ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​បើកដៃ​ឲ្យ​យួន​ដឹក​ក្បឿង​តាម​ទូក​ឆ្លង​ដែន​ចូល​តាម​ច្រករបៀង​ស្រែ​បារាំង

9 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ អាជីវករ​លក់​គ្រឿងសំណង់​រិះគន់​សមត្ថកិច្ច​នគរបាល​វរ​ការពារ​ព្រំដែន​ប៉ុស្តិ៍​ច្រករបៀង​ស្រែ​បារាំង​បើកដៃ​ឲ្យ​ឈ្មួញ​វៀតណាម​

ខេត្តស្វាយរៀង ៖ អាជីវករ​លក់​គ្រឿងសំណង់​រិះគន់​សមត្ថកិច្ច​នគរបាល​វរ​ការពារ​ព្រំដែន​ប៉ុស្តិ៍​ច្រករបៀង​ស្រែ​បារាំង​បើកដៃ​ឲ្យ​ឈ្មួញ​វៀតណាម​នាំ​ក្បឿង​ពី​ប្រទេស​វៀតណាម​ឆ្លង​ដែន​តាម​ផ្លូវទឹក​ចូល​មក​ក្រុង​ស្វាយ​រៀងរាប់​សិប​ទូក​ក្នុង​មួយ​ថ្ងៃ​ៗ ហើយ​ដាក់​តាំង​លក់​នៅ​កំពង់​កាណូត​(​ចំណត​ជលយាន​ក្រុង​ស្វាយ​រៀង​) និង​ដឹក​លក់​តាម​រថយន្ត​ពេញ​ខេត្តស្វាយរៀង​សង្ស័យ​គ្មាន​ច្បាប់ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខរបរ​អាជីវករ​ខ្មែរ​ដែល​រកស៊ី​បង់ពន្ធ​ជូន​រដ្ឋ​។ ករណី​អាជីវករ​ផ្ទុះ​ការ​រិះគន់​នេះ​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ មីនា ២០១៧ នៅ​កំពង់​ចំណត​ជលយាន​ក្រុង​ស្វាយ​រៀង ស្ថិត​នៅ​ភូមិ​ចុង​ព្រែក សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង​។

បើ​តាម​មន្ត្រី​នគរបាល​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា ឈ្មួញ​ជនជាតិ​វៀតណាម​បាន​ដឹក​ក្បឿងក្បាច់ ដែល​ផលិត​នៅ​ប្រទេស​វៀតណាម តាម​ទូកប៉ុក​ចៃ​ធំ​ៗ (​ទូក​កាណូត​)​ចូល​មក​តាម​ប៉ុស្តិ៍​វរ​ការពារ​ព្រំដែន​ច្រករបៀង​ស្រែ​បារាំង ឃុំ​បា​សាក់ ស្រុក​ស្វាយ​ជ្រំ តាម​ទន្លេ​វ៉ៃ​គោ មក​កាន់​កំពង់​កាណូត​ក្រុង​ស្វាយ​រៀង​ក្នុង​មួយ​ថ្ងៃ​ៗ៤​ទៅ​៥​គ្រឿង ហើយ​ក្នុង​មួយ​គ្រឿង​ៗ​ដឹក​ក្បឿង​បាន​រាប់​ម៉ឺន​សន្លឹក យក​មក​ដាក់​តាំង​លក់​នៅ​ក្នុង​ចំណត​ជលយាន​ក្រុង​ស្វាយ​រៀងរាប់​លាន​សន្លឹក និង​ដឹក​តាម​រថយន្ត​ដើរ​លក់​ពាសពេញ​ខេត្ត​គ្មាន​ការ​រំខាន​ពី​សមត្ថកិច្ច​ឡើយ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា អាជ្ញាធរ​ក្រុង​ស្វាយ​រៀង​បាន​ដាក់​តូប​ប្រមូល​ភាស៊ី ដោយ​ដាក់​ក្តារខៀន​បង់ប្រាក់​នៅ​ទីនោះ​គឺ តារាង​ប្រមូល​ថ្លៃ​ភាស៊ី របស់​ចំណត​ជលយាន​ក្រុង​ស្វាយ​រៀង ទូក​ដឹក​ទំនិញ​ចំណុះ​៣០​ទៅ​៤០​តោន​១​គ្រឿង​៨០,០០០​រៀល ទូក​ចំណុះ​១០​ទៅ​២០​តោន​១​គ្រឿង​៥​ម៉ឺន​រៀល​។ ទូក​ចំណុះ​១​តោន​ទៅ​៥​តោន​១​គ្រឿង​២​ម៉ឺន​រៀល រថយន្ត​ដឹក​ទំនិញ​ផ្សេង​ៗ ១​គ្រឿង​៥​ពាន់​រៀល រថយន្ត​ធុន​តូច​១​គ្រឿង​៣​ពាន់​រៀល​។ ម៉ូតូ​រ៉ឺ​ម៉ក​១​គ្រឿង​៥០០​រៀល ទំនិញ​ចាប់ហួយ ១​តោន​២​ពាន់​រៀល ទំនិញ​ផ្សេង​ៗ១​តោន​២​ពាន់​រៀល​។

ទាក់ទិន​ឈ្មួញ​វៀតណាម​ដឹក​ក្បឿង​តាម​ទូក​មក​តាម​ផ្លូវទឹក​ចូល​តាម​ច្រករបៀង​ស្រែ​បារាំង​នេះ​ដែរ​លោក​ប្រធាន​ចំណត​ជលយាន​ក្រុង​ស្វាយ​រៀង​បាន​មាន​ប្រសាសន៍​ថា គាត់​ដឹង​តែ​យក​ថ្លៃ​ភាស៊ី​ទេ ការ​នាំ​ទំនិញ​ចូល​គឺ​ឲ្យ​សួរ​ទៅ​សមត្ថកិច្ច​ច្រករបៀង​ស្រែ​បារាំង​វិញ​។ ចំណែក​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ព្រំដែន​ច្រករបៀង​ស្រែ​បារាំង​មិន​អាច​រក​ការ​បំភ្លឺ​បាន​ទេ នៅ​ថ្ងៃ​២៧ មីនា​នេះ​។ ទាក់ទិន​ករណី​ខាងលើ​នេះ​ដែរ លោក មា​ក ឆ​សុ​វ​ណ្ណា​រុន ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តស្វាយរៀង​បាន​មាន​ប្រសាសន៍​ថា មន្ទីរ​ពាណិជ្ជកម្ម​ពុំ​មាន​សមត្ថកិច្ច​ចេញ​ច្បាប់​អនុញ្ញាត ឬ​ចេញ​អា​ជ្ញ្ញា​ប័ណ្ណ​ឲ្យ​ឈ្មួញ​នាំ​ក្បឿង​ពី​បរទេស​ចូល​មក​កម្ពុជា​ទេ​មាន​តែ​ក្រសួង បើ​មាន​មែន​ស​ង្ស​យ័​ថា ជា​ការ​បើកដៃ​ពី​សមត្ថកិច្ច​យាម​ការពារ​ព្រំដែន​ឲ្យ​ចូល​។

ប្រភព​បន្ត​ទៀត​ថា ច្រករបៀង​ស្រែ​បារាំង​ជា​ច្រក​ផ្លូវទឹក ច្រក​មួយ​នេះ​មាន​ប្រធាន​គណៈកម្មការ​ដែល​មន្ត្រី​សាលាខេត្ត​ជា​ប្រធាន​ស្នាក់​ការ និង​នាយ​នគ​បាល​ប៉ុស្តិ៍​ច្រករបៀង​ស្រែ​បារាំង​ជា​អនុប្រធាន ទើប​ការ​ដឹក​ទំនិញ​គ្រប់​ប្រភេទ​ចេញចូល​ដោយ​រលូន ហើយ​ស​ង្ស​យ័​ថា ទំនិញ​នាំ​ចូល​ទាំងនោះ​គ្មាន​ការ​ត្រួតពិនិត្យ​ពី​មន្ត្រី​ជំនាញ​ទេ​។ ហើយ​ក្រុម​អាជីវករ​រិះគន់​ថា ច្បាស់​ជា​សមត្ថកិច្ច​ទាំងនោះ​ត្រូវ​ថ្នាំ​ឈ្មួញ​វៀតណាម​អស់ហើយ​មើលទៅ បានជា​ឈ្មួញ​វៀតណាម​ដឹក​ទំនិញ​ចេញចូល ជា​ពិសេស​ក្បឿង និង​ទំនិញគេចពន្ធ​ជា​ច្រើន​គ្មាន​សមត្ថកិច្ច​ណា​រំខាន​នោះ​។ ហើយ​ច្រករបៀង​ផ្លូវទឹក​មួយ​នេះ​គឺ​បើក​យូ​ឆ្នាំ​មក​ហើយ​ទើបតែ​បែកធ្លាយ​អាជីវករ​ខ្មែរ​អ្នក​រកស៊ី​លក់​ក្បឿង​ដែល​បង់ពន្ធ​រិះគន់​សុំ​ឲ្យ​ទប់ស្កាត់  ចុះ​គយ និង​កាំកុងត្រូល​ទៅ​ណា​អស់ហើយ​៕