អ្នកទស្សនវិជ្ជាពុទ្ធសាសនាបានទូន្មានថា បើអ្នកដទៃធ្វើគុណ ធ្វើសេចក្តីល្អមកលើខ្លួន ចូរចងចាំជាប់ក្នុងចិត្តជានិច្ច និងមិនត្រូវយកទោសទៅសងគុណឡើយ បើមិនអាចតបស្នងសងគុណគេវិញទេនោះ ហើយក៏មិនត្រូវបំភ្លេចគុណគេចោលដែរ ។ ខាងក្រោមនេះជាទស្សនទាន៩ចំណុចដែលមនុស្សល្អប្រតិបត្តិដ៏ស៊ីជម្រៅ៖

១. បើអ្នកដទៃធ្វើគុណ ធ្វើសេចក្តីល្អមកលើខ្លួន មនុស្សល្អតែងតបស្នងសងគុណបុគ្គលនោះវិញ ។
២. បើអ្នកដទៃធ្វើគុណ ធ្វើសេចក្តីល្អមកលើខ្លួន មនុស្សល្អតែចងចាំ និងមិនដែលយកទោសទៅសងគុណឡើយ ។
៣. បើគេទុកចិត្តយើង មនុស្សល្អតែងមិនធ្វើឱ្យគេបាត់បង់នូវទំនុកចិត្តនោះឡើយ ។
៤. បើគេស្រលាញ់ដោយភាពស្មោះត្រង់ មនុស្សល្អតែងតបនូវសេចក្តីស្រលាញ់ដល់គេវិញនិងមិនដែលធ្វើឱ្យគេខកចិត្តឡើយ ។

៥. បើចង់ឱ្យមនុស្សល្អ និងមានសមត្ថភាពនៅក្បែរអ្នក ឬនៅជាមួយនឹងអ្នក អ្នកក៏ត្រូវតែខិតខំ ព្យាយាម ប្តេជ្ញាចិត្ត សាងខ្លួនឯងឱ្យក្លាយទៅជាមនុស្សល្អ និងមានសមត្ថភាពម្នាក់ដូចគេដែរ ។
៦. ត្រូវខិតខំ ព្យាយាម ធ្វើនូវទង្វើល្អ ដោយកាយ វាចា និងចិត្ដ ព្រមទាំងសេពគប់តែកល្យាណមិត្ត វៀរចាកនូវបាបមិត្ត និងអំពើអបាយមុខផ្សេងៗ ។
៧. នៅក្នុងស្ថានភាពដ៏អាក្រក់បំផុត បើសិនជាអ្នកត្រូវតែក្បត់ អ្នកអាចក្បត់នរណាៗបានទាំងអស់ ប៉ុន្តែចូរកុំក្បត់មនសិការ ឬឧត្តមគតិរបស់ខ្លួនឯង គឺកុំក្បត់ខ្លួនឯង កុំក្បត់ប្រទេសជាតិ ឬជាតិសាសន៍របស់ខ្លួនឯងឱ្យសោះ ។

៨. បើសិនជាអ្នកទៅរស់នៅក្នុងប្រទេសណា ឬស្ថាប័នណា ចូរកុំបង្កអសន្តិសុខ ឬភាពគ្មានសណ្តាប់ធ្នាប់ និងចូរកុំប្រព្រឹត្តបំពានច្បាប់ ឬវិន័យនៅក្នុងប្រទេស ឬស្ថាប័ននោះឱ្យសោះ ពីព្រោះច្បាប់មិនត្រូវបំពាន និងគុណផ្តល់ជម្រកស្នាក់អាស្រ័យ រស់នៅដោយសមស្របក្នុងតម្លៃជាមនុស្សជាតិ ។
៩. នៅក្នុងទំនាក់ទំនងល្អ មិនមានភាគីណាមួយដែលត្រូវបង់ខាតជាងភាគីណាមួយដទៃទៀតឡើយ ។
សូមជួយពិចារណានិងស្វែងយល់ឱ្យបានហ្មត់ចត់ និងបែបស៊ីជម្រៅទៅក្នុងទស្សនៈទាំង៩ចំណុចនេះ ដើម្បីបានជាគុណប្រយោជន៍ដល់ខ្លួនឯងផង និងអ្នកដទៃផង ៕
ចែករំលែកព័តមាននេះ