ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ត្រៀម​ជម្លៀស​ផ្ទះ​បណ្ដែត​ទឹក​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន​ទឹកទន្លេ

6 ឆ្នាំ មុន

ខេត្ដកំពង់ឆ្នាំង ៖ លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត បាន​លើក​ឡើង​ថា បញ្ហា​ផ្ទះ​បណ្តែតទឹក​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​បរិស្ថាន

ខេត្ដកំពង់ឆ្នាំង ៖ លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត បាន​លើក​ឡើង​ថា បញ្ហា​ផ្ទះ​បណ្តែតទឹក​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​បរិស្ថាន និង​សុខភាព​ប្រជាពលរដ្ឋ​ទូ​ទាំង​ក្រុង​កំពង់ឆ្នាំង ដែល​បាន​ទទួលទាន​ទឹក ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ។ ដោយហេតុ​នេះ តាម​គម្រោង​របស់​អាជ្ញាធរ​ខេត្ត​នឹង​ត្រូវ​ជម្លៀស​អ្នក​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។

លោក​អភិបាលខេត្ត មាន​ប្រសាសន៍​បែបនេះ នៅ​ក្នុង​ពិធី​ប្រជុំ​ផ្សព្វផ្សាយ​ស្តី​ពី​ប​ដិ​ស​ណ្ឋា​រកិច្ច​ល្អ​ក្នុង​សេវា​សាធារណៈ​របស់​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​សាលាក្រុង​កំពង់ឆ្នាំង កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែមីនា នៅ​សាលា​នយោបាយ​ខេត្ត ។                                                

លោក​អភិបាលខេត្ត ថ្លែង​ថា អ្នក​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​សព្វថ្ងៃ​មាន​ប្រមាណ​៥​ពាន់​នាក់ ចុះបើ​មួយ​ថ្ងៃ​ក្នុង​ម្នាក់​ទម្លាក់​កាក​សំណល់​ចាស់​តែ​មួយ​គីឡូក្រាម​គឺ​ឡើង​ដល់​៥​តោន ចុះបើ​១​ខែ​ឡើង​ប៉ុន្មាន ។ សព្វ​ថ្ងៃនេះ ប្រជាពលរដ្ឋ​ក្នុង​ក្រុង​កំពង់ឆ្នាំង ប្រើប្រាស់​ទឹក​ដែល​បូម​ពី​ទន្លេទោះបី​ថា​យក​មក​ច្រោះ​ដាក់​ថ្នាំ​យ៉ាងណា​ក៏​ដោយ ក៏​ពិបាក​ទុកចិត្ត​ដែរ ។ ហេតុនេះ​ហើយ អ្នក​រស់នៅ​លើ​ទឹក​មិន​អាច​រស់នៅ​បាន​ទៀត​ទេ ត្រូវ​ឡើង​លើគោក ។ មាន​អ្នក​ទូរស័ព្ទ​មក​សួរ​តែ​លោក​ថា អត់​បាន​ទេ​បញ្ហា​ធំ​គឺ​ទឹក ហើយ​បើ​មាន​បញ្ហា​គ្រោះថ្នាក់​មិនមែន​អ្នក​រស់នៅ​លើ​ទឹក​នោះ​ទេ គឺ​យើង​និង​កូនចៅ​យើង​ទាំងអស់​គ្នា​ដែល​ប្រើប្រាស់​ទឹក​បូម​ពី​ទន្លេ​មក​ប្រើ ។ ហេតុនេះ​អាជ្ញាធរ​ខេត្ត ត្រូវ​តែ​រៀបចំ​ឱ្យ​អ្នក​រស់នៅ​លើ​ទឹក​ឡើងគោក ។

យោង​តាម​ផែនការអភិវឌ្ឍន៍​រយៈពេល​៥​ឆ្នាំរបស់​សាលាខេត្ត​ដែល​មាន​ជា​ជំហាន​ៗ គឺ​ចាប់ផ្តើម​ជាដំបូង​ធ្វើ​ប​ម្លា​ស់​ទី​ប្រជាពលរដ្ឋ​រស់នៅលើ​ផ្ទះ​បណ្តែត​ទឹក​នៅ​មុខ​ផ្សារ​ក្រោម​ទាំងអស់​ឱ្យទៅ​នៅ​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ចម្ងាយ​ប្រមាណ​ជាង​២​គីឡូម៉ែត្រ​ពីមុខ​ផ្សារ​ក្រោម ។ បន្ទាប់​មក ផ្ទះ​ជាប់​ដី​នៅ​តាម​មាត់ទន្លេ​ក្នុងភូមិ​ចុង​កោះ ត្រូវ​រុះរើ​ចេញ​ទៅនៅ​លើ​ដី​ចាក់​ថ្មី​ដែល​កំពុង​អភិវឌ្ឍន៍ ហើយ​យក​ដី​មាត់ទន្លេ​កសាង​ផ្លូវ កសាង​សួនច្បារ ក្នុង​នោះ​ដែរ ផ្ទះ​បណ្តែត​ទឹក​ដែល​ត្រូវ​ផ្លាស់​ទី​ទៅ​កន្លែង​ថ្មី​នោះ​ក៏​ត្រូវ​រុះរើ​ឱ្យ​ឡើងគោក​ដែរ ដែល​នេះ​ជា​ការ​អភិវឌ្ឍ​តាម​ដំណាក់កាល ៕