បាក់ច្រាំងទន្លេ មន្ត្រីជំនាញចុះពិនិត្យបន្ទាន់ ដើម្បីទប់ស្កាត់កុំឲ្យប៉ះពាល់លំនៅដ្ឋានពលរដ្ឋ
- កំពង់ចាម
ខេត្តកំពង់ចាម ៖ ស្របពេលដែលទឹកទន្លេមេគង្គ បានចាប់ផ្ដើមស្រកជាបណ្ដើរៗ ជាហេតុធ្វើឲ្យច្រាំងទន្លេ នៅភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ បានបាក់ស្រុត ដែលជាហេតុធ្វើឲ្យមានការព្រួយបារម្ភទៅដល់លំនៅឋានរបស់ប្រជាពលរដ្ឋ។ ហេតុការណ៍គ្រោះធម្មជាតិនេះ បានកើតឡើងនៅវេលាម៉ោង១និង៣០នាទីយប់ ថ្ងៃទី២៤ ខែតុលា រំលងអធ្រាត្រឈានចូលព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ហើយត្រូវបានអាជ្ញាធរ និងជំនាញពាក់ព័ន្ធ បានចុះទៅពិនិត្យជាបន្ទាន់ផងដែរ។

លោក ទុន សៀង មេឃុំពាមកោះស្នា ប្រាប់ឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋក្នុងមូលដ្ឋានភ្លាម រូបលោកបានចុះទៅពិនិត្យមើល និងបានរាយការណ៍មកអភិបាលស្រុក ដើម្បីឲ្យដឹងពីហេតុការណ៍គ្រោះធម្មជាតិបាក់ច្រាំងនេះ។ លុះពេលព្រឹកថ្ងៃទី២៥ ខែតុលា លោក ទុន ណេត អភិបាលស្រុកស្ទឹងត្រង់ អមដំណើរដោយមន្ត្រីជំនាញ បានប្រញាប់ប្រញាល់ចុះមកមើល ដើម្បីរកវិធានការទប់ស្កាត់។

លោកមេឃុំពាមកោះស្នា ប្រាប់បន្តឱ្យដឹងទៀតថា អាជ្ញាធរមូលដ្ឋាន ក៏ដូចជាស្រុក ក្នុងនោះមានលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយម អញ្ជើញអមដំណើរ ឯកឧត្តម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះមកដល់ភូមិពាមក្រៅ នៅទីតាំងដែលបានកើតឡើងបាក់ស្រុតច្រាំងទន្លេ ខាងលិចពីផ្ទះសម្ដេចតេជោប្រហែល៥០ម៉ែត្រ ដែលបានបាក់ស្រុតបណ្ដោយប្រហែល៦០ម៉ែត្រ និងជម្រៅប្រវែង១០-១៥ ម៉ែត្រ បាត់ម៉ូទ័របូមទឹកចំនួន១គ្រឿង ប៉ុន្តែមិនទាន់មានការប៉ះពាល់ដល់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋឡើយ។

លោកបន្តថា បើតាមការពិនិត្យដោយផ្ទាល់ពីទីតាំងដែលបាក់ច្រាំងមកដល់លំនៅដ្ឋាននៅចម្ងាយប្រមាណ២០ម៉ែត្រទៀត ប្រសិនបើមិនមានវិធានការទប់ស្កាត់ឱ្យបានទាន់ពេលទេនោះ គឺប៉ះពាល់លំនៅឋានប្រជាពលរដ្ឋចំនួន៥ខ្នង ស្មើនឹងចំនួន៥ម្ចាស់។ ក្រោមការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរមូលដ្ឋាន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ក៏ដូចជាស្ថាប័នក្រសួងធនធានទឹក បានឲ្យសាឡង់បូមខ្សាច់មួយគ្រឿង ព្រមទាំងក្រុមជំនាញបច្ចេកទេស ដើម្បីចុះមកបូមខ្សាច់ទប់ច្រាំងកុំឲ្យបាក់បន្តទៀត។

លោក ទុន សៀង មេឃុំពាមកោះស្នា បានបញ្ជាក់ថា កាលពីប៉ុន្មានឆ្នាំមុន ហេតុការណ៍បាក់ច្រាំងទន្លេនេះ បានកើតឡើងចាប់ពីត្រង់ចំណុចមុខសាលាព្រះអណ្ដូង រហូតមកដល់ពាមកោះស្នា ហើយត្រូវបានក្រុមបច្ចេកទេសរបស់ក្រសួងធនធានទឹក សហការជាមួយនឹងខេត្ត រៀបចំបើកខ្សាច់ដាក់ទប់នៅតាមច្រាំងទន្លេ តាមលក្ខណៈបច្ចេកទេស គឺមិនមានបញ្ហានោះទេ។

លោក ទុន សៀង មេឃុំពាមកោះស្នា បញ្ជាក់ទៀតថា តែមកដល់ឆ្នាំ២០២២នេះ ទឹកទន្លេមេគង្គបានឡើងប្លែកខុសពីឆ្នាំកន្លងទៅ លុះពេលស្រកទៅវិញជាហេតុបណ្ដាលឱ្យបាក់ស្រុតច្រាំងទន្លេនៅភូមិពាមក្រៅតែម្តង ហើយអាជ្ញាធរមូលដ្ឋាន និងជំនាញគ្រប់លំដាប់ថ្នាក់ កំពុងតែញាប់ដៃញាប់ជើងដឹកសម្ភារៈបច្ចេកទេស មកកាន់ឃុំពាមកោះស្នា ដើម្បីរៀបចំបូមខ្សាច់ ហើយត្រូវដំណើរការចាប់ផ្ដើមនៅថ្ងៃទី២៦ ខែតុលានេះ ធ្វើយ៉ាងណា ទប់កុំឲ្យបាក់បន្តទៀតដើម្បីកុំឲ្យប៉ះពាល់ដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ។













ចែករំលែកព័តមាននេះ