ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ង៉ោ សុវណ្ណ ទាមទារ​ឲ្យ​ក្រុមហ៊ុន ផា​ន អ៊ី​មិច ប្រញាប់​ចេញ​មុខ​ដោះស្រាយ​ជាមួយ​ពលរដ្ឋ​ម្ចាស់​ដី

7 ឆ្នាំ មុន

ខេត្តកណ្តាល ៖ លោក ង៉ោ សុវណ្ណ ប្រធាន​គណៈ​ពង្រឹង​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ជួយ​ឃុំ​គគីរ​ធំ និង​ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល

ខេត្តកណ្តាល ៖ លោក ង៉ោ សុវណ្ណ ប្រធាន​គណៈ​ពង្រឹង​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ជួយ​ឃុំ​គគីរ​ធំ និង​ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល បាន​តម្រូវ​ឲ្យ​ក្រុមហ៊ុន ផា​ន អ៊ី​មិច ប្រញាប់​ចេញ​មុខ​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​ម្ចាស់​ដី​។ ពិធី​ជួបជុំ​គ្នា​ដើ​ម្ប​រក​ដំណោះស្រាយ​វិវាទ​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន ផា​ន អ៊ី​មិច នេះ បាន​ប្រារ​ព្វ​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​៣០​ខែមីនា ឆ្នាំ​២០១៧ នៅ​ក្នុង​បរិវេណ​វត្ត​ចាស់ ហៅ​វត្ត​គគីរ​ធំ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក ង៉ោ សុវណ្ណ ប្រធាន​គណៈ​ពង្រឹង និង​ក្រុមការងារ​អាជ្ញាធរ​ស្រុក ឃុំ ភូមិ តំណាង​ភាគី ក្រុមហ៊ុន ផា​ន អ៊ី​មិច និង​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ដី​នៅ​ក្នុងភូមិ​ពោធិ៍​មៀ​វ ឃុំ​គគីរ​ធំ ជា​ច្រើន​ផង​ដែរ​។

ក្នុង​ពិធី​ជួបជុំ​ពិភាក្សា​គ្នា​រក​ដំណោះស្រាយ​រឿង​វិវាទ​ដីធ្លី​នេះ ក៏​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ឡើង​បញ្ចេញមតិ​អះអាង​ថា ពួក​គាត់​សុទ្ធតែ​ជា​ម្ចាស់​ដី​នៅ​ចំណុច​បឹង​កូន​ប្រវឹក បឹង​បៀរ​៣​ត ប្រឡាយ​ប្រាំ​រយ អូរ​អំបោស អូរ​សង្កត់ក ផ្លូវបំបែក​កូន​ក្អែក អូរ​ឈូក​ដែល​បាន​រុករាន​ដាំពោត ល្ង សណ្តែក កក់ ដាំ​ក្រចៅ ស្រូវ តាំងពី​ឆ្នាំ​បែក​ហើយដោយ ខ្លះ​មាន​ទំហំ​កន្លះ​អា កៅសិប​អា មួយ​ហិ​កតា ពី​រហិក​តា បី​ហិ​កតា និង​រហូត​ដល់​បួន​ហិ​កតា​ខាងលិច ខាងកើត ខាងជើង ខាងត្បូង​មាន​ព្រំ​ច្បាស់លាស់ ហើយ​ត្រូវ​ក្រុមហ៊ុន ផា​ន អ៊ី​មិច រំលោភ​យក​តាំងពី​ឆ្នាំ​១៩៩៥ ខណៈ​ពួក​គាត់​ដែល​ជា​ម្ចាស់​ដី​ពិតប្រាកដ​មិន​ទាន់​បាន​ដំណោះស្រាយ​ពី​ក្រុមហ៊ុន​។

ហើយ​ពលរដ្ឋ​ខ្លះ​ទៀត​រស់នៅ​ក្នុងភូមិ​ពោធិ៍​មៀ​វ ឃុំ​គគីរ​ធំ នេះ​ដែរ​ក៏​បាន​ឡើង​អះអាង​ថា ពួក​គាត់​ត្រូវ​ក្រុមហ៊ុន​ចុះ​វាស់វែង​តាំងពី​ឆ្នាំ​១៩៩៥ តែ​មិន​ទាន់​ឲ្យ​លុយ​គ្រប់ ហើយ​ខ្លះ​ទទួល​បាន​តែ​លុយ​កក់​ប៉ុណ្ណោះ​តាំងពី​ឆ្នាំ​១៩៩៥​ដូច​គ្នា​។ ពលរដ្ឋ​លើក​ឡើង​ទៀត​ថា តាំងពី​ពេល​នោះ​មក​ក៏​ស្ងាត់ ហើយ​ក្រុមហ៊ុន​ក៏​បាន​ជួល​ដី​ខាងលើ​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន ធ្វើ​ស្រូវ​លុះ​ចូល​ដល់​ឆ្នាំ​២០១៧ នេះ​ស្រាប់តែ​ខាង​ក្រុម​ហ៊​ន​ដាក់​គ្រឿងចក្រ​២-៣​គ្រឿង មក​ធ្វើ​សកម្មភាព​ឈូស​ឆាយ លើក​ទំនប់​ឡោម​ព័ទ្ធ​លើ​ដី​ពួក​គាត់​មិន​ទាន់​បាន​លក់ និង​ខ្លះ​មិន​ទាន់​បាន​ទូទាត់​ឲ្យ​លុយ​គ្រប់​ចំនួន ទើប​ពួក​គាត់​នាំ​គ្នា​ដាក់​ពាក្យបណ្តឹង​ចូល​ទៅ​រដ្ឋបាល​ឃុំ ស្រុក​កៀនស្វាយ រយៈពេល​ជាង​មួយ​ខែ ហើយ​មិន​ទាន់​មាន​ដំណោះស្រាយ តែ​គ្រឿងចក្រ​ក្រុមហ៊ុន​នៅ​តែ​បន្តសកម្មភាព​ឈូស​ឆាយ​លើ​ដី​របស់​គាត់។

ទោះបី​ពួក​គាត់​នាំ​ទៅ​ឃាត់​ក៏​ក្រុមហ៊ុន​នេះ​នៅ​តែ​លួច​បន្តសកម្មភាព​ដដែល រហូត​ព័ត៌មាន​នេះ​ដឹង​ដល់​លោក ង៉ោ សុវណ្ណ ប្រធាន​គណៈ​ពង្រឹង​ឃុំ​ក៏​ណាត់ជួប​ជាមួយ​តំណាង​ភាគី​ក្រុមហ៊ុន​ចុះ​មក​សម្របសម្រួល​នា​ព្រឹក​នេះ​តែ​ម្តង​។ លោក សុខ ពិ​សិទ្ធ អភិបាលរង​ស្រុក​កៀនស្វាយ​បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ គឺ​អាជ្ញាធរ​ស្រុក​បាន​ទទួល​ពាក្យបណ្តឹង​របស់​ពលរដ្ឋ​ដែល​ប្តឹង​ក្រុមហ៊ុន ផា​ន អ៊ី​មិច រំលោភ​បំពាន​យក​ដី​នោះ​ចំនួន​៣៥​គ្រួសារ ដែល​មាន​ផ្ទៃដី​សរុប​ប្រហែល​៥៧​ហិ​កតា ក្នុង​នោះ​នៅ​ចំណុច​បៀរ​៣​ត​មាន​៩​បណ្តឹង ចំណុច​ប្រឡាយ​ប្រាំ​រយ​៥​បណ្តឹង ចំណុច​បឹង​កូន​ប្រវឹក​៣​បណ្តឹង ចំណុច​ផ្លូវបំបែក​១១​បណ្តឹង ចំណុច​កូន​ក្អែក​បណ្តឹង អូ​សង្កត់ក​១​បណ្តឹង អូរ​ឈូក​១​បណ្តឹង អូរ​អំបោស​១​បណ្តឹង​។

លោក​អភិបាលរង​ស្រុក​បន្ត​ថា ស្រុក​កៀនស្វាយ​គឺជា​ស្រុក​មួយ​ដែល​សម្បូរ​រឿង​ទំនាស់​ដីធ្លី​ច្រើន​ជាងគេ​ក្នុង​ចំណោម​ស្រុក​ទាំងអស់​ក្នុង​ខេត្តកណ្តាល ហេតុ​ដូច្នេះ​ហើយ​ទើប​ដំណោះស្រាយ​ជូន​ពលរដ្ឋ​មានការ​យី​ត​យ៉ាវ​បន្តិច​។ លោក​អភិបាលរង​ក៏​បាន​ប្រាប់​ឲ្យ​ពលរដ្ឋ​ដែល​មាន​ដី​ពាក់​ព​ន្ធ័​ជាមួយ​ក្រុមហ៊ុន​មិន​ទាន់​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​សូម​បន្ត​នាំ​គ្នា​ទៅ​ដាក់​ឲ្យ​បាន​គ្រប់​ៗ​គ្នា ដើម្បី​ស្រុក​ពិនិត្យ​មើល​តាម​ឯកសារ​រួច​ឲ្យ​បងប្អូន​ចុះ​ទៅ​បង្ហាញ​ទីតាំង​ដី​ពិតប្រាកដ​។ លោក ចាន់ ធូ មេឃុំ​គគីរ​ធំ​ក៏​សូម​ឲ្យ​បងប្អូន​ពលរដ្ឋ​ដែល​មាន​ដី​ពាក់ព័ន្ធ​ពិតប្រាកដ ចាំ​ដាក់​ពាក្យ​ប្តឹង​មក​ងាយស្រួល​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ភាគី​ក្រុមហ៊ុន​ដោះស្រាយ​ជូន​។ ចំណែក​លោក ប្រាក់ សុផល តំណាង​ក្រុមហ៊ុន ផា​ន អ៊ី​មិច និយាយ​ថា ក្រុម​ហ៊​ន​ធ្វើ​នេះ​គឺ​ផ្អែក​ទៅ​តាម​ឯកសារ និង​តែងតែ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ជា​និច្ច ហើយ​រូប​លោក​នៅ​ប្រចាំការ​ដោះស្រាយ​ជូន​បងប្អូន​រហូត​។

ក្នុង​ឱកាស​នោះ​ដែរ​លោក ង៉ោ សុវណ្ណ ក្នុង​នាម​ប្រធាន​គណៈ​ពង្រឹង ឃុំ​ដែល​តែងតែ​យកចិត្តទុកដាក់​ដឹកនាំ​ក្រុមការងារ​ចុះ​ជួយ​ដោះស្រាយ​រាល់​ទុក្ខ​កង្វល់​របស់​ពលរដ្ឋ​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ក៏​បាន​ឲ្យ​ខាង​ក្រុមហ៊ុន​ផ្អាក​សកម្មភាព​ឈូស​ឆាយ​សិន​ទៅ រង់ចាំ​ដោះស្រាយ​ជូន​ពលរដ្ឋ​ឲ្យ​ចប់​រឿង​ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​កើតឡើង​។ តែ​ទោះ​យ៉ាងណា​លោក ង៉ោ សុវណ្ណ ក៏​សុំ​កុំ​ឲ្យ​បងប្អូន​ពលរដ្ឋ​យើង​ធ្វើ​អ្វី​ឲ្យ​ខុស​ពី​ច្បាប់ ទៅ​ប្រើ​អំពើ​ហិង្សា​ដុត​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​នាំ​ឲ្យ​មានទោស​ត្រូវ​រក្សា​ភាព​ថ្លៃថ្នូរ រក​វិធី​ដោះស្រាយ​គ្នា​តាម​ផ្លូវច្បាប់​។

លោក​ប្រធាន​គណៈ​ពង្រឹង​បន្ត​ទៀត​ថា ធម្មតា​ទេ​ប្រទេស​មាន​សុខ​សន្តិភាព​វា​តែងតែ​មានការ​អភិវឌ្ឍន៍ ប៉ុន្តែ​ការ​អភិវឌ្ឍន៍​ដើម្បី​ភាព​រីក​ចម្រើន​របស់​ប្រជាពលរដ្ឋ បើសិន​ការ​អភិវឌ្ឍន៍​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ពលរដ្ឋ​ក្នុង​នាម​គណៈ​ពង្រឹង​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​ចុះ​មក​ដោះស្រាយ​ជូន​ពួក​គាត់​ព្រោះ ពួក​គាត់​ជា​ពលរ​ដ្ធ​ខ្មែរ​។ ដើម្បី​ងាយស្រួល​ក្នុង​រក​ដំណោះស្រាយ​លោក ង៉ោ សុវណ្ណ ក៏​បាន​ឲ្យ​បងប្អូន​ពលរដ្ឋ​ដែល​មាន​វិវាទ​ដី​២​ករណី​ជាមួយ​ក្រុមហ៊ុន ផា​ន អ៊ី​មិច ដែល​ករណី​ទិញ​លក់​មិន​ទាន់​បាន​សម្រេច និង​ករណី​មិន​ទាន់​បាន​លក់ សូម​ចុះ​ឈ្មោះ​ជាមួយ​អាជ្ញាធរ​ស្រុក ឃុំ​នៅ​កន្លែង​នេះ​ដដែល នៅ​ថ្ងៃ​សៅរ​ទី​១ ខែមេសា ខានស្អែក​នេះ​៕