ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ចចម្រុះ មានកងរាជអាវុធហត្ថ កម្លាំងនគរបាលសហគមន៍នេសាទ ដឹកនាំដោយខណ្ឌ និងផ្នែករដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ និងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ បានចុះបង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រស្រុករលាប្អៀរ និងស្រុកជល់គីរី។
![Picture]()
លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០២២ សមត្ថកិច្ចចម្រុះ ដឹកនាំដោយមន្ត្រីខណ្ឌផ្នែករដ្ឋបាលជលផល មានគ្នាសរុប១៤នាក់ ប្រើប្រាស់កាណូតបាឡាស្មាច់ចំនួន២គ្រឿង បានចុះបង្ក្រាបបទល្មើសនៅចំណុចព្រែកប្រណាក, ចំណុចខ្វែងឆ្លុះស្ថិតក្នុងភូមិភ្លង ឃុំពាមឆ្កោក, ចំណុចអន្លង់អក ក្នុងភូមិកំពង់បាស្រូវ ឃុំជលសារ ស្រុកជល់គីរី។
![Picture]()
លោកបន្តថា ជាលទ្ធផលការបង្ក្រាប គឺរបាំងស្បៃមុងចំនួន៩ ន្លែងមានប្រវែង៤៥០ម៉ែត្រ, លបលូស្បៃមុង៩លប, បង្គោល៤៥០ដើម និងចាក់លែងកូនត្រីចម្រុះប្រមាណជាង១០០គីឡូក្រាម ចូលទន្លេវិញ។
ដោយឡែក ថ្ងៃទី១៧ ខែតុលា សមត្ថកិច្ចចម្រុះបានចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចកោះកែវ, ចំណុចអន្លង់អក និងចំណុចអន្លង់អណ្ដើក ស្ថិតក្នុងភូមិកំពង់រាំង ឃុំស្វាយជ្រុំ ស្រុករលាបៀរ។ ជាលទ្ធផលនៃការបង្ក្រាប គឺរួសរើរបាំងសាច់អួនចំនួន៦កន្លែង ស្មើនឹង៥៥០ម៉ែត្រ, លបលូសាច់អួន៦លប, បង្គោល១៣០ដើម និងកូនត្រីចម្រុះចូលទន្លេវិញចំនួនប្រមាណ២០ គីឡូក្រាមផងដែរ។
ក្នុងនាមមន្ត្រីរដ្ឋបាលជលផល លោក លីឡា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមមេត្តាបញ្ឈប់ការប្រព្រឹត្តបទល្មើសនេសាទជាបន្តទៀត៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ