រាជធានីភ្នំពេញ៖ សន្តិសុខក្រុមហ៊ុន SCY ម្នាក់ បានខ្យល់គរដួល ហើយគាំងបេះដូងស្លាប់ បាត់បង់ជីវីតនៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ ខណៈពេលអង្គុយយាមធានាគារឯកទេសខ្មែរ ដែលមានទីតាំងនៅផ្ទះលេខ៣៤៥ ផ្លូវ២៤៥ ក្រុមទី២៩ ភូមិ៧ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០១៧ ។
សន្តិសុខដែលស្លាប់ឈ្មោះ ស៊ឹម ភន ភេទប្រុស អាយុ៥៦ឆ្នាំ ជាសន្តិសុខក្រុមហ៊ុនSCY ស្នាក់នៅផ្ទះជួល ផ្លូវ៤២P ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានប្រពន្ធ និងកូនស្រី២នាក់ ។
តាមព័ត៌មានឱ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុ គេឃើញសន្តិសុខរូបនោះអង្គុយយាម នៅក្នុងធានាគារខាងលើ ស្រាប់តែបែកពពុះមាត់ ។ ភ្លាមៗអ្នកនៅក្បែរនោះនាំគ្នាជួយធ្វើចលនា និងនាំគ្នាហៅម៉ូតូកង់៣បញ្ជូនទៅកាន់មន្ទីរសម្រាកព្យាបាលសម្ភពឯកជននៅក្បែរ នោះ ។ តែដោយសារស្ថានភាពធ្ងន់ធ្ងរ ពេទ្យឯកជនមិនហ៊ានទទួល ក៏បញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ ហើយត្រូវគ្រូពេទ្យឱ្យដឹងថា ដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
តាមឈ្មោះ ឡោះ សុខ ភេទស្រី អាយុ៥៥ឆ្នាំ ជាប្រពន្ធសព បានឱ្យដឹងថា ប្ដីរបស់ខ្លួនមានជំងឺបេះដូងប្រចាំកាយ ដោយលេបថ្នាំជាប់ជាប្រចាំ គ្រូពេទ្យបានហាមកុំឲ្យផឹកកាហ្វេ តែលោកប្តីមិនស្តាប់ នៅតែផឹកកាហ្វេ ព្រោះយាមទាំងយប់ទាំងថ្ងៃអត់ងងុយ។ បន្ទាប់ពីសន្តិសុខរូបនោះស្លាប់ នគរបាលក៏បានចុះទៅពិនិត្យសព ហើយសន្និដ្ឋានថា សន្តិសុខ រូបនោះពិតស្លាប់ដោយសារតែគាំងបេះដូង ។ សពសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ