ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាវ​បន្ត​ធ្វើ​អគារ​ប៉ុស្តិ៍​ព្រំដែន​មិន​បញ្ឈប់ ដោយ​ផ្អែក​លើ​ខ្លឹមសារ​កំណត់ហេតុ

6 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ ក្នុង​អំឡុង​ឆ្នាំ​២០១៦ អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​(​អាជ្ញាធរ​ខេត្ត​) បាន​ស្នើ​ឲ្យ​ភាគី​ឡាវ ផ្អាក​ការ​សាងសង់​អគារ​របស់​នគរបាល​ច្រក​ទ្វារ​អន្តរជាតិ

ខេត្តស្ទឹងត្រែង ៖ ក្នុង​អំឡុង​ឆ្នាំ​២០១៦ អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​(​អាជ្ញាធរ​ខេត្ត​) បាន​ស្នើ​ឲ្យ​ភាគី​ឡាវ ផ្អាក​ការ​សាងសង់​អគារ​របស់​នគរបាល​ច្រក​ទ្វារ​អន្តរជាតិ ភាគី​ឡាវ​ណ​ង​ណុ​ក​ខៀន​-​ត្រពាំង​ក្រៀល និង​ហាមឃាត់​មិន​ឲ្យ​ភាគី​ឡាវ ដឹក​គ្រឿង​សម្ភារ​សំណង់​តាម​ច្រក​ទ្វារ​អន្តរជាតិ ព្រមទាំង​ណែនាំ​មិន​ឲ្យ​អាជីវករ​កម្ពុជា លក់​គ្រឿងសំណង់​ផ្គត់ផ្គង់​ទៅ​សាងសង់ គ្រា​ដែល​តំបន់​នោះ​ស្ថិត​ក្រោម​តំបន់​មិន​ទាន់​ឯកភាព​នៅឡើយ រហូត​មក​ដល់​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៧ ជា​ថ្មី​លើក​ទី​ពីរ​នេះ កម្លាំងយោធា​ឡាវ​បាន​ប្រើប្រាស់​គ្រឿងចក្រ​ឈូស​ឆាយ​ធ្វើ​ផ្លូវ​វាង​ច្រក​ទ្វារ​អន្តរជាតិ និង​ដឹកនាំ​គ្រឿងសំណង់​មក​សាងសង់​អគារ​ព្រំដែន​ស្ថិត​ក្នុង​ទីតាំង​ចាស់​ដដែល ដោយ​មិន​បញ្ឈប់​សកម្មភាព​សាងសង់​ឡើយ បើ​ទោះបី​អាជ្ញាធរ​ខេត្ត​ចុះ​ស្នើ​ឲ្យ​ផ្អាក​ដំណើរការ​រង់ចាំ​ការ​ពិភាក្សា​ពី​ថ្នាក់​ជាតិ​សិន​នោះ​ក្តី​។

យោង​តាម​ឯកសារ​កំណត់ហេតុ​ការ​ចុះ​ត្រួតពិនិត្យ​បរិវេណ​តំបន់​ព្រំដែន​រួម ឡាវ​-​កម្ពុជា កម្ពុជា​-​ឡាវ គណៈកម្មការ​កិច្ច​សហ​ប្រ​តិ​ប​តិ្ត​ការ​រក្សា​សន្តិសុខ របៀបរៀបរយ​តាម​បណ្តោយ​ព្រំដែន​ទូទៅ ឡាវ​-​កម្ពុជា កម្ពុជា​-​ឡាវ នៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ និង​ក្រុង​ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​នៅ​ស្រុក​ខូង ខេត្ត​ចំប៉ា​សាក់ សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ ប្រជាមានិត​ឡាវ ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៦ ដោយ​ភាគី​កម្ពុជា​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ឯក សៀ​ក សុ​ជាតិ នាយ​រង​សេនាធិការ​ចម្រុះ នាយក​ទីចាត់ការ​ការងារ​ព្រំដែន អគ្គ​បញ្ជាការដ្ឋាន​នៃ​កង​យោធពលខេមរភូមិន្ទ ជា​ប្រធាន​គណៈកម្មការ​កិច្ច​សហប្រតិបត្តិការ​រក្សា​សន្តិសុខ​របៀបរៀបរយ​តាម​ព្រំដែន​ទូទៅ​កម្ពុជា​-​ឡាវ​។

ចំណែក​ភាគី​ឡាវ​ដឹកនាំ​ដោយ ឧត្តមសេនីយ៍ត្រី ស៊ី​ផា​ន់ តុ​ត​ថា​ក់​វង្ស នាយក នាយកដ្ឋាន​យោធា​ព្រំដែន អគ្គសេនាធិការ កងទ័ព​ប្រជាជន​ឡាវ ជា​ប្រធាន​គណៈកម្មការ កិច្ច​សហប្រតិបត្តិការ​រក្សា​សន្តិសុខ​របៀបរៀបរយ​តាម​បណ្តោយ​ព្រំដែន​ទូទៅ​ឡាវ​-​កម្ពុជា​។ ភាគី​ទាំង​ពីរ​បាន​បើក​កិច្ចប្រជុំ​ពិភាក្សា អំពី​បញ្ហា​ផ្សេង​ៗ​ដែល​ភាគី​ទាំង​ពីរ​មានការ​ចាប់អារម្មណ៍​អំពី​ការ​កំណត់​ចំណុច​ទំនាក់ទំនង ដើម្បី​សហការ​រវាង​កងកម្លាំង​របស់​ភាគី​ទាំង​ពីរ ក្នុង​ក្រប​ខណ្ឌ​របស់​គណៈកម្មការ​កិច្ច​សហប្រតិបត្តិការ​រក្សា​សន្តិសុខ​របៀបរៀបរយ​តាម​បណ្តោយ​ព្រំដែន ឡាវ​-​កម្ពុជា កម្ពុជា​-​ឡាវ និង​សភាពការណ៍​នានា​ដែល​កើតឡើង​តាម​តំបន់​ព្រំដែន អង្គប្រជុំ​បាន​ឯកភាព​ប្រគល់​ឲ្យ​ក្រុមការងារ ភាគី​ទាំង​ពីរ​ចុះ​ត្រួតពិនិត្យ​ជាក់ស្តែង​។ យោង​តាម​ឯកសារ​ដដែល​លទ្ធផល​ក្នុង​ការ​សហការ​ចុះ​ត្រួតពិនិត្យ​ភូមិសាស្ត្រ​ព្រំដែន​ឡាវ​-​កម្ពុជា កម្ពុជា​-​ឡាវ រួម​មាន​ខ្លឹមសារ​៨​ចំណុច ហើយ​ចំណុច​ទី​៣ ដែល​ភាគី​ឡាវ​ប្រកាន់ខ្ជាប់​លើ​ខ្លឹមសារ​កំណត់ហេតុ​នោះ និង​មិន​អាច​យល់ព្រម​តាម​ការ​ស្នើ​របស់​ភាគី​កម្ពុជា​ឲ្យ​បញ្ឈប់​ការ​សាងសង់​អគារ​នោះ​បាន ដោយ​ខ្លឹមសារ​ចំណុច​ទី​៣​និយាយ​ថា អំពី​ការ​សាងសង់​អគារ​របស់​នគរបាល​ច្រក​ទ្វារ​អន្តរជាតិ របស់​ភាគី​ឡាវ​ណ​ង​ណុ​ក​ខៀន​-​ត្រពាំង​ក្រៀល ភាគី​ទាំង​ពីរ​បាន​ចុះ​ត្រួតពិនិត្យ​អាគារ​ជាក់ស្តែង​ឃើញ​ថា អាគារ​នោះ​គឺ​ជំនួស​ផ្ទះ​ចាស់​ដែល​បាន​ខូចខាត​នៅ​ចំណុច​និយាម​ការ E614886-N1538644​។ ចំណុច​ខ្លឹ​សារ​ខាងលើ​នេះ​ហើយ ជា​មូលហេតុ​ដែល​អាជ្ញាធរ​ខេត្តស្ទឹងត្រែង​ចុះ​ស្នើ​ឲ្យ​ភាគី​ឡាវ​បញ្ឈប់ បើ​ទោះ​អាជ្ញាធរ​បិទ​ច្រក​ទ្វារ​ហាមឃាត់​មិន​ឲ្យ​នាំ​ចូល​សម្ភារ​សំណង់​ចូល​ទឹក​កម្ពុជា​មក​សាងសង់​ប៉ុស្តិ៍​ចាស់​។ នោះ​ដោយសារ​មានការ​ឯកភាព​លើ​កំណត់ហេតុ​របស់​ថ្នាក់​ជាតិ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ឯក សៀ​ក សុ​ជាតិ និង​ភាគី​ឡាវ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ស៊ី​ផា​ន់ តុ​ត​ថា​ក់​វង្ស ដែល​ការ​ប្រជុំ​ឯកភាព​នោះ​មិន​មាន​ពិភាក្សា​ថ្នាក់​ខេត្ត​បានដឹង​នោះ​ឡើយ នេះ​បើ​តាម​ការ​អះអាង​ពី​មន្ត្រីជាន់ខ្ពស់​ថ្នាក់​ខេត្ត​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​។ ភាគី​ឡាវ​បាន​ដឹកនាំ​សម្ភារ​សំណង់​តាម​ផ្លូវ​វាង​ក្រោយ​ឈូស​ឆាយ​បាន​សម្រេច​ជិត​៧​គីឡូម៉ែត្រ​ពី​ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំង​ក្រៀល មក​កាន់​ទីតាំង​ប៉ុស្តិ៍​ព្រំដែន​ចាស់​ចាប់ពី​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៧ ហើយ​អាជ្ញាធរ និង​កងកម្លាំង​ការពារ​ព្រំដែន​កម្ពុជា​បាន​ចុះ​រារាំង​ស្នើ​ឲ្យ​ភាគី​ឡាវ​ផ្អាក​ការ​សាងសង់​តែ​ពួក​គេ​នៅ​តែ​បន្ត​ធ្វើ​ដោយ​មិន​ខ្វល់​ពី​ការ​ហាមឃាត់​នោះ​ឡើយ​។ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៧​នេះ អាជ្ញាធរ​ខេត្ត​បាន​ចាត់​បេសកជន​ពិសេស​ទៅ​ជួប​ចរចារ​រវាង​ភាគី​ឡាវ​នៅ​លើ​ទឹកដី​ឡាវ ដែល​ជា​លទ្ធផល​ការ​ពិភាក្សា​នោះ​មិន​បាន​លទ្ធផល​នោះ​ឡើយ ព្រោះ​ភាគី​កម្ពុជា​ស្នើ​ឲ្យ​ភាគី​ឡាវ​ផ្អាក​សាងសង់​ដើម្បី​រង់ចាំ​ការ​ពិភាក្សា​លើ​ថ្នាក់​ជាតិ តែ​ពួក​គេ​នៅ​តែ​បន្ត​អនុវត្ត​តាម​ស្មារតី​អង្គប្រជុំ​ឯកភាព​លើ​កំណត់ហេតុ​ខ្លឹមសារ​ចំណុច​ទី​៣ ដោយ​មិន​បញ្ឈប់ ឬ​ផ្អាក​ការ​សាងសង់​នោះ​ដដែល​៕