រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ជាអាជីវករលក់ដូរអីវ៉ាន់ចាប់ហួយ បានដាក់ពាក្យបណ្ដឹងសុំឲ្យនគរបាលប៉ុស្ដិ៍កាកាប ជួយអន្តរាគមន៍ដើម្បីឃាត់បុគ្គលិកផ្នែកលក់បារីម្នាក់ ចាត់ការតាមច្បាប់ ដោយនាងបានចោទប្រកាន់ថា បុគ្គលិកម្នាក់នោះបានយកបារីទៅដាក់នៅកន្លែងលក់ដូររបស់នាង ហើយឆ្លៀតពេលកំពុងជាប់រវល់ធ្វើម្ហូប ក៏ធ្វើសកម្មភាពលួចដោះយកខ្សែ.កប្លាទីនកូនស្រីរបស់នាង ។
ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង១១និង៤៥នាទីថ្ងៃត្រង់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ នៅចំណុចផ្ទះលក់ចាប់ហួយដែលមានយីហោ «មុំ ស្រីឌី» ស្ថិតនៅក្នុងភូមិប៉ប្រ៉កខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យដែលរងការចោទប្រកាន់នោះ មិនត្រូវបានស្គាល់ឈ្មោះឡើយ ចំណែកស្ត្រីអ្នកលក់អីវ៉ាន់ចាប់ហួយនោះ ក៏មិនត្រូវបានស្គាល់ឈ្មោះដែរ ប៉ុន្តែនាងបានប្រាប់ថា នៅមុនពេល កើតហេតុ ខណៈពេលដែលគាត់ទៅធ្វើម្ហូបនៅខាងក្រោយ បានដាក់កូនតូចឲ្យដេកនៅលើគ្រែខាងមុខ ពេលនោះជនសង្ស័យបានយកបារីទៅដាក់ឲ្យគាត់ ហើយឆ្លៀតពេលដែលគាត់កំពុងជាប់ដៃមិនបានមើល ជននោះក៏បានធ្វើសកម្មភាពដោះយកខ្សែ.កពីកូនស្រីរបស់គាត់អាយុទើបមានអាយុ៤ខែ ១ខ្សែទម្ងន់២ជី ពីកូនស្រីគាត់តែម្ដង។ បន្ទាប់មកជននោះបានដាក់បារីរួចរាល់ ក៏បានចាកចេញទៅបាត់ ចំណែកគាត់ក្រោយពេលដែលគាត់ធ្វើម្ហូបរួច បានដើរទៅខាងមុខ ស្រាប់តែបាត់ខ្សែ.កកូនស្រី ទើបសង្ស័យទៅលើជននោះ ហើយបានខលឲ្យជននោះឈប់ ហើយគាត់បានទៅនាំជននោះត្រឡប់ទៅផ្ទះគាត់វិញ ដើម្បីជជែកគ្នា ប៉ុន្តែខណៈនោះគាត់បានត្រឡប់មកដល់ផ្ទះយូរហើយ ស្រាប់តែបាត់ជននោះ ទើបគាត់តាមរកម្ដងទៀត រហូតដល់ឃើញ ហើយនាំទៅដោះស្រាយគ្នាមិនត្រូវ ក៏បានប្ដឹងឲ្យនគរបាលឃាត់ខ្លួននាំទៅសាកសួរតែម្ដង។
នគរបាលបាននិយាយថា ទាំងជនសង្ស័យ និងស្ត្រីអ្នកប្ដឹងនោះមិនត្រូវបានស្គាល់ឈ្មោះនោះទេ ព្រោះនៅពេលនោះកម្លាំងមិនបានទទួលពាក្យបណ្ដឹង ដោយសារគ្មានភស្តុតាង ហើយជននោះបានប្រកែករហូត ទើបកម្លាំងមិនអាចកំណត់បានថា ជននោះគឺជាអ្នកលួចខ្សែ.កនោះ ឬយ៉ាងណា ទើបមិនបានធ្វើកំណត់ហេតុឡើយ។ បន្ទាប់មកភាគីទាំងសងខាងបានដឹកដៃគ្នាទៅស្បថនៅព្រះអង្គដងកើរ មុខព្រះបរមរាជវាំងតែម្ដង៕
ចែករំលែកព័តមាននេះ