ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​របស់​ថៃ​កើនឡើង រក្សា​ទិស​ដៅ​កំណើនសេដ្ឋកិច្ច

6 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ការ​នាំ​ចេញ​កើនឡើង​កាលពី​ខែ​មុន បាន​បង្កើន​តម្លៃ​នាំ​ចេញ​នៅ​ត្រីមាស​ទី​១ ចំនួន​៤,៩% ស្មើនឹង​៥៦,៤៦​ប៊ី​លាន​ដុល្លារ ។ វា​ជា​ដំណើរការ​ល្អ​បំផុត​ក្នុង​រយៈពេល​៤​ឆ្នាំ​មកនេះ ដោយសារ​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​ចិន

ប្រទេស​ថៃ ៖ ការ​នាំ​ចេញ​កើនឡើង​កាលពី​ខែ​មុន បាន​បង្កើន​តម្លៃ​នាំ​ចេញ​នៅ​ត្រីមាស​ទី​១ ចំនួន​៤,៩% ស្មើនឹង​៥៦,៤៦​ប៊ី​លាន​ដុល្លារ ។ វា​ជា​ដំណើរការ​ល្អ​បំផុត​ក្នុង​រយៈពេល​៤​ឆ្នាំ​មកនេះ ដោយសារ​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​ចិន និង​ឥណ្ឌា មាន​កម្រិត​ខ្ពស់​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ ។

តាម​តួលេខ​ពី​ក្រសួងពាណិជ្ជកម្ម​បង្ហាញ​ថា ការ​នាំ​ចេញ​ក្នុង​ខែមីនា កើន​៩,២%​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ស្មើ​២០,៨៩​ប៊ី​លាន​ដុល្លារ ។

លោក Pimchanok Vonkorpon អគ្គនាយក​ការិយាល័យ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​របស់​ក្រសួងពាណិជ្ជកម្ម បាន​បង្ហាញ​ពី​ទំនុកចិត្ត​លើ​គោលដៅ​ឆ្នាំ​នេះ ដើម្បី​បង្កើន​ការ​នាំ​ចេញ​៥%​បន្ថែម​ទៀត ។

តម្លៃ​ប្រេង​ឆៅ​សកល​ត្រូវ​បាន​ព្យាករ​ថា នឹង​កើន​ឡើងជា​បណ្តើរ​ៗ​ក្នុង​កម្រិត​ពី​៥០ ទៅ​៦០ ដុល្លារ​ក្នុង​១​បារ៉ែល ហើយ​ប្រាក់​បាត​នឹង​មាន​តម្លៃ​ចន្លោះ​ពី​៣៥,៥ ទៅ​៣៧,៥​បាត បើ​ធៀប​នឹង​ប្រាក់​ដុល្លារ​អា​មេ​រិ​ក ។

មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ព្យាករ​ថា សេដ្ឋកិច្ច​ពិភពលោក នឹង​កើនឡើង​៣,៥%​នៅ​ឆ្នាំ​នេះ ខណៈ​ឆ្នាំ​មុន​កើនឡើង​៣,១% ។

ទោះជា​យ៉ាងណា លោក Pimchanok ឱ្យ​ដឹង​ថា ហានិភ័យ​ជា​សកល​សម្រាប់​កំណើន​នាំ​ចេញ​របស់​ថៃ ត្រូវ​តែ​ត្រួតពិនិត្យ​លើ​ឧបសគ្គ​ពាណិជ្ជកម្ម​, ភាព​តានតឹង​រវាង​សហរដ្ឋអាមេរិក និង​កូរ៉េ​ខាងជើង​លើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​នេះ ។

ការ​នាំ​ចេញ​កើនឡើង​ក្នុង​ខែមីនា ដោយសារ​វត្ថុធាតុដើម​ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​វិល​ត្រឡប់​ទៅ​កាន់​ទំនុកចិត្ត និង​កំណើន​វិនិយោគ ។ ថៃ​រីករាយ​នឹង​ផល​លើស​ពាណិជ្ជកម្ម​ចំនួន​១,៦២​ប៊ី​លាន​ដុល្លារ។

ចំណែក​នៅ​ត្រីមាស​ទី​១ ការ​នាំ​ចូល​កើនឡើង​១៤,៨% ស្មើនឹង​៥២,៤​ប៊ី​លាន​ដុល្លារ ដែល​មាន​ផល​លើស​ពាណិជ្ជកម្ម​៤,០៥​ប៊ី​លាន​ដុល្លារ ។

ក្នុង​ខែមីនា ការ​នាំ​ចេញ​ផលិតផល​កសិកម្ម និង​កសិឧស្សាហកម្ម​កើនឡើង​១២%​ពី​ឆ្នាំ​មុន ។ ការ​នាំ​ចេញ​ផលិតផល​ទាក់ទង​នឹង​ប្រេង​ឆៅ កើនឡើង​ស្រប​នឹង​កំណើន​តម្លៃ​ប្រេង​ឆៅ​ជាស​កល ។ រីឯ​ការ​នាំ​ចេញ​កៅស៊ូ​កើនឡើង​៩៥,៤% ។

ការ​នាំ​ចេញ​ទៅ​ប្រទេស​ចិន​ក្នុង​ខែមីនា កើនឡើង​៤៧,៦% នាំមុខ​ដោយ​ផលិតផល​កៅស៊ូ និង​គ្រឿង​ម៉ាស៊ីន ។ ការ​លក់​នៅ​អាស៊ី​ខាងត្បូង​គឺ​ប្រទេស​ឥណ្ឌា កើនឡើង​១៩,១% លើ​ផលិតផល​គីមី និង​រថយន្ត ។ សម្រាប់​ត្រីមាស​នេះ ការ​នាំ​ចេញ​ទៅ​ប្រទេស​ចិន​កើនឡើង​៣៦,៩% និង​អាស៊ី​ខាងត្បូង​កើនឡើង​២២,៨% ។

ការ​លក់​ទៅ​ប្រទេស​ជប៉ុន​, សហភាព​អឺរ៉ុប (​ប្រទេស​សេដ្ឋកិច្ច​ទាំង​១៥) និង​សហរដ្ឋអាមេរិក​កើនឡើង​១៤,៩%, ១០,២% និង​៧,១% នៅ​ខែមីនា រៀង​គ្នា ។ ចំពោះ​ប្រទេស CLMV ដូច​ជា កម្ពុជា ឡាវ មី​យ៉ា​ន់​ម៉ា និង​វៀតណាម កើនឡើង​១៨,១% ។ រីឯ​ការ​នាំ​ចេញ​ទៅ​កាន់​កូរ៉េ​ខាងត្បូង តៃវ៉ាន់ និង​ហុងកុង កើនឡើង​២៤,៧%, ២៧,១% និង​១០% រៀង​គ្នា ។

ការ​ធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​ក្នុង​ខែមីនា កើនឡើង​១៩% ស្មើនឹង​១២០,៤១​ប៊ី​លាន​បាត​ពី​មួយ​ឆ្នាំ​មុន ខណៈ​នៅ​ត្រីមាស​ទី​១ ពាណិជ្ជកម្ម​ឆ្លង​ដែន​កើនឡើង​៥,២% ស្មើ​៣១៥,៧២​ប៊ី​លាន​បាត៕