ខេត្តតាកែវ ៖ កាលពីពេលថ្មីៗនេះ មានសាព័ត៌មានជាច្រើនបានផ្សាយរឿងដីទួលលិចទឹក៤៥ហិកតាការពារដោយព្រះរាជក្រឹត្យ ត្រូវបានក្រុមឈ្មួញឈូសឆាយយកធ្វើជាកម្មសិទ្ធិអស់ទៅហើយ ដោយគ្មានវិធានការទប់ស្កាត់ពីលោក ញឹប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទដុះស្លែម្នាក់ ហើយលោកប្រធានមន្ទីររូបនេះ មិនមានការបំភ្លឺជាសាធារណៈនោះទេ បែរជាប្ដឹងអ្នកកាសែតទៅស្នងការដ្ឋាននគរបាលខេត្តតាកែវទៅវិញ។ គាត់អាងធ្វើមន្ត្រីមានអំណាច បានជាអាងប្តឹង!… ហេ! ហេ!

បើយោងតាមសម្តីលោក មាស តេន ស្នងការរងទទួលផែនសន្តិសុខ នៃស្នងការនគរបាលខេត្តតាកែវ បានអោយដឹងថា ពិតជាមានបណ្ដឹងប្ដឹងអ្នកកាសែតមែន ជុំវិញការផ្សាយរឿងដីទួលចំនួន៤៥ហិកតា នៅស្រុកអង្គរបុរី ហើយលោកកំពុងកោះហៅអ្នកកាសែតរូបនោះអោយចូលបំភ្លឺហើយ។
គួរបញ្ជាក់ថា ដីទួលលិចទឹកចំនួន៤៥ហិកតា ការពារដោយអនុក្រឹត្យអាចនឹងរលាយត្រឹមលោក ញឹប ស្រ៊ន ប្រធានមន្ទីរកសិកម្មខេត្តតាកែវ ដ៏យូរអង្វែងចាស់វស្សាម្នាក់នេះ។
មហាជនបានលើកឡើងថា លោក ញឹប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តតាកែវ អសមត្ថភាពក្នុងការបំពេញតួនាទី ភារៈកិច្ច រឿងការពារទ្រព្យសម្បត្តិរបស់រដ្ឋ រួមមានដីទួលលិចទឹកចំនួន៣កន្លែង ស្មើនឹង៤៥ហិកតា នៅស្រុកអង្គរបុរី បច្ចុប្បន្នដីទាំងអស់នោះ ត្រូវបានក្រុមឈ្មួញគ្រប់គ្រងធ្វើជាកម្មសិទ្ធិអស់ទៅហើយ។

យោងតាមសម្ដីពលរដ្ឋរស់នៅស្រុកអង្គរបុរី បានអោយដឹងថា ដីទួលឡាំងកាក មានទំហំ៣០ហិកតា, ដីទួលកាំភ្លើ.ងធំ មានទំហំ៧ហិកតា និងដីទួលក្របីកូន មានទំហំ៨ហិកតា ការពារដោយព្រះរាជក្រឹត្យ ត្រូវបានក្រុមឈ្មួញឈួសឆាយអោយរាបស្មើ ដើម្បីធ្វើជាកម្មសិទ្ធិខ្ទេចអស់ទៅហើយ ដោយមិនបានរំខានដល់អាជ្ញាធរពាក់ព័ន្ធនោះទេ ជាពិសេសលោក ញឹប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ដឹងហើយ តែលោកគ្មានចំណាត់ការនោះឡើយ។
ប្រភពពីប្រជាពលរដ្ឋបានអោយដឹងទៀតថា រឿងដីនៅតំបន់ខាងលើនេះ ពលរដ្ឋតូចតាចទៅឈួសឆាយធ្វើស្រែមិនបាននោះទេ គឺមានក្រុមកូនចៅរបស់លោក ញឹប ស្រ៊ន ចុះទៅចាប់ ឬដកយកសម្ភារៈភ្លាមៗ តែបើក្រុមអ្នកមានលុយគេឈួសឆាយ គេសង្កេតមើលមិនមានក្រុមលោក ញឹប ស្រ៊ន ចុះទៅហាមឃាត់ទេ។
ប្រភពពីប្រជាពលរដ្ឋបានអោយដឹងទៀតថា ហាងឆេងដីនៅតំបន់ខាងលើ កំពុងមានតម្លៃដោយក្នុង១ហិកតាចាប់ពី៥០០០០ដុល្លារឡើងទៅ ហើយបើដីរដ្ឋចំនួន៤៥ហិកតាពិតជាគ្រប់ទឹកហើយ ចឹងតើទើបលោក ញឹប ស្រ៊ន មិនព្រមចាត់វិធានការសោះចំពោះករណីនេះ។

ក្រុមពលរដ្ឋលើកឡើងថា រដ្ឋមន្ត្រីក្រសួងកសិកម្ម ត្រូវបានបញ្ចប់តួនាទីជាបណ្ដើរៗហើយដូច្នេះពួកគាត់ស្នើដល់រដ្ឋមន្ត្រី នៃក្រសួងកសិកម្មឡើងកាន់ដំណែងថ្មី មេត្តាស្រាវជ្រាវយកដី៤៥ហិកតា ការពារដោយព្រះរាជក្រឹត្យ មកទុកជាសម្បត្តិរដ្ឋវិញ ចំណែកអ្នកពាក់ព័ន្ធត្រូវតែចាត់វិធានការតាមផ្លូវច្បាប់ ជាពិសេសមន្ត្រីពាក់ព័ន្ធ។
ជុំវិញករណីខាងលើនេះ អ្នកយកព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោក ញឹប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តតាកែវ បានទេ ដោយសារទូរស័ព្ទតេមិនចូល។
មហាជនរង់ចាំមើលចំណាត់ការបន្តទៀត ដែលគេជឿជាក់ថា លោកអភិបាលខេត្តនឹងប្រើកណ្ដាប់ដៃដែកលើរឿងនេះ មិនខានឡើយ ។
ពេលណាមានការបំភ្លឺពីលោកប្រធានដុះស្លែ យើងនឹងផ្សាយជូនបន្តទៀត។
ព័ត៌មានបន្ថែមនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាព ។



ចែករំលែកព័តមាននេះ