ខេត្តកំពងស្ពឺ ៖ ចាប់ឡានទុកច្រើនថ្ងៃ ហៅម្ចាស់មកបង់លុយទើបអោយឡានទៅវិញ ដោយពុំចេញប័ណ្ណផាកពិន័យឡើយ ។ ថ្នាក់ដឹកនាំនាយកដ្ឋាននគរបាលចរាចរណ៍ក្រសួងមហាផ្ទៃគួរពិនិត្យក្រុមចល័តដែលឈរជើងនៅផ្លូវជាតិលេខ៤១ផង ព្រោះរាល់ថ្ងៃនេះ ក្រុមមន្ត្រីទាំងនោះបានធ្វើព្យុះភ្លៀងតាមអំពើចិត្តដោយគ្មានខ្លាចញញើតច្បាប់បន្តិចឡើយ ខណ:ខ្លួនជាមន្ត្រីអនុវត្តច្បាប់។

អ្នកណាក៏ដឹងដែរថា ក្រុមមន្ត្រីនគរបាលចរាចរណ៍មកពីក្រសួង ជាកម្លាំងរបស់នាយកដ្ឋានគរបាលសណ្តាប់ធ្នាប់ចល័ត ដែលមានគោលដៅហ្វិចនៅចន្លោះគីឡូម៉ែត្រ២១.២២ ក្នុងឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហួ គឹមសាន ត្រូវបានអ្នកដំណើរឆ្លងកាត់ និងអ្នកមូលដ្ឋានរិះគន់ថា ធ្វើការគ្មានការអាណិតអាសូរ និងយោគយល់ដល់ពលរដ្ឋដែលមានកំហុសតិចតួចឡើយ សូម្បីតែកំហុសលើកទី១ក៏ដោយ គឺធ្វើយ៉ាងណាត្រូវតែបង់លុយទៅតាមកំហុសរបស់ខ្លួន ដែលប្រើប្រាស់យានយន្តនៅពេលដែលត្រូវឃាត់។
ម្ចាស់យានយន្តខ្លះបើកបរមិនពាក់ខ្សែក្រវាត់ គឺតម្រូវអោយបង់លុយពិន័យភ្លាមៗតែម្តង បើទោះជាមានការសុំអោយចេញប័ណ្ណផាកពិន័យ ចាំយកលុយបង់នៅពេលក្រោយក៏មិនត្រូវបានយល់ព្រមដែរ ។ រីឯអ្នកខ្លះទៀតមានកំហុសដោយមិនមានស្លាកលេខនៅពេលឃាត់សួរមិនមានប័ណ្ណបើកបរទៀត គឺពិន័យគុណនឹង២ បើមិនបង់ពិន័យទេ គឺមិនអាចបន្តដំណើរទៅមុខបានឡើយ ។ ជាក់ស្តែង កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមកូនចៅលោក ហួ គឹមសាន ឃាត់រថយន្តតូចមួយគ្រឿងដែលជារថយន្តទើបនឹងទិញ ពេលឃាត់ដំបូងគឺក្រុមមន្ត្រីនគរបាលទាំងនោះបានតម្រូវអោយបង់ពិន័យ៣០០$ តែម្ចាស់រថយន្តមានតែ២០០$ ក៏សុំបង់ត្រឹម២០០$ ។
តែក្រុមមន្ត្រីក្រោមការដឹកនាំរបស់លោកហួ គឹមសាន មិនព្រមនោះឡើយ ដោយសារគ្មានជំរើសនិងមិនមានលុយបង់ ម្ចាស់រថយន្តបានទុករថយន្តចោលនៅទីនោះ ហើយក៏ជិះតាក់ស៊ីទៅផ្ទះបាត់ទៅ ។ ក្រោយមក ៣ថ្ងៃទើបបុរសម្នាក់ដែលអះអាងថា ខ្លួនជាមន្ត្រីនគរបាលនាយកដ្ឋានត្រូវជាកូនចៅរបស់លោកហួ គឹមសាន បានទាក់ទងហៅម្ចាស់រថយន្តនោះអោយមកយករថយន្តរបស់ខ្លួនវិញ ហើយទារលុយចំនួន២០០ដុល្លារ ។ តែត្រូវម្ចាស់រថយន្តនោះថា មិនមានលុយទេ មន្ត្រីនោះក៏ទារ១៥០ដុល្លារ តែត្រូវម្ចាស់រថយន្តអោយត្រឹម៥០ម៉ឺនរៀល ក៏យករថយន្តជិះទៅផ្ទះបាត់ទៅ ដោយពុំមានចេញវិក័យប័ត្របង់ពិន័យឡើយ ។

យោងតាមមន្ត្រីមូលដ្ឋានដែលធ្លាប់រួមការងារជាមួយក្រុមនាយកដ្ឋាននេះក៏បានបង្ហើបផងដែរថា ករណីនេះមិនមែនទើបតែកើតមានលើកទី១នោះទេ គឺច្រើនដងមកហើយ ។ មានការលើកឡើងជាសំណួរថា តើការធ្វើបែបនេះ តើចំណូលមិនមានចេញប័ណ្ណផាកពិន័យនេះក្រុមអស់លោកទាំងនោះយកទៅណា? ឬមួយក៏ថ្នាក់លើដាក់ក្រុមនេះមកដើម្បីរកលុយចិញ្ចឹមមេនៅក្រសួង? ប្រភពដដែលបន្តថា ក្រុមដែលមកពីនាយកដ្ឋាននេះ គឺចល័តពេញខេត្តកំពង់ស្ពឺតែម្តង ហើយចំណូលដែលរកបានក្នុងមួយថ្ងៃៗរាប់លានរៀល ចំណូលដែលរកបានភាគច្រើនគឺចូលហោប៉ៅបុគ្គលមិនសូវបានទៅចូលរដ្ឋនោះទេ។
ការដែលមន្ត្រីអនុវត្តច្បាប់បែរជាប្រព្រឹត្តខុសច្បាប់ដោយរួមគ្នាបង្កើតអោយមានអំពើពុករលួយជាប្រព័ន្ធបែបនេះធ្វើអោយបាត់បង់ថវិកាជាតិយ៉ាងខ្លាំង មិនតែប៉ុណ្ណោះ ធ្វើអោយប៉ះពាល់ដល់កិត្យានុភាពរបស់ថ្នាក់ដឹកនាំនគរបាលដែលលោកមិនដឹងរឿងយ៉ាងខ្លាំង។
បញ្ហានេះ ឯកឧត្តមនាយឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាពិសេស សម្តេចក្រឡាហោមស ខេង មេត្តាពិនិត្យមើលសកម្មភាពរបស់ក្រុមលោកហួ គឹមសាន នេះផង ចៀសវាងប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងមន្ត្រីនគរបាលដែលស្អាតស្អំ ។ មានការលើកឡើងទៀតថា ក្រុមនគរបាលសណ្តាប់ធ្នាប់ចរាចរណ៍ចល័តរបស់នាយកដ្ឋានធ្វើការហាក់បីដូចជាលម្អៀងយ៉ាងខ្លាំង ក្នុងការអនុវត្តកាតព្វកិច្ចទៅលើពលរដ្ឋតូចតាច ជាក់ស្ដែងកាលពីពេលកន្លងទៅដូចគ្នា ទៅកុងរថយន្តដឹកទំនិញមួយគ្រឿងបានបើកបរមិនពាក់ខ្សែក្រវ៉ាត់ ហើយមិនមានប័ណ្ណបើកបរទៀតផង ។
តាមច្បាប់គឺតម្រូវឲ្យមានការផាកពិន័យ២៤០.០០០០ម៉ឺនរៀល តែដោយមានអន្តរាគមន៍ក្រុមកូនចៅលោកហួ គឹមសាន ពិន័យត្រឹមតែ7ម៉ឺនរៀលតែប៉ុណ្ណោះ ហើយក៏គ្មានចេញប័ណ្ណផ្អាកពិន័យអ្វីដែរ ។ ចៀសវាងមានការយល់ច្រឡំ ព្រោះជាការការបង្ហើបនិងលើកឡើងតែម្ខាង ។ អ្នកយកព័ត៌មានយើងបានបន្តសុំការពន្យល់បកស្រាយពីលោកឧត្តមសេនីយ៍ត្រី ហួ គឹមសាន ប្រធានគោលដៅ ដើម្បីកុំអោយមានការរិះគន់ទៅដល់ថ្នាក់ដឹកនាំក្រសួង ។
អ្នកយកព័ត៌មានយើងបានសុំការពន្យល់ពីលោកឧត្តមសេនីយ៍ត្រី ហួ គឹមសាន ដោយលោកបានឆ្លើយតបតាមប្រព័ន្ធតេឡេក្រាមថា កាលពីថ្ងៃទី០៨ តុលា ឆ្នាំ២០២២ ក្រុមល្បាតត្រួតពិនិត្យចល័តផ្លូវជាតិលេខ៣,៤,៤១,៤៤ និង៥១ បានដាក់គោលដៅត្រួតពិនិត្យបទល្មើសចរាចរណ៍ នៅផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ ២១-២២ បានត្រួតពិនិត្យរថយន្តមួយគ្រឿងម៉ាក TOYOTA PRIUS ពណ៌ប្រផេះ គ្មានផ្លាកលេខនៅវេលាម៉ោង១៤ និង៣៩នាទី ដោយម្ចាស់រថយន្តមិនបានភ្ជាប់នៅឯកសាររថយន្តមកជាមួយ រួចម្ចាស់រថយន្តបានចាកចេញទៅចោលរថយន្ត ដោយពុំបានផ្ដល់ដំណឹងដល់មន្ត្រីយើងឡើយ ។
លុះដល់ថ្ងៃទី១២ តុលា ឆ្នាំ២០២២ ដោយម្ចាស់រថយន្តមិនបានចូលរួមដោះស្រាយ ទើបក្រុមការងារបានទំនាក់ទំនងទៅម្ចាស់រថយន្តអោយចូលរួមមកដោះស្រាយ ដោយម្ចាស់រថយន្តបានភ្ជាប់ឯកសារទិញលក់រថយន្ត ដោយពិនិត្យឃើញថារថយន្តនេះទើបតែទិញ ទើបក្រុមការងារបានណែនាំម្ចាស់រថយន្តអោយប្រញាប់ទៅចុះបញ្ជីធ្វើផ្លាកលេខ ម្ចាស់រថយន្តបានទទួលយកការណែនាំពីមន្ត្រីយើងយ៉ាងរីករាយ។ តែលោកមិនបានបញ្ជាក់ពីរឿងយកលុយ៥០ម៉ឺនរៀលមិនចេញវិក័យប័ត្រឡើយ។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូនលើកាសែតកោះសន្តិភាព ។
ចែករំលែកព័តមាននេះ