ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​អាច​ទាក់ទាញ​អូស្ត្រាលី​មក​រកស៊ី​នៅ​កម្ពុជាកាន់តែ​ច្រើន​ឬទេ?

1 ខែ មុន

នៅ​ពេល​ដែល​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អូស្ត្រាលី កាន់តែ​ខិត​ជិត​មក​ដល់ វត្តមាន​ដែល​រំពឹង​ទុក​របស់​សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​កម្ពុជា បញ្ជាក់​ពី​សារៈសំខាន់​នៃ​កិច្ច​សហប្រតិបត្តិការ ក្នុង​តំបន់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​រួម​គ្នា និង​ការ​លើកកម្ពស់​វិបុលភាព​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​តំបន់ ។ កិច្ចប្រជុំ​កំពូល​ដែល​គ្រោង​នឹង​ប្រព្រឹត្តិ​ទៅ នៅ​ប្រទេស​អូស្ត្រាលី ពី​ថ្ងៃ​ទី​៤…

នៅ​ពេល​ដែល​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អូស្ត្រាលី កាន់តែ​ខិត​ជិត​មក​ដល់ វត្តមាន​ដែល​រំពឹង​ទុក​របស់​សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​កម្ពុជា បញ្ជាក់​ពី​សារៈសំខាន់​នៃ​កិច្ច​សហប្រតិបត្តិការ ក្នុង​តំបន់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​រួម​គ្នា និង​ការ​លើកកម្ពស់​វិបុលភាព​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​តំបន់ ។

កិច្ចប្រជុំ​កំពូល​ដែល​គ្រោង​នឹង​ប្រព្រឹត្តិ​ទៅ នៅ​ប្រទេស​អូស្ត្រាលី ពី​ថ្ងៃ​ទី​៤ ដល់ទី​៦ ខែមីនា ឆ្នាំ​២០២៤ ជា​វេទិកា​មួយ​សម្រាប់​មេដឹកនាំ​អាស៊ាន​១០​បូក និង​ទី​ម័​រ​ខាងកើត​ក៏​ដូច​ជា ប្រទេស​ម្ចាស់ផ្ទះ ដើម្បី​ចូលរួម​ក្នុង​ការ​ពិភាក្សា​សំខាន់​ៗ​ស្តី​ពី​សមាហរណកម្ម​សេដ្ឋកិច្ច កិច្ច​សហប្រតិបត្តិការ​សន្តិសុខ និង​ការ​លើកកម្ពស់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ។

ជា​ការ​ពិត​កិច្ចប្រជុំ​នេះ គឺជា​យន្តការ​នៃ​កិច្ចសហការ​នៅ​ក្នុង​តំបន់ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ក៏​មេដឹកនាំ​កម្ពុជា និង​អូស្ត្រាលី​នឹង​ឆ្លៀតឱកាស​នេះ ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​បន្ថែម​ទៀត ទោះបីជា​ប្រទេស​ទាំង​ពីរ​មាន​ទំនាក់ទំនង​ដ៏​ល្អជា​បន្តបន្ទាប់ ចាប់តាំងពី​បង្កើត​ទំនាក់ទំនង​ការទូត​នឹង​គ្នា នៅ​ក្នុង​ឆ្នាំ​១៩៥២ ពោល គឺ​មុន​ពេល​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ភាព​ពី​បារាំង​ក៏​ដោយ​ចុះ ។

ដំណើរ​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត លើក​នេះ​ក៏​ជា​ឱកាស​លើកកម្ពស់ និង​ជំរុញ​សេដ្ឋកិច្ច និង​សមាហរណកម្ម​ពាណិជ្ជកម្ម​ផង​ដែរ ខណៈ​ដែល​ប្រទេស​ទាំង​ពីរ​ត្រូវ​បាន​គេ​ដឹង​ថា មាន​ទំហំ​ពាណិជ្ជកម្ម​ប្រមាណ​ជា​១​ពាន់​លាន​ដុល្លារ​ផង​ដែរ ហើយ​វិនិយោគទុន​វិញ​ក៏​មាន ស្រប​ពេល​ដែល​ក្រុមហ៊ុន​រុករក​រ៉ែ​មាស នៅ​ភូមិភាគ​ឥ​សាន្ត​បាន​កំពុង​តែ​ដំណើរការ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នៅ​កម្ពុជា ។

ចំណុច​ស្នូល​មួយ​នៃ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូស្ត្រាលី នៅ​ពេល​ខាង​មុខ​នេះ គឺ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ។ កម្ពុជា​ក៏​ដូច​ជា ប្រទេស​អាស៊ាន​ដទៃ​ទៀត​ដែល​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​ពិភាក្សា​អំពី​ឱកាស​ពាណិជ្ជកម្ម និង​វិនិយោគ​ជាមួយ​ប្រទេស​អូស្ត្រាលី ។ នៅ​ពេល​ដែល​សក្ដានុពល​សកល​មានការ​វិវឌ្ឍន៍​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច ចម្រុះ​ក្លាយជា​កត្តា​សំខាន់​សម្រាប់​កំណើន​ប្រកបដោយ​ចីរភាព ។ កិច្ចប្រជុំ​កំពូល​នេះ ផ្តល់​នូវ​វេទិកា​មួយ​សម្រាប់​មេដឹកនាំ ដើម្បី​ស្វែងរក​មធ្យោបាយ​សម្រាប់​ការ​បង្កើន​ពាណិជ្ជកម្ម ការ​បណ្តាក់ទុន​រួម​គ្នា និង​ពង្រឹង​ភាព​ធន់​នឹង​សេដ្ឋកិច្ច​នៅ​ពេល​ប្រឈម​មុខ​នឹង​ភាព​មិន​ប្រាកដប្រជា​នា​ពេល​សព្វថ្ងៃ ។

ក្រៅពី​បញ្ហា​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ទិដ្ឋភាព​សន្តិសុខ​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ក៏ ប្រឈម​មុខ​នឹង​បញ្ហា​ជា​ច្រើន រួម​ទាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ភេរវកម្ម និង​ភាព​តានតឹង ភូមិសាស្ត្រ នយោបាយ ។ កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូស្ត្រាលី ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ដើរតួ​ជា​វេទិកា​ដ៏​សំខាន់​មួយ​សម្រាប់​មេដឹកនាំ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​សន្តិសុខ​ក្នុង​តំបន់ និង​ស្វែងរក​ផ្លូវ​សម្រាប់​កិច្ច​សហប្រតិបត្តិការ ។ ការ​ចូលរួម​យ៉ាង​សកម្ម​របស់​កម្ពុជា បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ប្រទេស​ក្នុង​ការ​ជំរុញ​ស្ថិរភាព​ក្នុង​តំបន់ និង​ការ​ដោះស្រាយ​បញ្ហា​សន្តិសុខ​តាម​រយៈ​វិធានការ​សហប្រតិបត្តិការ ហើយ​មក​ដល់​ពេល​នេះ​អូស្ត្រាលី និង​កម្ពុជា​ក៏​មាន​កិច្ច​សហប្រតិបត្តិការ​មួយ​ចំនួន​ខ្លះ​ដែរ​នៅ​លើ​ចំណុច​នេះ ។

រូបតំណាង

ដោយឡែក​ពាក់ព័ន្ធ​នឹង​ការ​ផ្តោត​ជាស​កល​លើ​ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​អភិវឌ្ឍ ប្រកបដោយ​និរន្តរភាព កិច្ចប្រជុំ​កំពូល​ខាង​មុខ​នេះ​នឹង​ផ្តល់​ឱកាស​មួយ​សម្រាប់​មេដឹកនាំ​នានា រួម​ទាំង​នាយក​រដ្ឋមន្ត្រី​កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នឹង​បរិស្ថាន ។ កិច្ច​ខិតខំ​ប្រឹងប្រែង រួម​គ្នា​ក្នុង​វិស័យ​មួយ​ចំនួន​ដូច​ជា ថាមពល​ក៏​កើតឡើង​វិញ ការ​អភិរក្ស និង​ភាព​ធន់​នឹង​អាកាសធាតុ អាច​រួមចំណែក​ដល់​អនាគត​ប្រកបដោយ​និរន្តរភាព​សម្រាប់​តំបន់​ទាំងមូល ។

លើស​ពី​ការ​ពិភាក្សា​ផ្លូវការ កិច្ចប្រជុំ​កំពូល​ខាង​មុខ​នេះ​ក៏​រំពឹង​ថា នឹង​ផ្តល់​ឱកាស​សម្រាប់ ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន និង​ការ​ផ្លាស់​ប្តូរ​វប្បធម៌ ។ វត្តមាន​របស់​សម្តេច​ធិ​បតី នៅ​ពេល​នោះ​អាច​ជំរុញ​ការ​យល់​ដឹង​ចំពោះ​វប្បធម៌​របស់​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ដាក់ មូលដ្ឋាន​គ្រឹះ​សម្រាប់​មិត្តភាព និង​ភាព​ជា​ដៃគូ​យូរអង្វែង ខណៈ​ដែល​មក​ដល់​ពេល​នេះ គេ​ដឹង​ថា កម្ពុជា​មាន​សហគមន៍​រស់នៅ និង​ក្លាយជា​ពលរដ្ឋ​អូស្ត្រាលី​ប្រមាណ​ជា ៥៧.០០០ នាក់ នោះ​មិន​ទាន់​រាប់​បញ្ចូល​និស្សិត​មួយ​ចំនួន​ដែល​កំពុង​តែ​សិក្សា​នៅ​ទីនោះ​នៅឡើយ ដោយ​គេ​ដឹង​ថា តាំងពី​ឆ្នាំ​១៩៩៤ មក​ពលរដ្ឋ​កម្ពុជា​ដែល​បាន​ចុះ​ឈ្មោះ​រៀន​នៅ​អូស្ត្រាលី មាន​រហូត​ដល់​ជាង​២៧.០០០ នាក់ ដោយ​អ្នក​ដែល​រៀន​ចប់​បាន​មក​មាតុប្រទេស​ជា​បន្តបន្ទាប់ ។

ជាមួយ​គ្នា​នេះ សម្តេច​ធិ​បតី និង​មេដឹកនាំ​ទាំងអស់​ក៏​អាច​នឹង​ពិភាក្សា ឬ​ក៏​ផ្តោត​ការ​យកចិត្ត ទុកដាក់ ចំពោះ​បញ្ហា​ប្រឈម​នានា​ដែល​អាស៊ាន និង​អូស្ត្រាលី​ប្រឈម​មុខ​រួម​គ្នា ។ បញ្ហា​ដូច​ជា វិវាទ​ក្នុង​តំបន់ វិសមភាព​សេដ្ឋកិច្ច និង​វិបត្តិ​សុខភាព​សាធារណៈ ។ គេ​រំពឹង​ថា អាស៊ាន និង​អូស្ត្រាលី​អាច​ស្វែងរក​កន្លែង​មួយ​ក្នុង​ការ​ពិភាក្សា ដោយ​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ដំណោះស្រាយ​សហប្រតិបត្តិការ និង​ការ​ទទួលខុសត្រូវ​រួម​លើ​បញ្ហា​នេះ ។

សរុប​មក​វិញ វត្តមាន​របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា ក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូស្ត្រាលី បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់ និង​ការ​ចូលរួម​នៅ​ក្នុង​យន្តការ នយោបាយ​ការទូត​មួយ ។ នៅ​ពេល​ដែល​មេដឹកនាំ​ប្រមូលផ្តុំ ដើម្បី​ពិភាក្សា​អំពី​អនាគត​នៃ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក កិច្ចប្រជុំ​កំពូល​នេះ​នឹង​ផ្តល់​នូវ​វេទិកា​សម្រាប់​ការ​ស្វែងរក​មូលដ្ឋាន​រួម ជំរុញ​កិច្ច​សហប្រតិបត្តិការ និង​រួម​គ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​រួម ។ ការ​ចូលរួម​យ៉ាង​សកម្ម​របស់​កម្ពុជា​មិន​ត្រឹមតែ​រួមចំណែក​ដល់​ផលប្រយោជន៍​ជាតិ​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ដល់​គោលដៅ​កាន់តែ​ទូលំទូលាយ​ក្នុង​ការ​កសាង​សហគមន៍​អាស៊ាន​-​អូស្ត្រាលី ដែល​មាន​ភាព​ធន់ និង​ទំនាក់ទំនង​គ្នា​ទៅ​វិញ​ទៅ​មក ៕ ដោយៈ​ហេង ចេស្តារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ