រាជធានីភ្នំពេញ ៖ នារីជាកម្មការិនីមានផ្ទៃពោះជាង៨ខែម្នាក់ ត្រូវស្ត្រីជាម្ចាស់ម៉ូតូនាំខ្លួនទៅកាន់ប៉ុស្ដិ៍ចោមចៅ កាលពីវេលាម៉ោង០៥ និង៣០នាទីល្ងាចថ្ងៃទី២៨ មីនា សុំឱ្យគរបាលប៉ុស្ដិ៍ចោមចៅជួយអន្តរាគមន៍ ដើម្បីទទួលខុសត្រូវក្នុងរឿងដែលប្តីនាង បានខ្ចីម៉ូតូស៊ីដាច់ ។
នាងជាប្រពន្ធខាងលើ ឈ្មោះកេង សុភាព អាយុ២៦ឆ្នាំ ជាកម្មការិនីរោងចក្រ (មានផ្ទៃពោះ៨ខែ) និងនាងមានស្រុកកំណើតនៅក្នុងភូមិតុំ ឃុំចំការក្រៅ ស្រុកដូនកែវ ខេត្តតាកែវ មានប្តីកំហូចឈ្មោះអ៊ី ទ្រេះសូរី ជាជនជាតិខ្មែរឥស្លាម អាយុ៣១ឆ្នាំ ជាកម្មកររោងចក្រកាត់ដេរ ស្រុកកំណើតភូមិអូរប្រាំ ឃុំស្ទឹងត្រង់ ស្រុក ស្ទឹងត្រង់ ខត្តកំពង់ចាម ស្នាក់នៅផ្ទះជួលនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ រីឯម៉ូតូយកទៅបញ្ចាំនោះ ម៉ាកហុងដាចង្កៀងមូល ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 1BN-9643 ដែលជាកម្មសិទ្ធិរបស់ស្ត្រីម្នាក់ឈ្មោះជុំ ម៉ាច អាយុ២៩ឆ្នាំ ជាកម្មកររោងចក្រកាត់ដេរ ។
បើតាមស្ត្រីជាប្រពន្ធថា ប្ដីនាងជាជនជាតិខ្មែរអ៊ិស្លាម បានទៅបោកម៉ូតូគេម្តងហើយម្តងទៀត និងធ្វើកើតរឿងមិនចេះចប់មិនចេះឡើយ ។ នៅលើកចុងក្រោយនេះ ប្ដីបានខ្ចីម៉ូតូអ្នកជិតខាងជិះ (ស្ត្រីដែលនាំមកប៉ុស្តិ៍) ទៅដាក់បញ្ចាំបាត់ ហើយមកនិយាយដោះសាប្រាប់ខ្លួនថា មានអ្នកស្គាល់គ្នាខ្ចីជិះបន្ត ហើយយកទៅបញ្ចាំបាត់ហើយ ។ ដោយនាងមិនចង់ឱ្យប្ដីមានរឿង សុខចិត្តយកប្រាក់ដែលម្ដាយក្មេកឱ្យទៅប្តី សម្រាប់ទៅលស់ម៉ូតូមកវិញ ប៉ុន្តែប្ដីនោះ បែរជាយកលុយទៅផឹកស៊ីបន្តរហូតអស់រលីង និងបានគេចខ្លួនបាត់ទៀត ។
តែទោះបីជាយ៉ាងណា នៅព្រឹកថ្ងៃទី២៩ មីនា ស្រាប់តែឃើញបុរសជាប្ដីនោះបានចូលខ្លួនទៅកាន់ប៉ុស្ដិ៍នគរបាលចោមចៅ ដើម្បីដោះស្រាយជាមួយម្ចាស់ម៉ូតូ ។
ចែករំលែកព័តមាននេះ