ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​របៀប​ណា​ឱ្យ​អ្នកក្រ​ទទួលផល​ច្រើន​ពី​កំណើនសេដ្ឋកិច្ច

6 ឆ្នាំ មុន

ឡាន​ទំនើប​ៗ​បាន​ធ្វើ​ដំណើរ​ពេញ​ដងផ្លូវ​ទីក្រុង​ភ្នំពេញ ដោយសារ​តែ​ប្រទេស​កម្ពុជា មាន​កំណើនសេដ្ឋកិច្ច​គួរ​ឱ្យ​កត់សម្គាល់​ជា​រៀង​រាល់​ឆ្នាំ​ប្រ​ហែ​ជា​៧​ភាគរយ​។ ប៉ុន្តែ​គម្លាត​សេដ្ឋកិច្ច​នៅ​តែ​មាន​បញ្ហា​ធំ ដោយ​

ឡាន​ទំនើប​ៗ​បាន​ធ្វើ​ដំណើរ​ពេញ​ដងផ្លូវ​ទីក្រុង​ភ្នំពេញ ដោយសារ​តែ​ប្រទេស​កម្ពុជា មាន​កំណើនសេដ្ឋកិច្ច​គួរ​ឱ្យ​កត់សម្គាល់​ជា​រៀង​រាល់​ឆ្នាំ​ប្រ​ហែ​ជា​៧​ភាគរយ​។ ប៉ុន្តែ​គម្លាត​សេដ្ឋកិច្ច​នៅ​តែ​មាន​បញ្ហា​ធំ ដោយ​ធ្វើ​ឱ្យ​អ្នកក្រ​ជា​ច្រើន​មិន​អាច​ទទួលផល​ពី​ការ​រីក​ចម្រើន​នេះ​។

ដូច្នេះ​ភាព​ហ៊ឺហា​ដែល​មាននៅ​ក្នុង​ទីក្រុង​ភ្នំពេញ មិន​បាន​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​ទាំងមូល​ឡើយ​។ អ្នកខ្លះ​ក៏​ថា អ្វី​ដែល​ឃើញ​នៅ​ភ្នំពេញ​មិនមែន​កម្ពុជា​ទាំងមូល​ឡើយ​។ នេះ​ដោយសារ​តែ​រូបភាព​ខុស​គ្នា​រវាង​ទីក្រុង និង​ជនបទ​។

ដើម្បី​ផ្តល់​ផលប្រយោជន៍​ដល់​អ្នក​ក្រីក្រ​ឱ្យ​បាន​ច្រើន​នោះ គេ​ត្រូវ​យកចិត្តទុកដាក់​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​ទៅ​តាម​បណ្តា​ខេត្ត​នានា ដើម្បី​ឱ្យ​មានការ​បង្កើត​ការងារ​នៅ​នឹង​កន្លែង​ដែល​អាច​ឱ្យ​ប្រជាជន​នៅ​តាម​បណ្តា​ខេត្ត​ទាំងនោះ​អាច​ទទួល​បាន​ប្រាក់ខែ​សមរម្យ​សម្រាប់​ជីវិត​។ ទន្ទឹម​នោះ​វិស័យ​ចាំបាច់​ចំនួន​ពីរ គឺ​វិស័យ​សុខាភិបាល​និង​វិស័យ​អប់រំ​រដ្ឋ​ត្រូវ​តែ​មាន​ភាព​ប្រសើរ​ជាង​នេះ​។

កា​រលើ​កម្ពស់​វិស័យ​សុខភាព​រដ្ឋ​ឱ្យ​កាន់តែ​ល្អ និង​មាន​ប្រសិទ្ធភាព​នឹង​មាន​ន័យ​ថា ប្រជាជន​គ្រប់​ស្រទាប់​វណ្ណ​:​នឹង​អាច​ទទួល​បាន​សេវាកម្ម​សុខភាព​ស្មើគ្នា​មិន​ថា អ្នកមាន ឬ​អ្នកក្រ​ឡើយ​។ បច្ចុប្បន្ន​ប្រជាជន​ជា​ច្រើន​បាន​ថ្ងូរ​អំពី​ការ​ចំណាយ​ខ្ពស់​ទៅ​លើ​ការ​ថែទាំ​សុខភាព ឬ​ព្យាបាល​ជំងឺ​។ ដូច្នេះ​ការ​លើកកម្ពស់​គុណភាព​សេវាកម្ម​សុខភាព​តាម​មន្ទីរពេទ្យ​រដ្ឋ​នឹង​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​របស់​ប្រជាជន​ទៅ​លើ​បញ្ហា​សុខភាព​។ ប្រទេស​មួយ​ដែល​មាន​ប្រជាជន​សុខភាព​មិន​មាំទាំ​នឹង​ធ្វើ​ឱ្យ​ផលិតភាព​សេដ្ឋកិច្ច​ទាប​ទៅ​តាម​នោះ​ដែរ​។

ទន្ទឹម​នោះ​ការ​អប់រំ​តាម​សាលា​រដ្ឋ​ត្រូវ​តែ​មានគុណ​ភាព​ជាង​នេះ​។ ការ​អប់រំ​តាម​សាលា​រដ្ឋ​មានគុណ​ភាព​ខ្សោយ​នឹង​មាន​ន័យ​ថា អ្នក​ក្រីក្រ​នឹង​បន្ត​ក្រីក្រ​ត​ទៀត ដោយសារ​តែ​មិន​ទទួល​បាន​ចំណេះដឹង​គ្រប់គ្រាន់​តាម​សាលា ឬ​មហាវិទ្យាល័យ​រដ្ឋ​។ នៅ​ពេល​ដែ​មនុស្ស​ទទួល​បានការ​អប់រំ​ខ្ពស់ គឺ​គេ​នឹង​មានឱកាស​កាន់តែ​ច្រើន​នឹង​ទទួល​បានការ​ងារ​ល្អ​ដែល​មាន​ប្រាក់ខែ​ខ្ពស់​។

ដូច្នេះ​ការ​យកចិត្តទុកដាក់​ដល់​ការ​ពង្រីក​សកម្មភាព​សេដ្ឋកិច្ច​នៅ​តាម​បណ្តា​ខេត្ត ការ​លើកកម្ពស់​លើ​សេវាកម្ម​សុខភាព​តាម​មន្ទីរពេទ្យ​រដ្ឋ ព្រមទាំង​ការ​លើកកម្ពស់​ការ​អប់រំ​តាម​សាលា​រដ្ឋ​នឹង​ជួយ​ធ្វើ​ឱ្យ​ប្រជាជន​ក្រីក្រ​កាន់តែ​ទទួល​បាន​ផលប្រយោជន៍​ច្រើន​ជាង​មុន​ពី​កំណើនសេដ្ឋកិច្ច​ដែល​កម្ពុជា​ទទួល​បាន​៕