ​យល់​ថា មាន​គ្រោះថ្នាក់​ខ្ពស់ នោះ​ក្បួន​ដង្ហែ​កាន់តែ​ធំ ដោយ​អាច​មានការ​ចូលរួម​ពី​រថយន្ត​៤០​គ្រឿង បូក​រួម​នឹង​ម៉ូតូ​ជា​ច្រើន​គ្រឿង​ទៀត ។

ក្រៅពី​អង្កេត​មើល​មនុស្ស​ស្ថានភាព​នៅ​ជុំវិញ​ដោយ​មិន​ងាយ​នឹង​ប៉ប្រិចភ្នែក​ហើយ ភ្នាក់ងារ​ពិសេស​ទាំងអស់ ថែម​ទាំង​ស្ដាប់​រលក​សញ្ញា ដែល​អាច​ផ្ដល់​ជា​ការ​គំរាមកំហែង​ដល់​ប្រធានាធិបតី​ទៀត​ផង​។​ចំពោះ​មុខងារ​ពិសេស​ៗ និង​ទំនើប​របស់ The Beast រួម​មាន កាមេរ៉ា​សម្រាប់​មើល​ពេល​យប់​, គ្រាប់បែក​ទឹកភ្នែក​, ឧបករណ៍​ពន្លត់ អគ្គី​ភ័យ និង​អាច​ទប់ទល់​នឹង​ការ​វាយលុក​ដោយសារ​ធាតុគីមី​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ