មេខ្យល់​ខ្មែរ​នាំ​ពលករ​ទៅ​បង្ខាំង​ទុក​លក់​នៅ​ប្រទេស​ថៃ


ខេត្ដ​ស្រះ​កែវ ៖ តាម​ប្រភព​ព័ត៌មាន​ពី​ព្រំដែន​ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី​២៤ មេ​សា​កន្លង​ទៅ​នេះ​បានឱ្យ​ដឹង​ថា កម្លាំងយោធា​ថៃ​អង្គភាព​លេខ​១២ សហការ​ជាមួយ​តម្រួត​ក្លង​លឹ​ក ខេត្ត​ស្រះ​កែវ បានចូល​ទៅ​សង្គ្រោះ​ពលករ​ខ្មែរ​ជា​ច្រើន​នាក់​ដែល​ត្រូវ​បាន​គេ​បង្ខាំង​ទុក​ក្នុង​បន្ទប់​នៃ​អគារ​ពាណិជ្ជ​មួយ មាន​កម្ពស់​២​ជាន់ ក្នុង​បរិវេណ​ផ្សារ​រុង​ក្លឿ​(​ផ្សារ​ជាយ​ដែន​ក្នុងស្រុក​អារញ្ញ​) ។

តាម​ប្រភព​បានឱ្យ​ដឹង​ថា កម្លាំង​តម្រួត​ថៃ បាន​ប្រើ​ឧបករណ៍​គាស់​ទ្វារ​ខាងក្រោយ​អគារ និង​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​នៅ​ពេល​ដែល​ឃើញ​មាន​ពលករ​ខ្មែរ​ប្រុស​-​ស្រី​រួម​ទាំង​ក្មេង​ៗ​អង្គុយ​ប្រជ្រៀត​គ្នា​ណែនណាន់តាន់តាប់​ដូច​ប្រអប់​ឈើគូស ទាំង​ជាន់​លើ​និង​ជាន់​ក្រោម សរុប​ចំនួន​៦៥​នាក់​។ ពេលធ្វើការ​ត្រួតពិនិត្យ​ពួក​គេ​សុទ្ធតែ​គ្មាន​ឯកសារ​ធ្វើ​ដំណើរ និង​ស្ថិត​ក្នុង​សភាព​ហេវ​ហត់​អស់កម្លាំង ព្រមទាំង​ភ័យ​ខ្លាច​ញ័រទទ្រើក​គ្រប់​គ្នា ។

ក្រោយ​ការ​ត្រួតពិនិត្យ​ទើប​ដឹង​ថា ទាំងអស់​គ្នា​ប្រុង​លួច​ទៅ​ធ្វើការ​នៅ​ទីក្រុង​បាងកក និង​ខេត្ត​សមុទ្រ​បាកាន ដោយ​មាន​មេខ្យល់​ជនជាតិ​ខ្មែរ​នៅ​ប៉ោយ​ប៉ែ​ត ជា​អ្នក​ទាក់ទង​និង​ឲ្យ​លួច​ចូល​មក​ក្នុង​ទឹកដី​ប្រទេស​ថៃ តាម​ច្រករបៀង ។

ពលករ​ខុសច្បាប់​ទាំងនោះ​បាន​ស្នាក់​នៅ​បណ្ដោះអាសន្ន​ក្នុង​អគារ​ខាងលើ​តាំងពី​ថ្ងៃ​ទី​២១ មេ​សា​មក​ម្ល៉េះ ដោយ​គេ​យក​ថ្លៃ​ឈ្នួល​នាំ​ផ្លូវ​ក្នុង​ម្នាក់​ៗ​ពី​២០០០​បាត​ទៅ​២៥០០​បាត និង​ប្រាប់​ថា​ឲ្យ​រង់ចាំ​សិន បន្តិចទៀត​នឹង​មាន​រថយន្ត​មក​ទទួល​ទៅ​ធ្វើការ ប៉ុន្តែ​រង់ចាំ​រយៈពេល​ជាង​៣​ថ្ងៃ​ហើយ នៅ​តែ​ប្រើ​ពាក្យ​រង់ចាំ​សិន​ដែល​មិន​មាន​រថយន្ត​ណា​មួ​ួ​យមក​ទទួល​នោះ​ឡើយ ។

បន្ទាប់​ពី​ពិនិត្យ​រួច សមត្ថកិច្ច​ថៃ បាន​នាំ​ខ្លួន​ពលករ​ខ្មែរ​ទាំងអស់​ទៅ​ឲ្យ​នគរបាល​អន្តោប្រវេសន៍​ខេត្ត​ស្រះ​កែវ យក​ទៅ​សួរនាំ​ដើម្បី​បញ្ជូន​មក​កម្ពុជា​វិញ ព្រមទាំង​តាម​ចាប់ខ្លួន​មេខ្យល់​ជា​ក្រុម​ជួញដូរ​មនុស្ស ជនជាតិ​ខ្មែរ​ដោយ​បាន​ទាក់ទង​មក​នគរបាល​អន្តោប្រវេសន៍​កម្ពុជា ប្រចាំ​ច្រក​ប៉ោយ​ប៉ែ​ត ឲ្យ​ជួយ​តាម​រក​ក្រុម​មេ​ខ្ស​ល់​ទាំងនោះ​យក​មក​ចាត់ការ​តាម​ផ្លូវច្បាប់ ។ មិន​សង្ឃឹមថា សមត្ថកិច្ច​ខាង​ខ្មែរ​ចាប់​មេ​ខ្ស​ល់​បាន​ឡើយ ព្រោះ​ពួក​គេ​ច្រើន​តែ​គិត​ប្រយោជន៍​ផ្ទាល់ខ្លួន​ច្រើន​ជាង​ធ្វើ​តាម​ច្បាប់ ។

ក្រោយ​សួរនាំ​សមត្ថកិច្ច​ថៃ បាន​ឲ្យ​ដឹង​ថា អគារ​ខាងលើ​ត្រូវ​បាន​ពលរដ្ឋ​កម្ពុជា​ជា​អ្នក​ជួល​ដើម្បី​លក់ដូរ តែ​នៅ​មិន​ទាន់​ឃើញ​មានការ​បើក​លក់​អ្វី​នោះ​ទេ គឺ​ឃើញ​តែ​បិទទ្វារ​រហូត ។

ជុំវិញ​ករណី​នេះ​សមត្ថកិច្ច​ថៃ​ក៏​ត្រៀម​កោះហៅ​ម្ចាស់​អគារ​មក​សាកសួរ​រក​អត្ដសញ្ញាណ​អ្នក​ជួល​ផង​ដែរ ព្រោះ​នេះ​ជា​ល្បិច​ជួល​អគារ​សម្រាប់​ជួញដូរ​មនុស្ស​ល្មើសច្បាប់ ។
មិន​ទាន់​អាច​ស្វែងរក​ការ​បំ​ភ្លី​ពី​នគរបាល​អន្ដោប្រវេសន៍​ប៉ោយ​ប៉ែ​ត​បាន​នៅឡើយ​ទេ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ