រាជធានីភ្នំពេញ ៖ ជារៀងរាល់ឆ្នាំ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ បើទោះបីប្រជាពលរដ្ឋរាជធានីភ្នំពេញ ភាគច្រើនបានចាកចេញទៅស្រុកកំណើត ឬទៅលេងកម្សាន្ត នៅតាមរមណីយដ្ឋាន និងបណ្តាខេត្ត-ក្រុងនានាក្តី ប៉ុន្តែក៏នៅមានបងប្អូនមួយចំនួន នៅចាំទទួលស្វាគមន៍ទេវតាឆ្នាំថ្មី ដើម្បីចូលរួមអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំ ដើម្បីបង្កភាពសប្បាយរីករាយ ។
អាជ្ញាធររាជធានីភ្នំពេញ ក៏បានត្រៀមផែនការរៀបចំតុបតែងក្នុងការដាក់ភ្លើងពណ៌ កែលំអ លើកកម្ពស់សោភណ័ភាព និងរៀបចំឱ្យមានការលេងល្បែងប្រជាប្រិយខ្មែរ នៅតាមរមណីយដ្ឋានវត្តភ្នំផងដែរ ។
លោកមាន ចាន់យ៉ាដា អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា សម្រាប់បុណ្យចូលឆ្នាំខ្មែរនេះ អាជ្ញាធរភ្នំពេញ បានត្រៀមកម្លាំងជាច្រើន ដើម្បីការពារ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់ ពិសេសទប់ស្កាត់មិនឲ្យមានបទល្មើសផ្សេងៗកើតឡើងដែលរំខានដល់សប្បាយភាពរបស់ប្រជាពលរដ្ឋឡើយ ។ ហើយកំលាំងទាំងនោះ បានត្រៀមប្រចាំការ បើមានបញ្ហាអ្វីកើតឡើង ត្រូវចុះជួយអន្តាគមន៍ភ្លាមៗតែម្តង ពិសេសគ្រោះអគ្គិភ័យ ដែលតែងតែកើតមានស្ទើររាល់ឆ្នាំនោះ ។
លោកបន្តថា រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីណែនាំ ដោយបានធ្វើការហាមឃាត់មិនឱ្យដុតផាវ លេងល្បែងស៊ីសង,បាញ់កាំភ្លើង, ជះទឹកមានពណ៌, ទឹកកខ្វក់, គប់ស្បោងទឹក, លាបធ្យូងប៉ាតម្ស៉ៅ, ទះគក់ដោយដៃ ឬវាយដោយរំពាត់ ទៅលើអ្នកធ្វើដំណើរឡើយ ។
ចែករំលែកព័តមាននេះ