ខេត្ដឧត្ដរមានជ័យ ៖ សពអតីតទាហានប៉ារ៉ាម្នាក់ ត្រូវបានទាហានថៃ និងនគរបាលកម្ពុជាសហការគ្នាចូលរួមជាមួយក្រុមគ្រួសារសពគាស់យកធាតុទៅធ្វើបុណ្យកាលពីវេលាម៉ោង០៩ និង៣០នាទីព្រឹកថ្ងៃទី២៦ មីនា ។ ការគាស់យកធាតុយកទៅបូជានេះ បានធ្វើឡើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃ ស្ថិតក្នុងភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ។
បើតាមការឱ្យដឹងពីក្រុមគ្រួសារថា សពនេះជាអតីតទាហានប៉ារ៉ានៅជាយដែនកម្ពុជា-ថៃ កាលពីសម័យសង្គ្រាម ហើយនៅពេលដើរល្បាតតាមព្រំដែនក៏ជាន់មីនផ្ទុះស្លាប់ កាលពីអំឡុងឆ្នាំ១៩៩៦ ។ ដោយសាតែកាលណោះសភាពការណ៍ប្រយុទ្ធគ្នាខ្លាំងលើសមរភូមិតាមតំបន់ព្រំដែនរវាងកងទ័ពរបស់រដ្ឋាភិបាលនិងកងទ័ពខ្មែរក្រហមរួមនឹងកងទ័ពប៉ារ៉ាផងដែរ ទើបសពនេះមិនអាចគាស់យកទៅធ្វើបុណ្យបានក៏កប់ទុករហូតមកដល់ពេលនេះ ។
ប៉ូលិសការពារព្រំដែនគោកកម្ពុជា-ថៃបានឱ្យដឹងថា មុនពេលគាស់ផ្នូរ ក្រុមគ្រួសារសពបានធ្វើការទំនាក់ទំនងមកប៉ូលិស ក៏បានទំនាក់ទំនងទៅទាហានថៃឱ្យមកចូលរួមផងដែរ ដោយសារនៅត្រង់កន្លែងកប់សពនោះស្ថិតនៅជាប់ព្រំដែនរវាងប្រទេសទាំងពីរ ៕
ចែករំលែកព័តមាននេះ