ខេត្តកណ្តាល ៖ គ្រោះបាក់ច្រាំងទន្លេមេគង្គក្រោម បណ្តាលឲ្យដាច់ផ្លូវលេខ14 ចូលទៅកាន់ច្រកទ្វារអន្តរជាតិ (កម្ពុជា-វៀតណាម) ក្អមសំណមួយកន្លែង នៅចំណុចភូមិបឹងលើ ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល និងផ្ទះពលរដ្ឋចំនួន2គ្រួសារត្រូវបង្ខំចិត្តរុះរើបណ្តើរៗ។
សមត្ថកិច្ចប៉ុស្តិ៍ឃុំខ្ពបអាទាវ ឲ្យដឹងថា គ្រោះបាក់ច្រាំងនេះបានចាប់ផ្តើមបាក់តាំងពីវេលាម៉ោង07ព្រឹក ថ្ងៃទី16 ខែមេសា ដែលជាថ្ងៃទី3 ចុងក្រោយនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រហូតមកដល់ថ្ងៃទី18 ខែមេសា មានទំហំប្រហែល40×60ម៉ែត្រ ហើយអាជ្ញាធរស្រុកក៏បានចុះមកពិនិត្យមើល2ដងហើយដែរ។ រហូតមកដល់ព្រឹកថ្ងៃទី១៩ មេសា នេះ ស្ថានភាពមាត់ទន្លេមេគង្គក្រោម ចាប់ផ្តើមប្រេះបន្ថែមទៀតចាប់៦ទៅ៧ម៉ែត្រជិតរបងផ្ទះរបស់ប្រជាពលរដ្ឋ ។
ប្រជាពលរដ្ឋម្ចាស់ផ្ទះ2គ្រួសារដែលបង្ខំចិត្តរុះរើបានប្រាប់ថា ចំណុចបាក់ដាច់ផ្លូវនេះរយៈពេលជិត5ឆ្នាំហើយ ដោយបានចំណាយថវិកាជាតិអស់រាប់លានដុល្លារជួសជុលនៅមិនទាន់រួចរាល់ផង ក្រុមអ្នកជំនាញរត់ចោលបាត់អស់ តែឥឡូវបាក់បន្តទៀតមកដល់មុខកៀកផ្ទះរបស់ពួកគាត់ ទើបពួកគាត់បង្ខំចិត្តរុះរើ ព្រោះខ្លាចមានគ្រោះថ្នាក់។ ពលរដ្ឋលើកឡើងទៀតថា គ្រោះបាក់ច្រាំងនេះ បានបាក់សង្កត់ទូកនេសាទមួយគ្រឿងលិចបាត់។
ទោះយ៉ាងណា ពលរដ្ឋជាច្រើនសូមសំណូមពរយ៉ាងទទួចដល់ប្រមុខរាជរដ្ឋាភិបាលមេត្តាជួយសិក្សាធ្វើផ្លូវវាងឲ្យបានលឿន ព្រោះផ្លូវនេះមានសារសំខាន់ណាស់សម្រាប់ប្រជាកសិករដឹកជញ្ជូនកសិផលយកទៅលក់នៅប្រទេសជិតខាង ហើយកាលណាដាច់ផ្លូវនេះដូចផ្តាច់ជីវិតរបស់ពួកគាត់អញ្ចឹង។ ពិសេសទៅទៀតផ្លូវនេះ គឺជាផ្លូវថ្នល់ជាតិលេខ14 ចូលទៅកាន់ច្រកទ្វារអន្តរជាតិក្អមសំណ ដែលមានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចេញចូល និងជាច្រកសេដ្ឋកិច្ចដ៏សំខាន់ កាលណាដាច់ផ្លូវអញ្ចឹងធ្វើឲ្យច្រកទ្វារអន្តរជាតិមួយនេះមានសភាពស្ងាត់ស្រងំដូចចោរលួចសេះ នាំឲ្យបាត់បង់នូវចំណូលថវិកាជាតិយ៉ាងធ្ងន់ធ្ងរ។
ពលរដ្ឋបន្តទៀតថា កន្លងមកពួកគាត់ឮតែមន្ត្រីជំនាញ និងអាជ្ញាធរស្រុកប្រាប់ថា កំពុងសិក្សាធ្វើផ្លូវវាង ប៉ុន្តែរយៈពេល4ទៅ5ឆ្នាំហើយ មិនទាន់ឃើញមានផ្នែកណាមួយចុះមកជួបចរចាពីផលប៉ះពាល់ជាមួយប្រជាពលរដ្ឋនៅឡើយទេ។ ពលរដ្ឋបន្តថា កាលពីដាច់ថ្នល់សារមុនពួកគាត់ខំបរិច្ចាគចំណាយដីឡូម្នាក់7ទៅ8ម៉ែត្រ ធ្វើផ្លូវវាងសម្រាប់អ្នកធ្វើដំណើរ បែរជាមានសមត្ថកិច្ចខ្លះមកដាក់បារ៉ាស់កាក់រថយន្ត ឬម៉ូតូរ៉ឺម៉កដឹកទំនិញយកលុយដាក់ហោប៉ៅទៅវិញ។ មកដល់ពេលនេះ បើអាជ្ញាធរក្រសិក្សាធ្វើផ្លូវវាងពួកគាត់គិតថា ចង់សហការគ្នា សូមអាជ្ញាធរធ្វើវាងខ្លួនឯង ប៉ុន្តែតម្រូវឲ្យរថយន្ត និងម៉ូតូរ៉ឺម៉កដឹកទំនិញចេញ-ចូលបង់លុយឲ្យពួកគាត់វិញ។
ពាក់ព័ន្ធគ្រោះបាក់ច្រាំងទន្លេមេគង្គក្រោមនេះ អ្នកយកព័ត៌មានយើងមិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោក នូវ សំណាង អភិបាលស្រុកលើកដែកបានទេ ព្រោះគ្មានការឆ្លើយតប៕
ចែករំលែកព័តមាននេះ