ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ឈើ​ជាង​50​ដើម​ត្រូវ​បាន​ដាំ ក្នុង​ពិធីបុណ្យ​ទន្លេ​នៅ​ខេត្តស្ទឹងត្រែង

6 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ កូន​ឈើ​ជាង​៥០​ដើម ត្រូវ​បាន​ដាំ​នៅ​ក្នុង​ពិធីបុណ្យ​ទន្លេ​នៅ​ខេត្តស្ទឹងត្រែង កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ មីនា ។ លោក ទិ​ត ច​ន្ថា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍

ខេត្តស្ទឹងត្រែង ៖ កូន​ឈើ​ជាង​៥០​ដើម ត្រូវ​បាន​ដាំ​នៅ​ក្នុង​ពិធីបុណ្យ​ទន្លេ​នៅ​ខេត្តស្ទឹងត្រែង កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ មីនា ។ លោក ទិ​ត ច​ន្ថា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ រួម​ទាំង​ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រីរាជការ លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស​ជា​ច្រើន​បាន​ចូលរួម​ក្នុង​ពិធី​ដាំ​ដើមឈើ​នា​ឱកាស​នោះ ។

លោក ទិ​ត្យ ច​ន្ថា បាន​ថ្លែង​ថា កម្មវិធី​ដាំ​ដើមឈើ​នេះ ជា​ផ្នែក​មួយ​នៃ​កម្មវិធី​សំខាន់​ៗ​ជា​ច្រើន​ទៀត​នៃ​ពិធីបុណ្យ​ទន្លេ​នៅ​ខេត្តស្ទឹងត្រែង ក្រោម​ប្រធានបទ​ទន្លេ​ផ្សារ​ភ្ជាប់​ប្រជាជន ទេសចរណ៍ វប្បធម៌ និង​បរិស្ថាន ។ លោក​បញ្ជាក់​ថា ការ​ដាំ​ដើមឈើ​នា​ពេល​នេះ ក៏​ជា​និមិត្តរូប​មួយ​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត និង​បដិសណ្ឋារកិច្ច​ល្អ​ផង​ដែរ ។

លោក​បាន​ឲ្យ​ដឹង​ថា ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​កំពុង​តែ​ក្លាយជា​ចលនា​ដ៏​សាកល​មួយ និង​កំពុង​ផុលផុស​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ផ្នែក​បរិស្ថាន​បៃតង​សង្គម និង​ការ​រស់នៅ​ក៏​ដូច​ជា​ប្រែក្លាយ​តំបន់​ទាំងអស់​នៅ​កម្ពុជា ជា​គោលដៅ​ទេសចរណ៍​ដ៏​មាន​ភាព​ទាក់ទាញ សម្រាប់​ទេសចរណ៍​អន្តរជាតិ ។

លោក​រដ្ឋលេខាធិការ​បាន​អះអាង​ថា ការ​ដាំ​ដើមឈើ​បាន​ក្លាយជា​យុទ្ធនាការ​ប្រចាំ ឬ​ជា​បន្តបន្ទាប់​តាម​រយៈ​ចលនា​ទេសចរណ៍​ម្នាក់ ដើមឈើ​មួយ​ដើម ឬ​គូស្រករ​មួយគូ ដើមឈើ​២​ដើម យុវជន​ឬ​ប្រជាជន​យើង​ម្នាក់​ត្រូវ​ដាំ​ដើមឈើ​មួយ​ដើម​ឬ​២​ដើម ។ តាម​រយៈ​នោះ​ទឹកដី​កម្ពុជា នឹង​ក្លាយជា​រមណីយដ្ឋាន​ធម្មជាតិ​ដ៏​ស្រស់បំព្រង ឬ​ពណ៌​បៃតង​ដែល​គួរ​ឲ្យ​ចង់​ទស្សនា ឬ​ចង់​ឲ្យ​រស់នៅ​បំផុត​ទាំង​ប្រជាជន​កម្ពុជា និង​អ្នកទេសចរ​អន្តរជាតិ ។

សូម​ជម្រាប​ថា បុណ្យ​ទន្លេ​ឆ្នាំ​នេះ ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​២៤​ដល់​ថ្ងៃ​២៦ ខែមីនា ឆ្នាំ​២០១៧ នៅ​ខេត្តស្ទឹងត្រែង ។ តាម​ការ​រំពឹង​ទុក​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​នឹង​ចូលរួម​ក្នុង​ពិធីបុណ្យ​ទន្លេ​ឆ្នាំ​នេះ មិន​តិច​ជាង​៦​ម៉ឺន​នាក់​នោះ​ឡើយ ៕