ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បរិមាណ​ភ្ញៀវ​ទេសចរ​កូរ៉េ​ខាងត្បូងធ្លាក់​ចុះ ខណៈ​ប្រទេស​ចិន​ធ្វើ​ពហិការ

7 ឆ្នាំ មុន

ទីក្រុង​សេ​អ៊ូ​ល ៖ របាយការណ៍​ស្ថិតិ​បង្ហាញ​ថា វិស័យ​ទេសចរណ៍​របស់​កូរ៉េ​ខាងត្បូង​ត្រូវ​បាន​ប៉ះពាល់​ដោយ​ការ​ធ្វើ​ពហិការ​របស់​ចិន ព្រោះតែ​ការ​ដាក់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD របស់​សហរដ្ឋអាមេរិក​ក្នុង​ប្រទេស​នេះ

ទីក្រុង​សេ​អ៊ូ​ល ៖ របាយការណ៍​ស្ថិតិ​បង្ហាញ​ថា វិស័យ​ទេសចរណ៍​របស់​កូរ៉េ​ខាងត្បូង​ត្រូវ​បាន​ប៉ះពាល់​ដោយ​ការ​ធ្វើ​ពហិការ​របស់​ចិន ព្រោះតែ​ការ​ដាក់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD របស់​សហរដ្ឋអាមេរិក​ក្នុង​ប្រទេស​នេះ ដោយ​ចំនួន​ភ្ញៀវ​ទេសចរ​ជា​ច្រើន​ពី​ប្រទេស​ចិន​ធ្លាក់​ចុះ​៤០% ក្នុង​ខែមីនា កន្លង​មក ។

ប្រទេស​ចិន​បាន​ហាមឃាត់​ដំណើរ​កម្សាន្ត​ជា​ក្រុម​ទៅ​កាន់​កូរ៉េ​ខាងត្បូង ចាប់តាំងពី​ថ្ងៃ​ទី​១៥ មីនា មក​ម្ល៉េះ ព្រោះតែ​ប្រព័ន្ធ THAAD របស់​សហរដ្ឋអាមេរិក​ក្នុង​ប្រទេស​នេះ ។

សហរដ្ឋអាមេរិក និង​កូរ៉េ​ខាងត្បូង​និយាយ​ថា ពួក​គេ​ធ្វើ​បែប​នេះ​ដើម្បី​ការពារ​ខ្លួន​ប៉ុណ្ណោះ ប៉ុន្តែ​ប្រទេស​ចិន​ភ័យ​ខ្លាច​ថា វា​អាច​នឹង​ប៉ះពាល់​ដល់​សន្តិសុខ​របស់​ខ្លួន និង​ឆ្លើយ​តប​ដោយ​កំហឹង​ជាមួយ​ការ​ចេញ​វិធានការ​សងសឹក​ជា​ច្រើន ។

ជា​ធម្មតា ច្រើន​ជាង​ពាក់កណ្តាល​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​របស់​កូរ៉េ​ខាងត្បូង គឺ​មក​ពី​ប្រទេស​ចិន ប៉ុន្តែ​មាន​មនុស្ស​ប្រមាណ​៣៦​ម៉ឺន​នាក់​ប៉ុណ្ណោះ​ដែល​បាន​ទៅ​កាន់​ប្រទេស​នេះ​កាលពី​ខែ​មុន ខណៈខែ​ដដែល​ឆ្នាំ​មុន​មាន​ដល់​ទៅ​៦០​ម៉ឺន​នាក់​ឯណោះ ។

អង្គការ​ទេសចរណ៍​កូរ៉េ (KTO) និយាយ​ថា ចំនួន​ភ្ញៀវ​ទេសចរ​សរុប​បាន​ធ្លាក់​ចុះ​១១,២% បើ​ធៀប​នឹង​ឆ្នាំ​មុន មក​ស្មើ​ត្រឹម​១,២៣​លាន​នាក់ ។

អ្នកនាំពាក្យ​ម្នាក់​របស់​ក្រុមហ៊ុន Lotte និយាយ​ថា ការ​អន់​ថយ​នៃ​ដំណើរ​កម្សាន្ត​មក​កាន់​កូរ៉េ​ខាងត្បូង​របស់​ជនជាតិ​ចិន​នេះ ក៏​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ហាង​ទំនិញ​មិន​គិត​ពន្ធ​នៅ​កូរ៉េ​ខាងត្បូង​ផង​ដែរ ដែល​ជា​ធម្មតា អតិថិជន​ចិន​ត្រូវ​បាន​រាប់​បញ្ចូល​៧០%​នៃ​ការ​លក់​សរុប​របស់​ហាង​ទាំងនោះ ។

ហាង​ទំនិញ​មិន​គិត​ពន្ធ​របស់ Lotte មើលឃើញ​ការ​លក់​របស់​ពួក​គេ​ទៅ​កាន់​អតិថិជន​ចិន​ធ្លាក់​ចុះ​៤០% បើ​ធៀប​នឹង​ឆ្នាំ​មុន ។

ក្រុមហ៊ុន​មួយ​នេះ​ក៏​បាន​បិទ​ហាង​ចំនួន​៨៥ ក្នុង​ចំណោម​ហាង​៩៩​របស់​ខ្លួន​នៅ​ចិន​ផង​ដែរ ព្រោះតែ​មានការ​ធ្វើ​ពហិការ បន្ទាប់​ពី​ក្រុមហ៊ុន​នេះ​យល់​ស្រប​ថា ផ្តល់​ទីលាន​វាយ​កូន​ហ្គោ​ល​នៅ​កូរ៉េ​ខាងត្បូង ធ្វើ​ជា​កន្លែង​ដាក់​ប្រព័ន្ធ THAAD ។

ជា​លទ្ធផល វា​បង្ក​ឲ្យ​មានការ​ខាតបង់​ជា​ច្រើន និង​ត្រូវ​បាន​ព្យាករ​ថា ការ​ខាតបង់​នឹង​កើន​ដល់​១​ប៊ី​លាន​ដុល្លារ​ក្នុង​ឆមាស​ទី​១​ឆ្នាំ​នេះ ។

កូរ៉េ​ខាងត្បូង​បាន​ជួប​ប្រទះ​នឹង​បញ្ហា​បាត់បង់​ភ្ញៀវ​ទេសចរ​ចិន និង​ព្យាយាម​ចេញ​យុទ្ធនាការ​ផ្សព្វផ្សាយ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បន្ថែម​ពី​ប្រទេស​ដទៃ ជា​ពិសេស​ជប៉ុន និង​ប្រទេស​ក្នុង​អាស៊ី​អាគ្នេយ៍ ៕​