ខេត្តកំពង់ស្ពឺ ៖ យ៉ាងហោចណាស់ក៏មានមនុស្សប្រុសស្រីក្មេងចាស់ត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះជីវិតភ្លាមៗនៅមណ្ឌលសុខភាពឧដុង្គ ខណៈដែលពួកគេនាំគ្នាទៅចូលរួមកម្មវិធីបុណ្យសូត្រមន្តផ្ទះរបស់អ្នកភូមិជាមួយគ្នា ហើយបានរហូបនំបញ្ចុក ។
ហេតុការណ៍មនុស្សពុលនំបញ្ចុកនេះ បានបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ នៅក្នុងកម្មវិធីបុណ្យសូត្រមន្តក្នុងភូមិតាសោម ឃុំជម្ពូព្រឹក្ស ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកឧដុង្គបាននិយាយឱ្យដឹងថា មនុស្សប្រុសស្រី ចាស់ក្មេង ដែលរងនូវការពុលនំបញ្ចុកនោះមានចំនួន១៥២នាក់ នោះមិនទាន់បានស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយក្នុងចំណោមប្រជាពលរដ្ឋដែលពុលនំបញ្ចុកនោះ មានអាការៈពុលខ្លាំងជាងគេចំនួន៥នាក់។
នគរបាលបន្តថា ក្នុងភូមិក្រាំងតាសោមនោះ នៅផ្ទះប្រជាពលរដ្ឋឈ្មោះ ទ្រូ និងខេម ស្ថិតនៅក្នុងឃុំជម្ពូព្រឹក្ស ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានហៅប្រជាពលរដ្ឋនៅក្នុងភូមិជាមួយគ្នាមកចូលរួមក្នុងពិធីសូត្រមន្ត ដោយមានការទទួលទាននំបញ្ចុកសម្រាប់ភ្លៀវទៀតផង បន្ទាប់ព្រះសង្ឃសូត្រមន្តប្រោសព្រំរួចរាល់អស់ហើយ ភ្លៀវទាំងឡាយក៏បានចូលហូបនំបញ្ចុកទាំងអស់គ្នា ស្រាប់តែមានអាការៈក្អូតចង្អោល វិលមុខ អស់កម្លាំង ទាំងចាស់ទាំងក្មេង ប្រុសស្រី បណ្តាលឱ្យមានការភ្ញាក់ផ្អើល ក៏នាំគ្នាជួយដឹកយកទៅសង្គ្រោះនៅមណ្ឌលសុខភាពឧដុង្គ ។
នគរបាលស្រុកបន្តថា បន្ទាប់ពីដឹកយកទៅសង្គ្រោះរួចមកឃើញថា ប្រជាពលរដ្ឋមានការធូរស្បើយខ្លះហើយ មិនមានប៉ះពាល់ដល់អាយុជីវិតនោះឡើយ៕
ចែករំលែកព័តមាននេះ