ខេត្តកំពង់ចាម-ត្បូងឃ្មុំ ៖ តំបន់ប្រវត្តិសាស្ត្រហ្លួងព្រះស្ដេចកន ស្ថិតនៅឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានរៀបចំព្រឹត្តិការណ៍ប្រណាំងទូក.ង ដោយធ្វើឡើងនារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានមនុស្សម្នាបានចូលរួមទស្សនាច្រើនកុះករ។ ចំណែកកម្លាំងសមត្ថកិច្ចវិញ ក៏បានយកចិត្តទុកដាក់ខិតខំពង្រឹងការពារសន្តិសុខ និងសណ្ដាប់ធ្នាប់បានល្អប្រសើរទៀតផង។
![Picture]()
ព្រះបុណ្ណសោភ័ណ ជឺ សំណាង ព្រះចៅអធិការវត្តឥន្ទកោសី (ចុងកោះជ្រូក) ស្ថិតនៅឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានថេរៈដីកាឲ្យដឹងថា ទូក.ង «ពេជ្រកែវមុន្នីសែនជ័យបារមីកោះសំរោង» មានចំណុះទូកចំនួន២២នាក់ ជាប្រភេទទូក.ងខ្នាតអន្តរជាតិ បានចូលរួមប្រណាំងនៅហ្លួងព្រះស្ដេចកន ដោយអុំចំនួន៣លើក លើចម្ងាយ៨០០ម៉ែត្រ ប្រើថេរវេលាជាង២នាទី ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោម២៨ទូក.ង នេះទើបតែលើកទីមួយនៅក្នុងទឹកដីខេត្តត្បូងឃ្មុំ។
![Picture]()
ព្រះចៅអធិការវត្តចុងកោះជ្រូក មានថេរៈដីកាបន្តថា ប្រភេទទូក.ងខ្នាតអន្តរជាតិនេះ ត្រូវបានបង្កើតឡើងរហូតមកដល់ពេលនេះ គឺមានរយៈពេល១២ឆ្នាំមកហើយ។ ជាមួយនោះ ពេលចេញព្រះវស្សាកន្លងទៅ បានចូលរួមប្រកួតប្រជែងអុំប្រណាំងគ្នាជាមួយនឹងទូក.ងផ្សេងទៀតនៅមាត់ទន្លេក្រុងកំពង់ចាម ដោយទទួលបានចំណាត់ថ្នាក់លេខ២។ ចំពោះចំណុះទូក.ង គឺសុទ្ធសឹងតែមានបទពិសោធន៍ និងចេះហែលទឹកទាំងអស់គ្នា។
![Picture]()
ព្រះចៅអធិការវត្តចុងកោះជ្រូក មានថេរៈដីកាបន្តថា កោះសំរោង ហ៊ុមព័ទ្ធទៅដោយទឹកទន្លេជុំវិញ ដោយមានការស្នើសុំពីរដ្ឋបាលខេត្តត្បូងឃ្មុំ សូមឱ្យទូក.ងវត្តចុងកោះជ្រូក ទៅចូលរួមប្រណាំងនៅតំបន់ប្រវត្តិសាស្ត្រហ្លួងព្រះស្ដេចកន ក្នុងស្រុកពញាក្រែក ដោយពេលវេលានៅសល់ប្រមាណជិតមួយខែក្រោមការដឹកនាំរបស់ព្រះអង្គផ្ទាល់បានឱ្យក្រុមជំនួសទូក.ងទាំងអស់ខិតខំយកចិត្តទុកដាក់នាំគ្នាហ្វឹកហាត់បំប៉នកម្លាំងឲ្យកាន់តែខ្លាំងក្លា ដើម្បីសម្រេចគោលដៅទទួលនូវភាពជោគជ័យ។ ទីបំផុតទូក.ងរបស់វត្តចុងកោះជ្រូក បានចូលរួមប្រណាំងជាមួយនឹងបណ្ដាទូក.ងខ្នាតអន្តរជាតិផ្សេងទៀត ដែលធ្វើឡើងនារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ គឺទទួលបានជោគជ័យដ៏ត្រចះត្រចង់ គឺចំណាត់ថ្នាក់លេខ១ ទទួលបានពានរង្វាន់នៅថវិកាចំនួន២លាន៥សែនរៀល។ បន្ថែមពីលើត្រូវបានឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញទៅចូលរួម និងលើកទឹកចិត្តដល់ក្រុមកីឡាករ ដោយឧបត្ថម្ភថវិកាបន្ថែម១លានរៀលទៀតផងដែរ។
![Picture]()
ព្រះចៅអធិការវត្តចុងកោះជ្រូក បញ្ជាក់ថា ជាមួយនឹងជោគជ័យនេះ ត្រូវបានឯកឧត្តមបណ្ឌិតជាម ចាន់សោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ ក៏ដូចជាឯកឧត្តមអភិបាលខេត្តកំពង់ចាម ក៏បានស្នើសុំឱ្យទូក.ងចុងកោះជ្រូក ចូលរួមកម្មវិធីប្រណាំងទូក.ង បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដោយធ្វើឡើងនៅតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រដដែលនាឆ្នាំ២០២៣ ខាងមុខ។
![Picture]()
សូមបញ្ជាក់ថា ពេលដឹកទូក.ងត្រឡប់មកដល់វត្តចុងកោះជ្រូកវិញ នាយប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រជាពលរដ្ឋ ព្រមទាំងពុទ្ធបរិស័ទច្រើនកុះករ បាននាំគ្នាអបអរសាទរសប្បាយរីករាយដោយឃើញទទួលបានពានរង្វាន់លេខ១ បន្ទាប់មកទៀតក៏បានរៀបចំពិធីអកអំបុកទៅតាមប្រពៃណីផងដែរ។
![Picture]()
លោកអ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ មានប្រសាសន៍ឱ្យដឹងដែរថា ចំពោះកម្មវិធីដែលប្រព្រឹត្តទៅនៅហ្លួងព្រះស្ដេចកន គឺមានទូក.ងខ្នាតអន្តរជាតិចំនួន២៨ទូក, ទូកផ្កាចារចំនួន៤ទូក, ទូកត្នោតចំនួន៦ទូក និងខ្ទះអុំចំនួន១៤ ហើយបើតាមការសង្កេតដោយផ្ទាល់ គឺមានមនុស្សក្មេងចាស់ប្រុសស្រីមកចូលរួមទស្សនាយ៉ាងណែនណាន់តាន់តាប់ក្នុងបរិយាកាសសប្បាយរីករាយ ក្រោយពីជំងឺកូវីដបានស្ងប់ស្ងាត់។
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ