ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​យុវតី​ស្រស់​ស្អាត​៣​នាក់​ភ័យ​ស្លន់​រអិល​បុក​ចូល​ហាង ក្រោយ​ត្រូវ​យុវជន​១​ក្រុម​ដេញ​កា​.​ប់

1 ឆ្នាំ មុន
  • ភ្នំពេញ

យុវជន​យុវតី​ដ៏​ស្រស់​ស្អាត​ចំនួន​៣​នាក់​បាន​រង​របួស​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ បន្ទាប់​ពី​ត្រូវ​យុវជន​ចំនួន​៨​នាក់ ជិះ​ម៉ូតូ​៤​គ្រឿង​ដេញ​តាម​កា​.​ប់​ធ្វើ​ឲ្យ​ផិត​ភ័យ​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យុវជន​យុវតី​ដ៏​ស្រស់​ស្អាត​ចំនួន​៣​នាក់​បាន​រង​របួស​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ បន្ទាប់​ពី​ត្រូវ​យុវជន​ចំនួន​៨​នាក់ ជិះ​ម៉ូតូ​៤​គ្រឿង​ដេញ​តាម​កា​.​ប់​ធ្វើ​ឲ្យ​ផិត​ភ័យ​ចាប់​ហ្វ្រាំង​មិន​ជាប់​ក៏​រអិល​ទៅ​បុក​ចូល​ហាង​មួយ​កន្លែង បណ្តាល​ឲ្យ​រង​ការ​ខូចខាត​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២២ នៅ​តាម​បណ្តោយ​ផ្លូវ​មហាវិថី​ព្រះ​សុធារស ចំណុច​ហាង​សាច់​អាំង​បែប​ចិន ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

យោង​តាម​ប្រភព​ពី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ ពួក​គេ​បាន​ជិះ​ម៉ូតូ​ម៉ាក Honda Scoppy ពណ៌​ស​ផ្កាឈូក ពាក់​ស្លាក​លេខ ភ្នំពេញ 1JC.3472 ទើបតែ​ចេញ​មក​ពី​ហាង​ញ៉ាំ​អី​មួយ​កន្លែង ក្នុង​គោលបំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ ខណៈ​ពេល​ដែល​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​ដល់​ចំណុច​សួនច្បារ​វត្ត​បុ​ទុម​វ​ត្តី ក៏​ស្រាប់តែ​លេចមុខ​ក្រុម​ជន​បង្ក ដែល​មាន​គ្នា​ចំនួន​៨​នា ក់​ជិះ​ម៉ូតូ​៤​គ្រឿង ប្រដាប់​ដោយ​កាំបិត​បុ័ងតោ​គ្រប់​ដៃ ជិះ​សំដៅ​ទៅ​រក​ពួក​គេ​។

ជន​រង​គ្រោះ​បន្ត​ថា ភ្លាម​ៗ​នោះ ពួក​គេ​ក៏​បាន​បត់​ម៉ូតូ​បក​ក្រោយ ដើម្បី​ជិះ​រត់គេច​ខ្លួន លុះ​មក​ដល់​ចំណុច​ខាង​មុខ​ប៉ុស្តិ៍​នគរបាល​ទន្លេបាសាក់ បំណង​ដើម្បី​ទៅ​ប្រាប់​កម្លាំង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរា​គម៍ ប៉ុន្តែ​ស្រប​ពេល​នោះ​ដោយសារ​តែ​បើក​លឿន​ពេក ហើយ​ណាមួយ​ភ័យ​ខ្លាច​ផង​នោះ ក៏​បាន​ចាប់​ហ្វ្រាំង​រ​អិស​ដួល​ជ្រុល​ទៅ​បុក​ចំ​ពីក្រោយ​កង់​បី​ឥណ្ឌា ផ្នែក​ខាងស្តាំ រង​ការ​ខូចខាត ចំណែក​ម៉ូតូ​វិញ​នៅ​មិន​ទាន់​អស់​ល្បឿន ក៏​ជ្រុល​ទៅ​បុក​ចង្ក្រាន​អាំង​សាច់​ហាង​ចិន​មួយ​កន្លែង​បន្ថែម​ទៀត ធ្វើ​ឱ្យ​រង​ការ​ខូចខាត និង​បណ្តាល​ឲ្យ​យុវតី​ចំនួន​២​នាក់​រង​របួស​ធ្ងន់ធ្ងរ បន្ទាប់​មក​ត្រូវ​បាន​រថយន្ត​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​។

បច្ចុប្បន្ន នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់ បាន​ប្រាប់​អោយ​ជន​រង​គ្រោះ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ចតុមុខ ដើម្បី​ងា​.​យ​ស្រួល​ឲ្យ​ខាង​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​រកមុខ​ជន​បង្ក​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ