ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំរី​ទាំង​១១​ក្បាល​រួច​ផុត​ពីរ​ណ្តៅ​មរណៈ​ហើយ

9 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ ដំរីព្រៃ​មួយ​ហ្វូង​បាន​រអិល​ធ្លាក់​ចូល​រណ្តៅ​ដី​មួយ​កន្លែង ជម្រៅ​ប្រមាណ​៣​ម៉ែត្រ បង្ក​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស កាលពី​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៧ ខណៈ​ពួក​វា​កប់

ខេត្តមណ្ឌលគិរី ៖ ដំរីព្រៃ​មួយ​ហ្វូង​បាន​រអិល​ធ្លាក់​ចូល​រណ្តៅ​ដី​មួយ​កន្លែង ជម្រៅ​ប្រមាណ​៣​ម៉ែត្រ បង្ក​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស កាលពី​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៧ ខណៈ​ពួក​វា​កប់​ក្នុង​ភក់ល្បាប់​អស់​ជា​ច្រើន​ម៉ោង ទើប​មន្ត្រី​បរិស្ថាន និង​ប្រជាពលរដ្ឋ​រស់នៅ​ជិត​កន្លែង​កើតហេតុ​អាច​ជួយ​សង្គ្រោះ​ពួក​វា​ឲ្យ​ងើប​ចេញពី​រណ្តៅ​ភក់ល្បាប់​នោះ​បាន​។

ប្រតិបត្តិការ​ដែល​បាន​ប្រើ​ពេលវេលា​អស់​ជិត​១០​ម៉ោង និង​ជា​ប្រតិបត្តិការ​លើក​ទី​មួយ​សម្រាប់​មន្ត្រី​ជំនាញ​លើ​វិស័យ​ព្រៃឈើ​-​សត្វព្រៃ ក្នុង​ប្រទេស​កម្ពុជា ដែល​កម្រ​កើត​មាន​ជាទី​បំផុត បាន​ជួយ​ស្រោចស្រង់​ជីវិត​សត្វ​ដំរី​ចំនួន​១១​ក្បាល ទាំង​ធំ និង​តូច​ពីរ​ណ្តៅ​មរណៈ​។ នៅ​កន្លែង​កើតហេតុ​គេ​សង្កេត​ឃើញ​មាន​មនុស្ស​ប្រុស​ស្រី ក្មេង​ចាស់ រាប់​សិប​នាក់​ឈរ​ត្រៀម​ត្រា​ជុំវិញ​មាត់​រណ្តៅ​បេ (​តាម​អ្នក​ភូមិ​និយាយ​ថា ជា​រណ្តៅ​ដែល​អា​មេ​រិ​កបាន​ទម្លាក់​គ្រាប់​ពី​យន្តហោះ​) ដើម្បី​តាមដាន​ពី​សកម្មភាព​ជួយ​សង្គ្រោះ​សត្វ​ដ៏​កម្រ​ដែល​កំពុង​រស់នៅ​ទាំង​ភិតភ័យ​ក្នុង​ព្រៃ​ដែនជម្រកសត្វព្រៃ​កែវ​សីមា​។

បន្ទាប់​ពី​ទទួល​ព័ត៌មាន​ថា មាន​ហ្វូង​ដំរី​ដើរ​ធ្លាក់​ក្នុង​រណ្តៅ​ដី​រួច​មក មន្ត្រី​ជំនាញ​បរិស្ថាន​ដែល​ទទួល​ភារកិច្ច​បន្តការងារ​ពី​រដ្ឋបាល​ព្រៃឈើ ដើម្បី​ការពារ ថែរក្សា និង​អភិរក្ស ព្រៃឈើ​-​សត្វព្រៃ ក្នុង​ខេត្តមណ្ឌលគិរី បាន​រូតរះ​ចេញដំណើរ​ពី​ស្នាក់​ការ​ធ្វើការ ដោយ​ក្នុង​ដៃ​ប្រដាប់​ដោយ ចប ប៉ែល និង​ដែក​ត្បែង​ជា​ច្រើន​ដើម ដើម្បី​សហការ​ជាមួយ​ប្រជាពលរដ្ឋ​ជួយ​កកាយ​ដី​មាត់​រណ្តៅ​ឲ្យ​ទាប​ងាយស្រួល​ដល់​សត្វ​ដំរី​វា​ឡើងគោក​។

ក្រោម​ការ​ខិតខំ​ប្រឹង​ជីក​កកាយ​ដី​ពី​សំណាក់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​ប្រជាពលរដ្ឋ​តាំងពី​វេលា​ថ្ងៃត្រង់ ថ្ងៃ​ទី​២៥ រហូត​ដល់​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ដើម្បី​ឱ្យ​មាន​ច្រក​ផ្លូវ​ដ៏​សម​ល្មម​មួយ​សម្រាប់​ដំរី​វារ​ដើរ​ឡើងគោក​វិញ ។ ក្រោយ​ពេល​ដែល​ជីក​រួចរាល់​ហើយ សត្វ​ដំរី​ចំនួន​១០​ក្បាល​ក៏​បាន​វា​ចេញពី​រណ្តៅ​ភក់​មរណៈ​ដោយ​មាន​គ្នីគ្នា​(​ដំរី​ដូច​គ្នា​) ជួយ​រុញ​គូទ​ពីក្រោយ ទើប​អាច​ឡើងគោក​រួច ព្រោះតែ​ពួក​វា​បាន​ជាប់​ក្នុង​រណ្តៅ​យូរ​ពេក បណ្តាល​ឲ្យ​មានការ​ហេវ​ហត់​ខ្វះ​កម្លាំង​។ បើ​កុំ​តែ​មាន​មនុស្ស​ជួយ​បាញ់​ទឹក​ឲ្យ ម្ល៉េះ​ពួក​វា​អាច​នឹង​មាន​គ្រោះថ្នាក់​ដល់​ជិ​វីត​ទាំង​ហ្វូង​ផង​ក៏​មិនដឹង​។

យ៉ាងណា​ក៏​ដោយ ប្រតិបត្តិការ​ជួយ​សង្គ្រោះ​សត្វ​ដំរី​នេះ​មិន​បាន​បញ្ចប់​ត្រឹម​ម៉ោង​៣​រសៀល​ទេ ព្រោះ​កូន​ដំរី​តូច​ជាងគេ​មួយ​ក្បាល​មិន​អាច​ឡើង​ច្រាំង​រួច ដូច្នេះ​អ្នកចូលរួម​ហេតុការណ៍​ខាងលើ ក៏​បាន​បន្ត​កាយ​ដី​ធ្វើ​ផ្លូវ​ម្តងទៀត​រហូត​ដល់​ម៉ោង​៦​ល្ងាច​ថ្ងៃ​ដដែល ដើម្បី​ឲ្យ​កូន​ដំរី​កំសត់​អាច​ងើប​ចេញពី​រណ្តៅ​ភក់​ចង្រៃ​បាន ហើយ​ប្រតិបត្តិ​ជួយ​សង្គ្រោះ​គ្រួសារ​ដំរី​នេះ​ក៏​ត្រូវ​បាន​បញ្ចា​ប់​ជា​ស្ថាពរ​។

សូម​រំ​ឮ​កថា ដំរី​ចំនួន​១១​ក្បាល​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា បាន​ដើរ​រអិល​ធ្លាក់​ចូល​ក្នុង​រណ្ដៅ​ភក់ កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៧ ស្ថិត​ក្នុងភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។ ក្រោយ​មាន​ហេតុការណ៍​នេះ លោក​កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​បា ន​ដឹកនាំ​កម្លាំង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​កែវ​សីមា ដើម្បី​ចុះ​ជួយ​សង្គ្រោះ​សត្វ​ដំរី​ទាំង​១១​ក្បាល​នោះ​។ រហូត​មក​ដល់​ល្ងាច ថ្ងៃ​ទី​២៥ មីនា ក្រុមការងារ​មន្ទីរ​បរិស្ថាន​ខេត្ត ដឹកនាំ​ដោយ​លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត បាន​ជីករណ្ដៅ​ដី​ដើម្បី​ជួយ​សង្គ្រោះ​សត្វ​ដំរី​ទាំង​១១​ក្បាល​នោះ​បាន​ដោយ​សុវត្ថិភាព ហើយ​ដំរី​ទាំង​អស់នោះ​ក្រោយ​ពី​សង្គ្រោះ​បាន​ហើយ ក៏​នាំ​រត់​ចូល​ទៅ​ក្នុង​ព្រៃ​វិញ​អស់​ទៅ ។

សូម​បញ្ជាក់​ថា តំបន់​ដែល​មាន​សត្វព្រៃ​ក្នុង​ខេត្តមណ្ឌលគិរី បាន​រង​ការ​កាប់​ទន្ទ្រាន​យក​ដី​ពី​ជនខិលខូច​អស់​ជា​ច្រើន​ម៉ឺន​ហិច​តា​នា​មួយ​ទ​ស្សវត៍​ចុង​ក្រោយ​នេះ​។ ក្នុង​នោះ​តំបន់​សំខាន់​ៗ​ដែល​កំពុង​រង​គ្រោះ​មាន​តំបន់​ដែនជម្រកសត្វព្រៃ​កែវ​សីមា តំបន់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច និង​ដែនជម្រកសត្វព្រៃ​ណាំ​លៀ​ជាដើម​៕