ខេត្តសៀមរាប ៖ ក្នុងឱកាសបំពេញការងារនៅខេត្តសៀមរាប កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១១ លោកសូរ ឃុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រួមដំណើរដោយថ្នាក់ដឹកនាំមន្ត្រីរាជការក្រោមឱវាទក្រសួង បានចុះពិនិត្យមើលអគារមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត ។ តាមរបាយការណ៍របស់មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្ត បានបញ្ជាក់ថា មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្ត ជាអង្គភាពចំណុះរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទាំងបច្ចេកទេស ថវិកា និងធនធានមនុស្សហើយក៏ជាអង្គភាពធ្វើសេវាកម្ម អាជីវកម្ម លើវិស័យប្រៃសណីយ៍និងទូរគមនាគន៍ក្នុងខេត្តសៀមរាបទាំងមូល ក្នុងគោលបំណងបំពេញសំណូមពរនិងតំរូវការរបស់អតិថិជនគ្រប់ស្រទាប់វណ្ណៈ និងភ្ញៀវបរទេសដែលបានមកទស្សនាប្រាង្គប្រាសាទនៅខេត្តសៀមរាប ។ បច្ចុប្បន្ន មន្ទីរមានការិយាល័យចំនួន៣គឺការិយាល័យផែនការ និងគណនេយ្យការិយាល័យប្រៃសណីយ៍ និងការិយាល័យទូរគមនាគមន៍ដែលមានមន្ត្រីបំរើការងារសរុបចំនួន២៨នាក់ ។
មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តសៀមរាបមានសកម្មភាពទូទៅលើសេវាកម្ម អាជីវកម្មប្រៃសណីយ៍ ដោយផ្តោតជាសំខាន់ទៅលើសេវាបញ្ជូនបញ្ញើនិងទទួលបញ្ញើទាំងក្នុងនិងក្រៅប្រទេស ។ ជាមួយគ្នានោះចំពោះវិស័យទូរគមនាគមន៍ គ្របដណ្តប់លើសកម្មភាពការងារក្នុងការគ្រប់គ្រងរលកអាកាសវិទ្យុ ការរៀបចំស្ថាបនាបណ្តាញទូរស័ព្ទ អាជីវកម្មលើការសន្ទនាតាមវិទ្យុរលកអាកាស ទូរលេខ ទូរសារ ព្រមទាំងការថែទាំខ្សែកាបក្រោមដីនិងលើអាកាស ។ លោករដ្ឋមន្ត្រី សូរ ឃុន បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំមន្ត្រីរាជការរបស់មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តសៀមរាបទាំងអស់ ត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រព័ន្ធប្រៃសណីយ៍ និងទូរគមនាគមន៍ និងជំរុញការអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មានគមនាគមន៍ឱ្យទំនើបទាន់សម័យនិងមានតម្លៃថោកសមរម្យ មានសេវាល្អ ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី២ របស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី ៕
ចែករំលែកព័តមាននេះ