ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យប់​សុបិន​ច្រើន មន្ត្រី​បក្ស​កាន់​អំណាច​ថា លោក កឹ​ម សុខា ដើរ​ទិញ​សន្លឹក​ឆ្នោត​បណ្តាក់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​លោក កឹ​ម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ទស្សនកិច្ច​នៅ​ក្រៅប្រទេស​ដើម្បី​ជួប​ជាមួយ​សកម្មជនគាំទ្រ​ខ្លួន​នោះ

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​លោក កឹ​ម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ទស្សនកិច្ច​នៅ​ក្រៅប្រទេស​ដើម្បី​ជួប​ជាមួយ​សកម្មជនគាំទ្រ​ខ្លួន​នោះ អ្នកនាំពាក្យ​គណបក្សកាន់អំណាច​បាន​ចំអក​ថា លោក កឹ​ម សុខា កំពុង​តែ​ដើរ​ទិញសន្លឹក​ឆ្នោត​បណ្តាក់ ។

លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​បាន​សរសេរ​ឱ្យ​ដឹង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​នា​ថ្ងៃ​ទី​៩ ខែមេសា ថា ការ​និយាយ​ថា មាន​គេ​ធ្វើការ​ស្ទាបស្ទង់​មតិ​ថា គណបក្សប្រឆាំង​នឹង​ឈ្នះ​ឆ្នោត មិនមែន​ជា​រឿង​ចម្លែក​ទេ ។ ចាប់​តាំង​បង្កើត​គណបក្ស​មក សម រ​ង្ស៊ី តែងតែ​និយាយ​ថា​ឈ្នះ​រហូត ក៏​ប៉ុន្តែ​ការ​ពិត​ជាក់ស្តែង សម រ​ង្ស៊ី មាន​ដែល​ឈ្នះ​កាលណា ឃើញ​តែ​ចាញ់​រហូត​ជាង​២០​ឆ្នាំ​ហើយ ។ លោក​បន្ត​ថា ដូច្នេះ​ការ​និយាយ​របស់​លោក កឹ​ម សុខា ក៏​គ្មាន​អ្វី​ប្លែក​ជាង សម រ​ង្ស៊ីដែរ ដូច​តែ​គ្នា​ហ្នឹង ។

បើ​មិន​និយាយ​ថា​ឈ្នះ ធ្វើ​ម៉េច​អ្នក​នៅ​ឯ​បរទេស គេ​ជួយ​លុយកាក់​មក​ធ្វើ​ការងារ​នយោបាយ? យើង​ដឹង​ហើយ​ថា អ្នក​ខាងក្រៅ គេ​ក៏​ចង់បាន​តួនាទី​មុខ​តំណែង​ដែរ បើ​ចង់បាន​មុខ​តំណែង​លុះត្រាតែ​ឈ្នះ​ឆ្នោត ។ បើ​ថា​ឈ្នះ​ឆ្នោត​ទើប​គេ​ជួយ​លុយ​ឲ្យ ។

លោក​បញ្ជាក់​ថា​ ៖ «​ការ​និយាយ​របស់​លោក កឹ​ម សុខា មិន​ខុស​អី​នឹង​ការ​ទិញ​សន្លឹក​ឆ្នោត​បណ្តាក់​ទេ គ្រាន់តែ​អ្នក​នៅ​ក្នុងស្រុក​បោះ​ឆ្នោតឲ្យ​សិន​មក​ទើបបាន​នេះ​បាន​នោះ ឯ​អ្នក​នៅ​ក្រៅ​ស្រុក​ជួយ​លុយ​សិន​មក​ទើ​ប​មានមុខ​តំណែង​ពេល​ឈ្នះ ។ នេះ​ហៅ​ថា​ក្បួន​ទិញ​សន្លឹក​ឆ្នោត​បណ្តាក់ ។

ការ​និយាយ​របស់​លោក កឹ​ម សុខា មិន​អាច​ក្លាយជា​ការ​ពិត​ឡើយ ។ ការ​និយាយ​ឈ្នះ​ៗ​នេះ មាន​តាំងពី​ជំនាន់ សម រ​ង្ស៊ីម្ល៉េះ ទីបំផុត​គ្មាន​លទ្ធផល​ទាំងអស់​»​។
ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​នេះ​ធ្វើ​ឡើង​ខណៈ​ពេល​លោក កឹ​ម សុខា បាន​ទៅ​ក្រៅ​ស្រុក​រយៈពេល​ខ្លី ។ សម្រាប់ទស្សនកិច្ច​លើក​នេះ លោក កឹ​ម សុខា ប្រធានគណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​ប្រកាស​ប្រគល់តួនាទី​របស់​ខ្លួន​ទៅ​ឲ្យ​លោក ប៉ុ​ល ហំ​ម ធ្វើការជំនួស​ជា​ប្រធាន​ស្តីទី​គណបក្ស​ដើម្បី​ធ្វើការ​ប្រចាំ​ថ្ងៃ​ជាមួយ​មន្ត្រី​របស់​ខ្លូ​ន ខណៈ​តួនាទី​លោក ប៉ុ​ល ហំ​ម ជា​អនុប្រធាន​គណបក្ស​ត្រូវ​បាន​ក្រសួងមហាផ្ទៃ​ប្រកាស​មិន​ទទួលស្គាល់​ជា​ផ្លូវការ​នៅឡើយ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​ផ្ទេរសិទ្ធិ​ជូន​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០១៧ របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឲ្យ​ដឹង​ថា លោក កឹ​ម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ព្រមទាំង​ថ្នាក់ដឹកនាំ​គណបក្ស​មួយ​ចំនួន​ទៀត បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ញូ​ហ្សឺ​ឡែ​ន(​នូ​វែ​ល​សេ​ឡង់​) និង​ប្រទេស​អូស្ត្រាលី ចាប់ពី​ថ្ងៃ​ទី​៧​ដល់​ថ្ងៃ​ទី​១៨ ខែមេសា ។ ក្នុង​រយៈពេល​អវត្តមាន​នេះ លោក កឹ​ម សុខា បាន​សម្រេច​ផ្ទេរសិទ្ធិ​ជូន​លោក ប៉ុ​ល ហំ​ម ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ ជា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​កិច្ចការ​ប្រចាំ​ថ្ងៃ​របស់​គណបក្ស​រហូត​ដល់​ថ្ងៃ​ដែល​លោក​ត្រឡប់​មក​វិញ ស្រប​តាម​ប្រការ​៤៥​ថ្មី នៃ​លក្ខន្តិកៈ​គណបក្ស ៕