ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញវិលត្រឡប់​ពីថៃ មកដល់​កម្ពុជាវិញហើយ នៅយប់ថ្ងៃទី៧​កុម្ភៈនេះ

8 ខែ មុន
  • ភ្នំពេញ

ភ្នំពេញ៖ នៅម៉ោងជិត ៩យប់ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត…

ភ្នំពេញ៖ នៅម៉ោងជិត ៩យប់ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី បានដឹកនាំ​គណៈប្រតិភូជាន់ខ្ពស់កម្ពុជា វិលត្រឡប់ពីការបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសថៃវិញហើយ។

សូមរម្លឹកថា នៅព្រឹក​ថ្ងៃទី០៧ ខែកុម្ភៈនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ។ ក្រៅពីចូលក្រាប​បង្គំគាល់​ព្រះមហាក្សត្រថៃ និងមានជំនួបសម្តែងការគួរសមដាច់ដោយឡែក ជាមួយថ្នាក់ដឹកនាំ​ស្ថាប័នកំពូលរបស់ប្រទេសថៃ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក​ សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ ក៏បានជួបពិភាក្សាការងារ និង​ធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើចុះ​អនុស្សរណៈយោគយល់គ្នា លើឯកសារ ចំនួន ៥ ផងដែរ។

​​ក្នុងជំនួបទ្វេភាគីនេះ ប្រមុខដឹកនាំទាំងពីរ បានវាយតម្លៃខ្ពស់លើលទ្ធផលនៃកិច្ចសហប្រតិបត្តិការ​ទ្វេភាគីកន្លងមក និងបានផ្លាស់ប្ដូរយោបល់ពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាង​ប្រទេសទាំងពីរ លើវិស័យជាច្រើន ដែលរួមមាន៖ វិស័យនយោបាយ សេដ្ឋកិច្ច ការពារជាតិ សន្ដិសុខ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការងារ និងវិស័យថាមពល។

ជាមួយគ្នានេះ ក្នុងក្របខ័ណ្ឌ នៃការពង្រឹងទំនាក់ទំនងនយោបាយ និងការទូត កម្ពុជា-ថៃ បានឯកភាពលើការដំឡើងកម្រិតទំនាក់ទំនងទ្វេភាគី ពី “ការពង្រឹងភាពជាដៃគូ ដើម្បីសន្ដិភាព និងវិបុលភាព” ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ” ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ។

កម្ពុជា-ថៃ ក៏បានពិភាក្សាអំពីកិច្ចការក្នុងតំបន់ និងសកល ដោយបានបង្ហាញនូវការពេញចិត្ត ចំពោះការគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកាអន្តរជាតិ និងការជំរុញកិច្ចសហប្រតិបត្តិការ​ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការបោកប្រាស់តាមប្រព័ន្ធអនឡាញ និងការកសាងព្រំដែនប្រទេសទាំងពីរ ទៅជាព្រំដែនសន្ដិភាព និងវិបុលភាព។

បន្ទាប់ពីជួប​ពិភាក្សាការងារ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក សេដ្ឋា ថាវីស៊ីន ក៏បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីចុះហត្ថលេខា និងផ្លាស់ប្តូរឯកសារកិច្ចសហប្រតិបត្តិការ​ចំនួន ៥ ផងដែរ។

ឯកសារកិច្ចសហប្រតិបត្តិការចំនួន ៥ នោះ រួមមាន៖

១-អនុស្សរណៈនៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យនៃការ​កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការឆ្លើយតបគ្រោះអាសន្ន រវាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកម្ពុជា និងក្រសួងមហាផ្ទៃថៃ

២-អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសិក្សាធិការ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា រវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា និងក្រសួងឧត្តមសិក្សា វិទ្យាសាស្រ្ត ស្រាវជ្រាវ និងនវានុវត្តន៍ថៃ

៣-អនុស្សរណៈនៃការយោគយល់គ្នាស្តីពីទំនិញឆ្លងកាត់ រវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងនាយកដ្ឋានគយថៃ

៤-អនុស្សរណៈនៃការយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងធនាគារនាំចេញ-នាំចូលថៃ

៥-អនុស្សរណៈនៃការយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងគណៈកម្មាធិការពាណិជ្ជកម្មថៃ

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ព្រះរាជាណាចក្រថៃ នៅថ្ងៃទី៧កុម្ភៈនេះ បានធ្វើឡើង ក្រោយប្រមាណជាង ៤ខែ នៃដំណើរទស្សនកិច្ចផ្លូវការរបស់លោក សេដ្ឋា ថាវីស៊ីន នា​យ​ករដ្ឋមន្ត្រីថៃ មកកាន់កម្ពុជា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ