ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​ឱ្យ​ពលរដ្ឋ​ផ្អាក​បរិភោគ​ត្រី​ងាប់​ក្នុង​ស្ទឹង

9 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ មន្ទីរ​បរិស្ថាន​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​នៅ​តាម​បណ្តោយ​ស្ទឹង​សែន ក្នុងស្រុក​ជ័យ​សែន​ឱ្យ​ផ្អាក​ការ​ប្រើប្រាស់​ទឹកស្ទឹង និងកុំ​យក​ត្រី​ដែល​ងាប់​ក្នុង​ស្ទឹង​ទៅ​

ខេត្តព្រះវិហារ ៖ មន្ទីរ​បរិស្ថាន​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​នៅ​តាម​បណ្តោយ​ស្ទឹង​សែន ក្នុងស្រុក​ជ័យ​សែន​ឱ្យ​ផ្អាក​ការ​ប្រើប្រាស់​ទឹកស្ទឹង និងកុំ​យក​ត្រី​ដែល​ងាប់​ក្នុង​ស្ទឹង​ទៅ​បរិភោគ ឬ​យកទៅ​លក់​បន្ត​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​ឬអាយុជីវិត ។ មន្ទីរ​បរិស្ថាន​ខេត្ត​ថ្លែង​បញ្ជាក់​ថា បានជា​មានការ​ប្រកាស​ឱ្យ​ផ្អាក​ការ​ប្រើ​ទឹក​និង​បរិភោគ​ត្រី​ដែល​ងាប់​អណ្តែត​ក្នុង​ទឹកស្ទឹង​នេះ ព្រោះ​រយៈពេល​ប្រមាណ​ជិត​១០​ថ្ងៃ​កន្លង​ទៅ​នេះ បង្ក​ឱ្យ​ត្រី​ជា​ច្រើន​ប្រភេទ​ទាំង​តូច​ទាំង​ធំ​បាន​ងាប់​ដោយសារ​តែ​ការ​ពុល​ទឹកស្ទឹង ដែល​ការ​ពុល​នោះ​នៅ​មិន​ទាន់​ដឹង​មូលហេតុ​ច្បាស់លាស់​ថា បណ្តាល​មក​ពី​អ្វី​ឲ្យ​ប្រាកដ​នៅឡើយ​ទេ ។

នៅ​ព្រឹក​ថ្ងៃ​ទី​២៨ មីនា លោក អៀ សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត បាន​ប្រាប់​អ្នក​សារព័ត៌មាន​តាម​ទូរស័ព្ទ​ថា ករណី​ត្រី​ពុល​ងាប់​ជា​ច្រើន​នៅ​ក្នុង​ទឹកស្ទឹង​សែន ស្ថិត​នៅ​ក្នុងស្រុក​ជ័យ​សែន​នោះ​បាន​កើតឡើង​ប្រមាណ​ជិត​១០​ថ្ងៃ​មក​ហើយ តែ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​ថា​តើ​ត្រី​ដែល​ងាប់​នោះ ពុល​ដោយសារ​អ្វី​ឱ្យ​ច្បាស់លាស់​នោះ​ទេ ។ ហើយ​មក​ដល់​ពេល​នេះ មន្ទីរ​បរិស្ថាន​ខេត្ត​បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ និង​បាន​យក​ទឹកស្ទឹង​ដែល​មានការ​ពុល​ងាប់​ត្រី​នោះ​ទៅ​មណ្ឌល​ពិសោធន៍​នៅ​ក្រសួងបរិស្ថាន​ហើយ ប៉ុន្តែ​មិន​ទាន់​ដឹង​លទ្ធផល​ត្រឡប់​មក​វិញ​ទេ ។ ដូច្នេះ​លោក​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ដែល​រស់នៅ​ក្បែរ​ឬ​ជាប់មាត់​ស្ទឹង​សែន​ឲ្យ​ផ្អាក​ប្រើប្រាស់​ទឹក​នោះ និង​បរិភោគ​សាច់​ត្រី​ដែល​ងាប់ ឬ​យក​ទៅ​លក់ដូរ​បន្ត​នៅ​លើ​ទីផ្សារ​មួយ​រយៈ​សិន ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព ឬ​អាយុជីវិត​របស់​អ្នក​បរិភោគ​ជាយថាហេតុ​ទៀត​ផង ។

លោក​បាន​សុំ​ឱ្យ​ពលរដ្ឋ​ងាក​មក​ប្រើប្រាស់​ទឹក​អណ្តូង​ជា​បណ្តោះអាសន្ន​សិន រង់ចាំ​មន្ត្រី​ជំនាញ​ផ្តល់​ដំណឹង​ពី​លទ្ធផល​នៃ​ការ​ពិសោធ​នោះ ថា​អាច​ប្រើប្រាស់​បាន​វិញ ឬ​មិន​បាន​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។ ជាមួយនឹង​ការ​អំពាវនាវ​នេះ លោក អៀ សុខា បាន​បន្ថែម​ថា បន្ទាប់​ពី​កើតហេតុ​ភ្លាម ប្រជាពលរដ្ឋ​បាន​យក​ត្រី​ដែល​ងាប់​នោះ​ទៅ​លក់ដូរ​ក៏​ដូច​ជា​ធ្វើ​ម្ហូប​សម្រាប់​បរិភោគ​មួយ​ចំនួន និង​បាន​ធ្វើ​ឲ្យ​មាន​អាការ​ពុល តែ​មិន​បណ្តាល​ឲ្យ​មនុស្ស​ណា​ម្នាក់​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទេ ។

ដោយឡែក​លោក ជុំ ពុ​យ អភិបាលស្រុក​ជ័យ​សែន បាន​អះអាង​ថា ការ​ពុល​នេះ​តែងតែ កើត​មាន​ជា​រៀង​រាល់​ឆ្នាំ ព្រោះ​កាលពី​ឆ្នាំ​២០១៦​ក៏​មាន​ករណី​ដូច​គ្នា​នេះ​ដែរ នៅ​ពេល​ដែល​ទឹកភ្លៀង​កក់ខែ​បាន​ធ្លាក់​មក​ធ្វើ​ឲ្យ​ទឹកបាន​ហូរ​ចូល​ទៅ​ក្នុង​ស្ទឹង​ក៏​បណ្តាល​ឲ្យ​មាន​ពុល​ត្រី​បែប​នេះ ។ តែ​ទោះជា​យ៉ាងណា​ក៏​ដោយ មិន​ទាន់​សន្និដ្ឋាន​ច្បាស់លាស់​នៅឡើយ​ទេ ដោយ​រង់ចាំ​លទ្ធផល​ពិសោធន៍​ពី​ក្រសួងបរិស្ថាន ទើប​ដឹង​ច្បាស់​ថា​វា​បណ្តាល​មក​ពី​អ្វី ។

ជាមួយ​គ្នា​នេះ​ដែរ​អ្នកស្រី ដែក សុខ​ខេន ជា​ពលរដ្ឋ​រស់នៅ​ភូមិ​គោក ឃុំ​ស្អាង ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ បាន​ឲ្យ​ដឹង​ថា ត្រី​រាប់​សិប​គីឡូក្រាម​មាន​ប្រភេទ​ត្រី សណ្តាយ ត្រី​រៀល ត្រី​ឆ្លាំង និង​ត្រី​តូច​ធំ​ជា​ច្រើន​ប្រភេទ​ទៀត បាន​ងាប់ ហើយ​អ្នកស្រុក​នៅ​ទីនោះ​ក៏​ដូច​ជា​រូប​អ្នកស្រី​ផង​ដែរ​ក៏​បាន​ទៅ​រើស​យក​ត្រី​ពី​ក្នុង​ទឹក​នោះ​មក​ចម្អិន​ធ្វើ​ម្ហូប អ្នកខ្លះ​បាន​យក​ទៅ​ធ្វើ​ប្រហុក ផ្អក​ជា​ច្រើន​ធុង​ជា​ច្រើន​ការុង ។ ស្ត្រី​រូប​នេះ​បន្ត​ថា នៅ​ពេល​បរិភោគ​ត្រី​នោះ​ហើយ រូប​អ្នកស្រី​ក៏​ដូច​ជា​ក្រុម​គ្រួសារ ចេះ​តែ​មិន​ស្រួល​ក្នុង​ខ្លួន​អស់កម្លាំង ញ័រ​ខ្លួនប្រាណ អ្នកខ្លះ​រាករូស អ្នកខ្លះ​ពុល​ក្អួតចង្អោរ​ជាដើម តែ​មិន​ធ្ងន់ធ្ងរ​ទេ ។

ចំណែក​ស្ត្រី លេង ក្រឹម រស់នៅ​ឃុំ​ស្អាង ស្រុក​ជ័យ​សែន​បាន​និយាយ​ថា បងប្អូន​របស់​គាត់ បាន​ទៅ​រើស​ត្រី​ដែល​ងាប់​ក្នុង​ស្ទឹង បាន​យក​មក​ចែក​ឲ្យ​បងប្អូន​ហូប បាន​មួយសន្ទុះ ស្រាប់តែ​ម្នាក់​ៗ​មាន​អាកា​រៈ​ញ័រ​ខ្លួន​តែ​ម្តង​ដើរ​មិន​រួច តែ​មួយសន្ទុះ​ក្រោយមក ទើប​ស្រួលខ្លួន​ដូច​ធម្មតា​វិញ ។

សូម​បញ្ជាក់​ថា ការ​ពុល​ត្រី​រាប់​ម៉ឺន​ក្បាល​ដែល​ងាប់​នោះ​ស្ថិត​នៅ​ក្នុង​ទឹកស្ទឹង​សែន ចំណុច​អូរ​ព្រៀល ស្ថិត​ក្នុងស្រុក​ជ័យ​សែន រហូត​មក​ដល់​ភូមិ​ដូន​ម៉ា ឃុំ​រក្សា ស្រុក​រវៀង ខេត្តព្រះវិហារ រយៈពេល​ជិត​១០​ថ្ងៃ​ហើយ លុះ​មក​ដល់​ថ្ងៃ​ទី​២៨ មីនា មន្ត្រី​បរិស្ថាន​បាន​បញ្ជាក់​ថា លែង​មាន​ត្រី​ពុល​ងាប់​ទៀត​ហើយ ៕