ខេត្តកណ្តាល ៖ នៅរសៀលថ្ងៃទី២៨ មីនា អ្នកភូមិប្រមាណ៣០គ្រួសារនៅភូមិពោធិ៍មៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ បាននាំគ្នាទៅឡោមព័ទ្ធគ្រឿងចក្ររបស់ក្រុមហ៊ុនផាន អីុម៉ិច របស់លោកស្រីឧកញ៉ា ស៊ុយ សុផាន ដែលលួចកាយទំនប់ធ្វើព្រំលើដីរបស់ពួកគាត់។ នៅពេលឃើញអ្នកស្រុកលើកគ្នារារាំងគ្រឿងចក្រភាគីក្រុមហ៊ុនបានផ្អាកសកម្មភាព និងបានកាយអាចម៍ដីលុបរណ្តៅវិញខណៈពេលដែលអ្នកភូមិទាំងនោះពុះកញ្ជ្រោលប្រឆាំងតវ៉ាយ៉ាងខ្លាំង ។ ពេលអ្នកស្រុកនាំគ្នាត្រឡប់មកផ្ទះវិញអស់ ស្រាប់តែគ្រឿងចក្ររបស់ក្រុមហ៊ុននេះបានបន្តលួចធ្វើសកម្មភាពកាយដីដដែល ។ ទង្វើនេះហៅថា «សង្គ្រាមដណ្តើមយកដីរាស្ត្រ» ។
ប្រជាពលរដ្ឋដែលនាំគ្នាទៅរារាំងគ្រឿងចក្ររបស់ក្រុមហ៊ុនលោកស្រីឧកញ៉ា ស៊ុយ សុផាន បានអះអាងថា ភាគីក្រុមហ៊ុនមួយនេះបានរំលោភបំពានយកដីស្រែប្រាំងរបស់ពួកគាត់ ពេលនេះមិនត្រឹមតែតវ៉ានៅកន្លែងទីតាំងកាយដីនោះទេ គឺពួកគាត់បានដាក់ពាក្យបណ្តឹងចូលទៅសាលាឃុំ និងរដ្ឋបាលស្រុកកៀនស្វាយរួចរាល់អស់ហើយ បើគិតមកទល់ពេលនេះរយៈពេលមួយខែហើយ តែនៅមិនទាន់មានដំណោះស្រាយនៅឡើយទេ ជាហេតុធ្វើឲ្យភាគីខាងក្រុមហ៊ុនឆ្លៀតឱកាសលួចកាយទំបន់ព័ទ្ធយកដីរបស់ពួកគាត់តាមទំនើងចិត្ត ។ តាមពិតទៅក្រុមហ៊ុនផានអីុម៉ិច មិនត្រឹមតែបង្កបាតុភាពក្នុងសង្គមឱ្យវឹកវររឿងទំនាស់ដីធ្លីប៉ុណ្ណោះទេ គឺចេញមុខជាចំហរតែម្តង ។
ទាក់ទិននឹងទំនាស់ដីធ្លីរវាងក្រុមហ៊ុនផានអីុម៉ិច និងប្រជាពលរដ្ឋ លោក ង៉ោ សុវណ្ណ ក្នុងនាមជាប្រធានគណៈពង្រឹងឃុំគគីរធំ និងឃុំសំរោងធំ ស្រុកកៀនស្វាយ នឹងចេញមុខដោះស្រាយជាមួយក្រុមហ៊ុន បើពុំនោះទេ ពលរដ្ឋម្ចាស់សន្លឹកឆ្នោតមិនសប្បាយចិត្ត ហើយអាចយល់ច្រឡំទៅលើបក្សកាន់អំណាចថា អត់សមត្ថភាព៕
ចែករំលែកព័តមាននេះ