ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ចាស់​ក្មេង​ក្អួតចង្អោរ ក្រោយ​ទទួលទាន​ពង​ទា​ចៀន​ស្អំ

9 ឆ្នាំ មុន

ខេត្តក្រចេះ ៖ អាជ្ញាធរ​ស្រុក​ស្នួល​បាន​អះអាង​ថា អ្នក​ភូមិ​ប្រុស​ស្រី​ក្មេង​ចាស់​ជាង​១០​នាក់ ដែល​កើត​មាន​អាការ​ក្អួតចង្អោរ​បាន​ត្រឡប់

ខេត្តក្រចេះ ៖ អាជ្ញាធរ​ស្រុក​ស្នួល​បាន​អះអាង​ថា អ្នក​ភូមិ​ប្រុស​ស្រី​ក្មេង​ចាស់​ជាង​១០​នាក់ ដែល​កើត​មាន​អាការ​ក្អួតចង្អោរ​បាន​ត្រឡប់ទៅ​លំនៅ​ឋាន​វិញ​ហើយ​នៅ​រសៀល​ថ្ងៃ​ទី​២៥ មីនា បន្ទាប់​ពី​អាជ្ញាធរ​បាន​ដឹក​បញ្ជូន​ពួក​គាត់​មក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ស្រុក​ស្នួល​រួច​មក ។ អ្នក​ភូមិ​ប្រុស​ស្រី​ក្មេង​ចាស់​ទាំងនោះ​មាន​ចំនួន​១២​នាក់​រស់នៅ​ភូមិ​ត្រពាំង​លាក់ ឃុំ​ស្នួល ស្រុក​ស្នួល បាន​កើត​មាន​អាការ​ពុល​ជា​បន្តបន្ទាប់​កាលពី​យប់​ថ្ងៃ​ទី​២៤ មីនា និង​ព្រឹក​ថ្ងៃ​ទី​២៥ មីនា ។

ជុំវិញ​ករណី​ខាងលើ​នេះ​មិន​មាន​សេចក្តីរាយការណ៍​ណាមួយ​បញ្ជាក់​ថា ការ​ពុល​របស់​អ្នក​ភូមិ​ទាំងនេះ​បណ្តាល​មក​ពី​អ្វី​ឲ្យ​ប្រាកដ​នៅឡើយ​ទេ ដោយ​អ្នកខ្លះ​បាន​លើក​ឡើង​ថា ការ​ពុល​គឺ​កើត​មាន​ឡើង​បន្ទាប់​ពី​ពួក​គាត់​ទទួលទាន​បង្អែម​ដែល​លក់​នៅ​ក្នុងភូមិ និង​ខ្លះ​ទៀត​បាន​លើក​ឡើង​ថា បណ្តាល​មក​ពី​អ្នក​ភូមិ​បាន​ទិញ​ត្រួយ​ស្អំ​ដែល​មាន​ថ្មាំ​សម្លាប់សត្វ​ល្អិត​មក​ចម្អិន​ធ្វើ​ម្ហូប​ទទួលទាន ទើប​បណ្តាល​ឲ្យ​ពុល​បែប​នេះ ។

បើ​តាម​អភិបាលស្រុក​ស្នួល​លោក គង់ គឹ​ម​នី បាន​ប្រាប់​ឱ្យ​ដឹង​ថា បន្ទាប់​ពី​កើត​មាន​អាការ​ពុល​អ្នក​ភូមិ​ប្រុស​ស្រី​ក្មេង​ចាស់​ទាំងនោះ ត្រូវ​បាន​អាជ្ញាធរ​ចាត់​បញ្ជូន​ចេញពី​ភូមិ​ដឹក​សំដៅ​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស្នួល​ជា​បន្តបន្ទាប់​ភ្លាម​ៗ ។

លោក​អភិបាលស្រុក បានឱ្យ​ដឹង​ថា ការ​ពុល​របស់​អ្នក​ភូមិ​គឺ​បន្ទាប់​ពី​ពួក​គាត់​ហូប​ពង​ទា​ចៀន​លាយ​ត្រួយ​ស្អំ ដែល​ទិញ​ពី​អ្នកលក់​នៅ​ក្នុងភូមិ ខណៈ​ដែល​ត្រួយ​ស្អំ​ទាំងនោះ មាន​ជាតិពុល​ដោយ​ថ្នាំ​សម្លាប់​សត្វល្អិត ហើយ​មុន​នឹង​យក​មក​ចម្អិន​ទទួលទាន ពួក​គាត់​មិន​បាន​លាង​សម្អាត​ឱ្យ​បាន​ត្រឹម​ត្រូវជា​មុន ។

គួ​រំលឹក​ថា កន្លង​មក​ក៏​មាន​អ្នក​ភូមិ​ជា​ច្រើន​នៅ​ស្រុក​ស្នួល​បាន​រង​គ្រោះ​ដោយ​ការ​ពុល​ចំណីអាហារ ពុល​ស្រា​.​ស និង​ពុល​សាច់​ឆ្កែ​ជាដើម ។ ដោយ​បាតុភាព​ផ្ទុះ​ចេញ​នូវ​ការ​ពុល​របស់​អ្នក​ភូមិ​នៅ​ស្រុក​ស្នួល គឺ​បាន​កើតឡើង​ផ្ទួន​ៗ​កាលពី​ចុងឆ្នាំ​២០១៤​ក្នុង​នោះ​បាន​ធ្វើ​ឲ្យ​អ្នក​ភូមិ​ប្រុស​ស្រី​៦​នាក់​បាន​ស្លាប់ និង​ច្រើន​នាក់​ទៀត​រង​គ្រោះ​ពិការ​អវយវៈ និង​រង​គ្រោះ​ពុល​ធ្ងន់​ស្រាល​ហើយ​ត្រូវ​បាន​ចាត់​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ៕