ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតិផរណា​ចក្រភព​អង់គ្លេស​កើន​ដល់​កម្រិត​ខ្ពស់​ក្នុង​រយៈពេល​3​ឆ្នាំ

7 ឆ្នាំ មុន

ចក្រភព​អង់គ្លេស ៖ យោង​តាម​ការិយាល័យ​ស្ថិតិ​ជាតិ​របស់​ចក្រភព​អង់គ្លេស​ឲ្យ​ដឹង​ថា អតិផរណា​របស់​ប្រទេស​នេះ​បាន​កើន​ដល់​២,៣%​ក្នុង​ខែកុម្ភៈ បើ​ធៀប​នឹង​ឆ្នាំ​មុន ដែល​ជា​កម្រិត​ខ្ពស់​ជាងគេ​ក្នុង​

ចក្រភព​អង់គ្លេស ៖ យោង​តាម​ការិយាល័យ​ស្ថិតិ​ជាតិ​របស់​ចក្រភព​អង់គ្លេស​ឲ្យ​ដឹង​ថា អតិផរណា​របស់​ប្រទេស​នេះ​បាន​កើន​ដល់​២,៣%​ក្នុង​ខែកុម្ភៈ បើ​ធៀប​នឹង​ឆ្នាំ​មុន ដែល​ជា​កម្រិត​ខ្ពស់​ជាងគេ​ក្នុង​រយៈពេល​ជាង​៣​ឆ្នាំ​មកនេះ ។ ល្បឿន​នៃ​ការ​កើនឡើង​ពី​១,៨%​ក្នុង​ខែមករា ក៏​បាន​ធ្វើ​ឲ្យ​អ្នកវិភាគ​ភ្ញាក់ផ្អើល​ផង​ដែរ ។

តម្លៃ​ផលិតផល​បាន​កើន​ឡើងជា​បន្តបន្ទាប់​ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​មក ផ្ទុយ​នឹង​ឆ្នាំ​២០១៥ ដែល​តម្លៃ​បាន​ធ្លាក់​ចុះ ។ វា​ជា​និន្នាការ​មួយ​កើត​មាន​កាន់តែ​លឿន​តាំងពី​ចក្រភព​អង់គ្លេស​បោះ​ឆ្នោត​ចាក​ចេញពី​សហភាព​អឺរ៉ុប​មក​ម្ល៉េះ ដែល​ធ្វើ​ឲ្យ​តម្លៃ​ប្រាក់​ផោន​ធ្លាក់​ចុះ ។

តម្លៃ​ប្រេងឥន្ធនៈ អាហារ គ្រឿងសង្ហារិម និង​កុំព្យូទ័រ គឺ​ស្ថិត​ក្នុង​ចំណោម​ប្រភព​ដែល​បង្ក​ឲ្យ​មាន​អតិផរណា​ក្នុង​ខែកុម្ភៈ ។

ការ​កើនឡើង​លើស​អត្រា​២%​នេះ បាន​បង្ក​ជា​ឧបសគ្គ​មួយ​សម្រាប់​ធនាគារជាតិ​របស់​អង់គ្លេស​ដែល​មាន​គោលដៅ​រក្សា​អត្រា​អតិផរណា​ឲ្យ​មាន​កម្រិត​ល្មម​។ ធនាគារជាតិ​អាច​នឹង​ធ្លាក់​ក្រោម​សម្ពាធ​ក្នុង​ការ​ដំឡើង​អត្រា​ការ​ប្រាក់​ពី​កម្រិត​ដ៏​ទាប​ខ្លាំង​របស់​ពួក​គេ​ផង​ដែរ ។

លោក Nick Harrison នាយក​មួយ​រូប​ក្នុង​ធនាគារ First Direct និយាយ​ថា ៖ «​ការ​កើនឡើង​នៃ​តម្លៃ​បាន​ជំរុញ​ដល់​អតិផរណា​ឲ្យ​កើន​លើស​គោលដៅ​របស់​ធនាគារជាតិ ដែល​ស្មើនឹង​២% ហើយ​គេ​គិត​ថា វា​នឹង​បន្ត​កើនឡើង​បន្ថែម​ទៀត​ក្នុង​ប៉ុន្មាន​ខែ​ខាង​មុខ ប៉ុន្តែ​ការ​លូតលាស់​នៃ​ប្រាក់បៀវត្ស​មុន​បាន​កើន​ក្នុង​ល្បឿន​តែ​មួយ​ទេ ។ ដូច្នេះ ប្រជាជន​កំពុង​ត្រូវ​បាន​ប៉ះពាល់​ដោយ​អតិផរណា​នេះ » ។

ប្រជាជន​អង់គ្លេស​នឹង​ប្រទះ​ឃើញ​តម្លៃ​ផលិតផល​នាំ​ចូល​កើនឡើង ដូច​ជា រថយន្ត​អា​ល្លឺ​ម៉​ង់ ឬ​ស្រាក្រហម​បារាំង​ជាដើម ។

គួរ​បញ្ជាក់​ថា តម្លៃ​ប្រាក់​ផោន​បាន​ធ្លាក់​ចុះ​ប្រមាណ​២០%​ក្នុង​ប៉ុន្មាន​ខែ​នេះ បន្ទាប់​ពី​ការ​បោះ​ឆ្នោត Brexit កាលពី​ខែមិថុនា ព្រោះតែ​មាន​ភាព​ព្រួយបារម្ភ​ពី​ទស្សនៈ​សេដ្ឋកិច្ច​របស់​ចក្រភព​អង់គ្លេស ។ ពេល​នេះ តម្លៃ​ប្រាក់​ផោន​បាន​ធ្លាក់​ពី​១,៥០​ដុល្លារ​នា​ថ្ងៃ​បោះ​ឆ្នោត មក​ត្រឹម​១,២៥​ដុល្លារ ។

មានការ​គិត​ថា បន្ទាប់​ពី Brexit ឧបសគ្គ​ពាណិជ្ជកម្ម និង​ពន្ធគយ​ថ្មី នឹង​ត្រូវ​បាន​សម្រេច​ឡើង​រវាង​ចក្រភព​អង់គ្លេស និង EU ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាងគេ​របស់​ខ្លួន ៕