ខេត្តកណ្តាល ៖ យើងដឹងហើយថា ផ្លែចេកគឺមានសារប្រយោជន៍ច្រើន សម្រាប់ពលរដ្ឋខ្មែរយើង ដែលអាចយកវាទៅធ្វើជាបង្អែម វេចនំអន្សម ឬក៏យកធ្វើជាសំណែនក្នុងពិធីបុណ្យផ្សេងៗ ដែលប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈនិយម យកផ្លែចេកទៅប្រើប្រាស់នោះ ។
ជាក់ស្តែង នៅថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ទេវតាឆ្នាំថ្មី ឆ្នាំរកា ព្រះនាម «កិមិរាទេវី» ទ្រង់នឹងសោយ «ចេកណាំវ៉ា ឬចេកទឹក» ។ ដូច្នេះ តើចេកអាចមានគ្រប់តាមតម្រូវការដែរឬទេ ហើយចំពោះតម្លៃវិញយ៉ាងណាដែរ?
ជួបជាមួយកសិករម្នាក់ ឈ្មោះស្រុិន តាក់ ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅក្នុងភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលបានរៀបរាប់ថា ការដាំចេកណាំវ៉ានេះ គឺមានភាពស្រួលណាស់ ត្រឹមរយៈពេលតែជាងមួយឆ្នាំ នឹងបានផលយកលក់ទៅហើយ ។ ឈ្មួញដែលចុះមកទិញដល់ចំការ គឺលក់តម្លៃមួយស្និត១៥០០រៀល ទៅ២០០០រៀល ឬដល់២៥០០រៀលដែរ តែបើម៉ៅទាំងស្ទង គឺតម្លៃ១២០០០រៀល ទៅ១៥០០០រៀល ហើយបើជិតដល់ថ្ងៃពិធីបុណ្យផ្សេង គឺឡើងថ្លៃជាងនេះបន្តិច ។
ចំពោះអាជីវករលក់ចេកនៅក្នុងផ្សារគគីរធំ ក៏បានឱ្យដឹងដែរថា ពួកគាត់បានលក់ចេកណាំវ៉ាក្នុងផ្សារនេះ៤ ទៅ៥ឆ្នាំហើយ មានទាំងចេកដាំខ្លួនឯង និងចេកនាំចូលពីគេ ។ គាត់បន្តថា ចំពោះតម្លៃវិញ ថ្ងៃធម្មតាមួយស្និតតម្លៃ២៥០០រៀល ទៅ៣៥០០រៀល ។ ហើយបើចំថ្ងៃសីល ឬនៅថ្ងៃបុណ្យធំៗដូចជាចូលឆ្នាំនោះ គឺលក់តម្លៃ៤ពាន់រៀល ទៅ៥ពាន់រៀល។
ដោយឡែក អាជីវករលក់ចេកនៅរាជធានីភ្នំពេញបានឱ្យដឹងដែរថា ចេកខ្មែរយើងមិនសូវមានទេ ហើយបើមានក៏ថ្លៃដែរ តែភាគច្រើន គឺចេកនាំចូលពីប្រទេសវៀតណាមហើយ ។
ចែករំលែកព័តមាននេះ