ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្មីចែស​! លួច​ទូរស័ព្ទ​ហើយ ច្រឡំ​យក​ស្បែកជើង​ជន​រង​គ្រោះ​ទៅ លុះ​ត្រឡប់​មក​ដូរ​វិញ​ផ្អើល​មន្ទីរពេទ្យ

1 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ម្នាក់​មក​ពី​ខេត្ត​ជូន​បងប្អូន​ដែល​មាន​ជំងឺ​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ហើយ​ដេកចាំ​នៅ​ខាងក្រៅ​មន្ទីរពេទ្យ ក៏​ត្រូវ​បាន​ក្រុម​ជនសង្ស័យ​យក​កន្ត្រៃ​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​មក​ពី​ខេត្ត​ជូន​បងប្អូន​ដែល​មាន​ជំងឺ​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ហើយ​ដេកចាំ​នៅ​ខាងក្រៅ​មន្ទីរពេទ្យ ក៏​ត្រូវ​បាន​ក្រុម​ជនសង្ស័យ​យក​កន្ត្រៃ​ចាក់​ប្លន់​យក​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​បាន​សម្រេច បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២២ នៅ​ត្រង់​ចំណុច​ខាង​មុខ​មន្ទីរពេទ្យ​កុមារ​គន្ធ​បុប្ផា តាម​បណ្តោយ​ផ្លូវ​៩០ ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ​។

តាម​ប្រភព​ពី​ជន​រង​គ្រោះ​ឈ្មោះ យឹ​ម ចាន់​ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ស្នាក់​នៅ​ភូមិ​រូង ឃុំ​ស្នំ​ក្រពើ ស្រុក​បាទី ខេត្តតាកែវ បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែតុលា គាត់​បាន​ជូន​ប្អូនជីដូនមួយ​របស់​គាត់​ដែល​មាន​ជំងឺ​មក​សម្រាក​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យ​កុមារ​គន្ធ​បុប្ផា ក្នុង​នោះ​មាន​ឪពុក​របស់​អ្នកជំងឺ​ទៅ​ជាមួយ​ផង​ដែរ​។

ជន​រង​គ្រោះ​បន្ត​ថា លុះដល់​ពេល​យប់​ឪពុក​របស់​អ្នកជំងឺ​ក៏​បាន​ចូល​ទៅ​ដេក​កំដរ​កូន​របស់​គាត់​នៅ​ខាងក្នុង​បាត់ នៅ​សល់​តែ​គាត់​នៅ​ចាំ​មើល​ម៉ូតូ​នៅ​ខាងក្រៅ​តែ​ម្នាក់ឯង​។ លុះ​រហូត​ដល់​វេលា​កើតហេតុ គាត់ (​ជន​រង​គ្រោះ​) ក៏​បាន​ទៅ​ស​ង្ងំ​ដេក​លង់លក់​មួយ​ផ្ទាំង​នៅ​លើ​បង់​ខាង​មុខ​មន្ទីរពេទ្យ ខណៈ​ពេល​ដែល​ភ្ញាក់​ដឹងខ្លួន គាត់ (​ជន​រង​គ្រោះ​) ក៏​បានដឹង​ថា ខ្លួន​បាន​បាត់​ទូរស័ព្ទ​ដៃ​ម៉ាក​រៀល​មី មួយ​គ្រឿង និង​ស្បែកជើង​មួយគូរ ប៉ុន្តែ​ជនសង្ស័យ​បែរជា​បន្សល់​ទុក​ស្បែកជើង​របស់​ខ្លួន (ស្បែក​ជើង​របស់​ជន​សង្ស័យ​) ​មួយគូរ​នៅ​កន្លែង​កើតហេតុ​វិញ​។

ជន​រង​គ្រោះ​បន្ត​ថា បន្ទាប់​មក​គាត់ (​ជន​រង​គ្រោះ​) ក៏​បាន​ស​ង្ងំ​ដេក​ទៅ​វិញ លុះ​មួយ​ស្ទុះ​ក្រោយមក ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក មក​កន្លែង​កើតហេតុ​វិញ ដោយ​ជនសង្ស័យ​ម្នាក់​បាន​ចុះ​មក​ធ្វើការ​យក​ស្បែក​ជើង​របស់​គាត់ (​ជន​រង​គ្រោះ​) មក​ទុក រួច​បាន​យក​ស្បែក​ជើង​របស់​ខ្លួន (​ជនសង្ស័យ​) ត្រឡប់​ទៅ​វិញ​។ ខណៈ​ពេល​នោះ គាត់ (​ជន​រង​គ្រោះ​) ក៏​បានដឹង​ខ្លួន រួច​ក៏​បាន​ប្រវា​.​យ​ប្រតប់​ជាមួយនឹង​ជនសង្ស័យ ទើបត្រូវ​​ជនសង្ស័យ​ដក​កន្ត្រៃ​មួយ​ដើម​ចាក់​ទៅ​លើ​ខ្លួន (​ជន​រង​គ្រោះ​) ចំ​ដៃ​ខាងស្តាំ បណ្ដាល​ឲ្យ​រង​របួស​។ ចំណែកឯ​ជនសង្ស័យ​វិញ ក៏​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល​ដោយ​សុវត្ថិភាព​តែ​ម្តង​។

បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​កន្លែង​កើតហេតុ​នោះ ក៏​បានអោយ​ដឹង​ថា ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​ប្លន់​ជន​រង​គ្រោះ​នោះ គឺ​មាន​រហស្សនាម «​អា​ខ្មៅ​បឹង​កក់​» ហើយ​ជនសង្ស័យ​រូប​នេះ តែងតែ​ធ្វើ​សកម្មភាព​ចោរកម្ម​យ៉ាង​សកម្ម​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​ធ្វើការ​អន្តរាគមន៍ និង​បាន​នាំ​ជន​រង​គ្រោះ​ទៅ​ធ្វើការ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​វត្ត​ភ្នំ ដើម្បី​អោយ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ