ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ចោទ​ប្រពន្ធ ប្រពន្ធ​ចោទ​ប្តី តើ​នរ​ណា​ជាអ្នកខុស?

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្ដី​ប្រពន្ធ​មួយគូ​ជា​គ្រួសារ​ស្តុកស្តម្ភ​ប្រកប​របរ​លក់​គ្រឿងក្រអូប ប៉ុន្តែ​ហាក់​គ្មាន​សុភមង្គល មាន​តែ​ភាព​រកាំរកូស​នឹង​គ្នា រហូត​ឈាន​ដល់រ​ត់រក​ការ​អន្តរា​គមន៍​​ពី​សំណាក់​នគរបាល​ប៉ុស្ដិ៍

រាជធានី​ភ្នំពេញ ៖ ប្ដី​ប្រពន្ធ​មួយគូ​ជា​គ្រួសារ​ស្តុកស្តម្ភ​ប្រកប​របរ​លក់​គ្រឿងក្រអូប ប៉ុន្តែ​ហាក់​គ្មាន​សុភមង្គល មាន​តែ​ភាព​រកាំរកូស​នឹង​គ្នា រហូត​ឈាន​ដល់រ​ត់រក​ការ​អន្តរា​គមន៍​​ពី​សំណាក់​នគរបាល​ប៉ុស្ដិ៍ និង​អាជ្ញាធរ​សង្កាត់​ចោម​ចៅ​ឲ្យ​ជួយ​ដោះស្រាយ​។

ប្ដី​ប្រពន្ធ​ខាងលើ​នោះ​បានរ​ត់រក​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​ឲ្យ​ជួយ​ដោះស្រាយ​កាលពី​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០១៧ ម្ដង​មក​ហើយ ដោយ​ទៅ​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ លុះ​ល្ងាច​ថ្ងៃ​ទី​២៧ គេ​បានឃើញ​ស្ត្រី​ជា​ប្រពន្ធ​អមដំណើរ​ដោយ​មិត្តភក្ដិ​២​ទៅ​៣​នាក់​ទៀត បាន​ទៅ​កាន់​ប៉ុស្ដិ៍​ខាងលើ​នោះ​ម្ដងទៀត ចំណែកឯ​បុរស​ជា​ប្ដី​មិន​បាន​ទៅ​ជាមួយ​នោះ​ឡើយ​។

ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ញឹ​ម រតនា អាយុ​២៧​ឆ្នាំ និង​បុរស​ជា​ប្ដី​ឈ្មោះ គ្រី សុខ​នី អាយុ​៣៥​ឆ្នាំ ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​នេះ មានមុខ​របរ​បោះ​ដុំ​គ្រឿងក្រអូប ហើយ​អត់​ដឹង​ថា ពួក​គេ​រៀប​ការ​តាំងពី​ពេល​ណា​នោះ​ទេ ប៉ុន្តែ​ពួក​គេ​មានកូន​ប្រុស​ម្នាក់ និង​ស្រី​ម្នាក់​នៅ​ក្នុង​បន្ទុក ហើយ​មាន​ជីវភាព​ធូរធា ។ សព្វថ្ងៃ​ស្នាក់​នៅ​ក្នុង​បុរី​ពី​ភព​ថ្មី ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

នគរបាល​បាន​ឲ្យ​ដឹង​ថា ប្ដី​ប្រពន្ធ​មួយគូ​នោះ​មើលទៅ​អាច​ជា​គ្រួសារ​មួយ​មាន​ជីវភាព​ស្ដុកស្ដម្ភ​ដែរ ដោយ​កាលពីដើម​ឡើយ​ពួក​គេ​គឺជា​ជាង​អ៊ុតសក់​មិនសូវ​ជា​ធូរធា​ទេ ប៉ុន្តែ​ក្រោយមក​បាន​បែកគំនិត​លាយ​ឡេ​លក់ និង​លក់​គ្រឿងក្រអូប ហើយ​មានជោគ​ជ័យ​នៅ​ក្នុង​មុខរបរ រហូត​ក្លាយទៅជា​អ្នកមាន ដោយ​មានផ្ទះ​២​ទៅ​៣​កន្លែង និង​មាន​រថយន្ត​ទំនើប​ៗ​ជិះ​ថែម​ទៀត​ផង​។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​កាលពី​នៅ​គ្រាក្រ​មាន​សុភមង្គល​ណាស់ គ្មាន​បញ្ហា​កើតឡើង​នោះ​ឡើយ ប៉ុន្តែ​នៅ​ពេល​រកស៊ី​មានបាន​បែរជា​គ្មាន​សុភមង្គល​ទៅ​វិញ ដែល​កំពុង​តែ​មាន​ភាព​រង្គោះរង្គើរ​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​បែប​នេះ ។  បន្ទាប់​ពី​នាំ​គ្នា​ទៅ​ដល់​ប៉ុស្ដិ៍​ចោម​ចៅ ប្ដី​ប្រពន្ធ​ខាងលើ​បាន​ធ្វើការ​ចោទប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​យក​ត្រូវ​តែ​រៀង​ៗ​ខ្លួន​លែង​មានការ​ខ្មាស​អៀន​ទៅ​ហើយ​។

បុរស​ជា​ប្ដី​បាន​ធ្វើការ​ចោទប្រកាន់​នាង​ជា​ប្រពន្ធ​ថា នាង​មានចិត្ត​មិន​ស្មោះត្រង់ វៀចវេរ​លួច​ផិតក្បត់​ខ្លួន​ជា​ប្ដី​ទៅ​មាន​ប្រុស​សហាយ ខណៈ​ពេល​ដែល​ខ្លួន​មិនសូវ​បាន​នៅផ្ទះ ព្រោះ​ជាប់រវល់​ទៅ​ដើរ​លក់​ផលិតផល​នៅ​ឯ​តាម​បណ្ដា​ខេត្ត​នានា ហើយ​យូរ​ៗ​ទើប​មាន​ពេល​ត្រឡប់​មក​ផ្ទះ​វិញ​ម្ដង ដូច្នេះ​ជា​ឱកាសល្អ​សម្រាប់​ឲ្យ​ប្រពន្ធ​ផិត​បាន​ដោយ​ងាយ​។ បុរស​ជា​ប្ដី​នោះ​បាន​ប្រាប់ បន្ត​ទៀត​ថា ប្រពន្ធ​របស់​ខ្លួន​បាន​មាន​ទំនាក់ទំនង​ជាមួយ​បុរស​ម្នាក់ ហើយ​មាន​ថ្ងៃមួយ​គាត់​ត្រឡប់​មក​ពី​ខេត្ត​វិញ ដល់​ផ្ទះ​ក៏​ប្រទះ​ឃើញ​នាង​កំពុង​ស្ថិត​នៅ​ក្នុង​បន្ទប់​តែ​២​នាក់​ជាមួយ​បុរស​ម្នាក់​នោះ​នា​វេលា​យប់​ពាក់កណ្ដាល​អធ្រាត្រ ដោយ​បិទទ្វារ​ខ្ទាស់​គន្លឹះ​ពី​ខាងក្នុង​ថែម​ទៀត​។ ខណៈនោះ​ប្រពន្ធ​គាត់​បាន​ប្រាប់​ថា បុរស​នោះ​គឺជា​មិត្តភក្ដិ​របស់​នាង​ទេ ហើយ​នាង​បាន​ហៅ​ឲ្យ​ទៅ​ជួយ​លាយ និង​កូរ​ឡេ​តែ​ប៉ុណ្ណោះ មិន​មាន​អ្វី​ផ្សេង​ក្រៅពី​នេះ​ឡើយ​។ ប៉ុន្តែ​ការ​ដោះសារ​នោះ​គាត់​មិន​បាន​ជឿ​ទេ ព្រោះ​នៅ​ក្នុងផ្ទះ​នោះ​មិន​ខ្វះ​ទេ​មនុស្ស​សម្រាប់​ជួយ​ធ្វើការ មិន​ចាំបាច់​អី​នាំ​អ្នក​មិន​ធ្លាប់​ស្គាល់​មក​ធ្វើការ​បែប​នេះ ហើយ​ធម្មតា​មនុស្ស​ប្រុស​និង​ស្រី​នៅ​ជាមួយ​គ្នា​តែ​២​នាក់​ក្នុង​បន្ទប់​ទាំង​យប់​បែប​នេះ តើ​គួរ​ឲ្យ​ជឿ​បាន​ទេ​ថា ពួក​គេ​អត់​ធ្វើ​អី​នោះ ហើយ​ដើរ​លេង​រហូត​យប់​អធ្រាត្រ​ទើប​ចូល​ផ្ទះ​ទៀត​ផង​។

ចំណែកឯ​នាង​ប្រពន្ធ ក្រោយ​ពី​ទទួល​រង​ការ​ចោទប្រកាន់​ពី​ប្ដី​ក៏​បាន​បកស្រាយ​វិញ​ដ​ថា នាង​មិន​បាន​ប្រព្រឹត្ត​ដូច​ជា​ការ​ចោទប្រកាន់​របស់​ប្ដី​ឡើយ បុរស​ជា​ប្ដី​នាង​បាន​ដើរ​លេង​ចូល​ច្រៀង​ខារ៉ាអូខេ​ស្ទើរ​រាល់ថ្ងៃ មិនសូវ​គិត​ពី​ប្រពន្ធ​កូន​នោះ​ទេ មិនតែប៉ុណ្ណោះ​បាន​កឹ​ប​កេង​លុយ​ដែល​បាន​មក​ពី​លក់​ផលិតផល​គ្រឿងក្រអូប​អស់​ជាង​១៥​ម៉ឺន​ដុល្លារ និង​យក​រថយន្ត​ចំនួន​៣​គ្រឿង​ថែម​ទៀត​។ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា យក​រថយន្ត​នោះ​ទៅ​ណា​ឡើយ នេះ​គឺជា​ការ​ក្បត់​រូប​នាង ។ មិនតែប៉ុណ្ណោះ​ប្ដី​នាង​បាន​រួមគំនិត​ជាមួយ​បងប្អូន និង​ត្រចៀក​.​ស​ខ្លាំង​ណាស់ ជឿ​តាម​សាច់ញាតិ​របស់​ខ្លួន​ដែល​បង្គាប់​ឲ្យ​លែងលះ​រូប​នាង​ចោល និង​វាយដំ​នាង​រហូត​រង​របួស​ជាំខ្លួន ជាំ​ភ្លៅ ជាំ​សាច់ គ្មាន​មេត្តា​ឡើយ​។

នគរបាល​បាន​បន្ត​ទៀត​ថា និយាយ​បណ្ដើរ​នាង​បាន​លាត់​សម្លៀក​បំពាក់​ឲ្យ​មើល​ស្នាម​របួស​ដែល​ត្រូវ​ប្ដី​វាយ​បណ្ដើរ ប៉ុន្តែ​ទោះជា​បែប​ណា នគរបាល​ដែល​ជា​អ្នក​ធ្វើ​កំណត់​ហេតុ​មិន​បាន​ឲ្យ​នាង​លាត់​ទេ ព្រោះ​វា​អាក្រក់​មើល​ខ្លាំង​ពេក ហើយ​ស្ត្រី​ខាងលើ​នោះ​ប្រាប់​ទៀត​ថា នាង​ពិតជា​បាន​ដើរ​លេង​យប់​មែន ក៏​ព្រោះតែ​ខឹង​នឹង​ប្ដី​នាង​ពូកែ​ចូល​ខារ៉ាអូខេ​រាល់​យប់​ពេក ប៉ុន្តែ​ការ​ដែល​នាង​ដើរ​លេង​នោះ​ពុំ​មែន​នាង​ទៅ​ម្នាក់ឯង​ទេ គឺ​បាន​នាំ​កូន​ទៅ​ជាមួយ​ដែរ​តើ​។ ចំណែក​ការ​ចោទប្រកាន់​ថា នាង​មាន​សហាយ​នោះ​ក៏​ជា​រឿង​មិន​ពិត​ដែរ បុរស​ម្នាក់​នោះ​គឺជា​មិត្តភក្ដិ​របស់​នាង​ទេ ហើយ​នាង​បាន​ហៅ​គាត់​ឲ្យ​ទៅ​ជួយ​លាយ​ម្សៅ និង​កូរ​ឡេ​ប៉ុណ្ណោះ គ្មាន​អ្វី​ផ្សេង​ទៀត​ឡើយ​។ ក្រៅពី​មាន​បញ្ហា​ជាមួយ​ប្ដី​ស្ត្រី​ខាងលើ​នោះ បាន​ប្ដឹង​ពី​បងថ្លៃ​របស់​ខ្លួន​ថា បាន​ឃុបឃិត​ជាមួយ​ប្ដី​ធ្វើបាប​នាង ហើយ​ក៏​បាន​ស្នើ​សុំ​ឲ្យ​ជួយ​បណ្ដេញ​បងថ្លៃ​នោះ​ចេញពីផ្ទះ​ថែម​ទៀត ប៉ុន្តែ​នគរបាល​រួម​ជាមួយ​អាជ្ញាធរ​មិន​អាច​ធ្វើ​បែប​នេះ​បាន​ឡើយ ព្រោះ​បងថ្លៃ​របស់​នាង​ស្នាក់​នៅផ្ទះ​ជួល​ផ្សេង​ពី​នាង​តែ​ប៉ុណ្ណោះ​៕