ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យចំនួន២នាក់ រួមនឹងវត្ថុតាងមានក្របីចំនួន៤ក្បាល ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ក្តុលសែនជ័យ និងនគរបាលប៉ុស្តិ៍អញ្ចាញរូង សហការជាមួយប្រជាការពារធ្វើការចាប់ឃាត់បាននៅវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចព្រែកជីក ស្ថិតក្នុងភូមិអញ្ចាញ ឃុំក្តុលសែនជ័យ ស្រុកទឹកផុស។
![Picture]()
លោក ខែម វិបុល អធិការនគរបាលស្រុកទឹកផុស បានឲ្យដឹងថា ជនសង្ស័យជាមុខសញ្ញាធ្វើសកម្មភាពលួចក្របីទាំង២នាក់ខាងលើនេះ ម្នាក់មានឈ្មោះ ម៉េន បាន អាយុ៣១ឆ្នាំ និងម្នាក់ទៀតឈ្មោះ ឈុន ដានិតុ អាយុ២៧ឆ្នាំ ពួកគេទាំង២នាក់មានទីលំនៅភូមិអណ្ដូងតាជោ ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ចំណែកវត្ថុតាងដែលរឹបអូសយកបានវិញ មានក្របីចំនួន៤ក្បាល ក្នុងនោះកូនក្របីឈ្មោល១ក្បាល។
![Picture]()
ប្រភពដដែលបានបន្តថា ក្របីទាំង៤ក្បាលខាងលើនេះ គឺជាកម្មសិទ្ធិរបស់ម្ចាស់ទី១- ឈ្មោះ យ៉ែម សុខភឿន អាយុ៤៤ឆ្នាំ មានក្របីមេ១ក្បាល និងកូនក្របីឈ្មោល១ក្បាល, ម្ចាស់ទី២- ឈ្មោះ ឆៅ អាត មានមេក្របី១ក្បាល និងម្ចាស់ទី៣- ឈ្មោះ អ៊ុន អាយុ៧៦ឆ្នាំ មានក្របីមេ១ក្បាល។
![Picture]()
ជនសង្ស័យទាំង២នាក់ខាងលើនេះ ក្រោយពីបញ្ជូនមកដល់ស្នងការនគរបាលខេត្ត បានសារភាពនៅចំពោះមុខមន្ត្រីនគរបាលការុតាល័យព្រហ្មទណ្ឌកំរិតស្រាលថា ពួកគេបានប្រព្រឹត្តបែបនេះនៅខេត្តកំពង់ឆ្នាំងចំនួន២ដងរួចមកហើយ។
ក្រោយស្តាប់ចម្លើយសារភាពរួច សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យជាមុខសញ្ញាលួចក្របី រួមនឹងវត្ថុតាងទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ