ខេត្តកំពង់ចាម ៖ ក្រុមជាងបាននិងកំពុងតែមមារញឹកក្នុងការស្ថាបនាវិមានឯករាជ្យសាងសង់ថ្មី
នៅទន្លេអុំ ស្ថិតនៅចំណុចភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ដែលរហូតមកទល់ពេលនេះ គឺដំណើរការសាងសង់បានប្រមាណ៩០%ពោលគឺនឹងរួចរាល់មុនផែនការកំណត់ ហើយក៏ត្រៀមសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅពេលខាងមុខដ៏ឆាប់នេះផងដែរ ។

លោកណាំ វុត្ថា អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តប្រាប់ឲ្យដឹងថា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត អមដំណើរដោយមន្ត្រីជំនាញមួយចំនួន បានអញ្ជើញចុះត្រួតពិនិត្យការស្ថាបនានេះដោយធ្វើឡើងនាព្រឹកថ្ងៃទី១៩ តុលា ឆ្នាំ២០២២ ជាមួយនោះ អាជ្ញាធរក៏បានក្រើនរំលឹកដល់ក្រុមជាងធ្វើយ៉ាងណាឱ្យរួចរាល់មុនផែនការ គឺនៅថ្ងៃទី០៩ វិច្ឆិកា ខាងមុខ នេះ គឺជាសមិទ្ធផលថ្មីស្រឡាងមួយទៀតនៅក្នុងក្រុងកំពង់ចាម ។

អនុប្រធានមន្ទីរសុរិយោដីខេត្តបន្តឲ្យដឹងទៀតថា សម្រាប់តួវិមានឯករាជ្យចាប់ពីខាងលើ រហូតដល់ផ្នែកខាងក្រោមផ្ទាល់ដី គឺនឹងត្រូវរួចរាល់។ ចំពោះការពង្រីកផ្លូវសួនច្បារបង់សម្រាប់អង្គុយកម្សាន្តលេងអាចនឹងត្រូវរួចរាល់តាមជំហានខាងក្រោយទៀត។ គួររំលឹកថា ក្រោមការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្ត បានឱ្យក្រុមជំនាញចុះសាងសង់វិមានឯករាជ្យថ្មីស្ថិតនៅភូមិទី៦ ដែលមានផ្ទៃរង្វង់ផ្នែកបាតក្រោម១៦.៤០ម៉ែត្រ មានចំនួន៤ថ្នាក់និងកម្ពស់២១.៩៦ម៉ែត្រ។

លោកអនុប្រធានមន្ទីររូបនេះបានបញ្ជាក់ថា ដោយទទួលបានការចាត់តាំងពីឯកឧត្តមអភិបាលខេត្ត គឺឲ្យរូបលោកចុះត្រួតពិនិត្យមើលបច្ចេកទេសនៃការសាងសង់វិមានឯករាជ្យជាប្រចាំ។ ពេលដែលស្ថាបនារួចរាល់នៅផ្នែកខាងក្រោម រៀបចំអាងបាញ់ទឹកដើម្បីលំអ ហើយចាប់ពីរង្វង់មូលវិមានឯករាជ្យដល់រង្វង់មូលសេះប្រណាំងទន្លេអុំ រដ្ឋបាលខេត្តរៀបចំពង្រីកផ្លូវឲ្យកាន់តែធំទូលាយជាមួយនោះគឺមានបង់សម្រាប់អង្គុយលេងដែលជាផ្នែកមួយទាក់ទាញនៅភ្ញៀវទេសចរផងដែរ។

មន្ត្រីជំនាញបានឲ្យដឹងថា វិមានឯករាជ្យបានចាប់ដំណើការសាងសង់ កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ។ ការសង់សង់ រហូតមកដល់ពេលនេះ សម្រេចបានលទ្ធផលប្រមាណជា៩០% ហើយ ។













ចែករំលែកព័តមាននេះ