ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា​ទេសចរណ៍​ខ្នាត​យក្ស​នាំ​ភ្ញៀវ​ជិត​4.000​នាក់​មក​ទស្សនា​កម្ពុជា

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ នាវា​ទេសចរណ៍ DIAMOND PRENCESS ជានា​វា​ប្រភេទ​យក្ស​បាន​នាំ​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​ជិត ៤.០០០​នាក់

ខេត្ត​ព្រះ​សីហ​នុ ៖ នាវា​ទេសចរណ៍ DIAMOND PRENCESS ជានា​វា​ប្រភេទ​យក្ស​បាន​នាំ​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​ជិត ៤.០០០​នាក់ ចូល​មក​ទស្សនកិច្ច​នៅ​កម្ពុជា​តាម​ច្រក​កំពង់​ផែ​សមុទ្រ​ក្រុងព្រះសីហនុ ។

នៅ​ព្រឹក​ថ្ងៃ​ទី​២៣ មីនា នាវា​ទេសចរណ៍​បរទេស​ធុន​យក្ស​មួយ​គ្រឿង​នេះ បាន​បោះ​យុថ្កា​ក្នុង​លម្ហ​សមុទ្រ​ចម្ងាយ​ប្រមាណ​ជា​២​ម៉ា​យ​ពី​កំពង់​ផែ​អន្តជាតិ​ក្រុងព្រះសីហនុ ក្នុង​គោល បំណង​ធ្វើ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​រយៈពេល​មួយ​ថ្ងៃ មុន​នឹង​ចាកចេញ​ទៅ​កាន់​ប្រទេស​ថៃ ។

លោក​វរសេនីយ៍ទោ ង៉ុ​យ ជៀន ប្រធាន​នគរបាល​ប៉ុស្តិ៍​ច្រក​ទ្វារ​កំពង់​ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ បានឱ្យ​ដឹង​ថា នាវា​ទេសចរណ៍ DIAMOND PRENCESS សញ្ជាតិ British មាន​បណ្តោយ​២៨៨,៣៣​ម៉ែត្រ ទទឹង ៤១,៥០ ម៉ែត្រ និង​ជម្រៅ​ទឹក​៨,៥៧​ម៉ែត្រ ។ នាវា​នេះ​បាន​ដឹក​ភ្ញៀវ​ទេសចរ​បរទេស​ចម្រុះ​ជាតិ​សាសន៍​មាន​ចំនួន​២.៧៦០​នាក់ ស្រី​១.៤៩៤​នាក់ មាន ៤២​សញ្ជាតិ និង​មាន​នាវិក​សរុប​ចំនួន​១.០៨៤​នាក់ ស្រី​២០០​នាក់ មាន​៤៩​សញ្ជាតិ ។

នាវា DIAMOND PRENCESS នេះ​បាន​ចាក​ចេញពី​ប្រទេស​វៀតណាម ចូល​ចត​កំពង់​ផែ​អន្តជាតិ​ក្រុងព្រះសីហនុ នៅ​វេលា​ម៉ោង​៦​និង ៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ មីនា និង​មាន​គម្រោង​ចាក​ចេញពី​លម្ហ​សមុទ្រ​កំពង់​ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ ឆ្ពោះទៅ​កាន់​ប្រទេស​ថៃ នៅ​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ដដែល ។

ភ្ញៀវ​ទេសចរ​ដែល​ធ្វើ​ដំណើរ​តាម​នាវា DIAMOND  PRENCESS ភាគច្រើន​មាន​វ័យ​ចំណាស់​ច្រើន​ជា​និវត្តជន ហើយ​ភ្ញៀវ​ដែល​មាន​សញ្ជាតិ​ច្រើន​ជាងគេ​នៅ​លើ​នាវា​នោះ​មាន​ដូច​ជា ជនជាតិ​អូស្ត្រាលី ចំនួន​១.០៣៨​នាក់ អង់គ្លេស ៦៨៣​នាក់ អា​មេ​រិ​ក ៣២៤​នាក់ និង​ក្រៅពី​នោះ​មាន​ភ្ញៀវ​ទេសចរ​សញ្ជាតិ​ផ្សេង​ៗ​ជា​ច្រើន​ទៀត ។

នៅ​ក្នុង​ការ​ចូល​ចត​នាវា​ខាងលើ ភ្ញៀវ​ទេសចរ​បរទេស បាន​ធ្វើ​ដំណើរ​ទស្សនា​កម្សាន្ត​តាម​តំបន់​រមណីយដ្ឋាន​វប្បធម៌ ទីប្រជុំជន​ក្នុង​ក្រុងព្រះសីហនុ តំបន់ឆ្នេរ​សមុទ្រ ភូមិ​នេសាទ (​ទំនប់​រលក​) ។ ប្រភព​ខាងលើ​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​កើនឡើង​នៃ​ភ្ញៀវ​ទេសចរ​តាម​នាវា នៅ​ដើមឆ្នាំ​២០១៧​នេះ ដោយសារ​ឆ្នេរសមុទ្រ​កម្ពុជា ត្រូវ​បាន​ដាក់​បញ្ចូល​ជា​សមាជិក​ក្លិប​ឆ្នេរ​ស្អាត​ជាងគេ​លើ​សកលលោក ធ្វើ​ឱ្យ​មានការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​មក​លេង​កម្សាន្ត​នៅ​ប្រទេស​កម្ពុជា មានការ​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​គួរ​ឲ្យ​កត់សម្គាល់ ។

ម្យ៉ាងទៀត​ដោយសារ​ខេត្ត​ព្រះ​សីហ​នុ ធានា​បាន​នូវ​សន្តិសុខ សុវត្ថិភាព​សម្រាប់​ភ្ញៀវ​ទេសចរ ជា​ពិសេស​ខេត្ត មានការ​អភិវឌ្ឍ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​នូវ​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​នានា​ជា​បន្តបន្ទាប់ ពិសេស​កោះ​ទាំង​៣២​កំពុង​ត្រូវ​បាន​កែ​លម្អ​ក្លាយជា​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ ដ៏​ស្រស់​ត្រកាល​មាន​ដូច ជា​តំបន់​កោះ​តូច​-កោះ​រ៉ុ​ង​សន្លឹម សុខសាន្ត កោះ​ឫស្សី និង​មាន​កោះ​មួយ​ចំនួន​ទៀត ។

គួរ​បញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា ភ្ញៀវ​ទេសចរ​ដែល​ធ្វើ​ដំណើរ​តាម​នាវា​ទេសចរណ៍ DIAMOND PRENCESS បាន​បន្តដំណើរ​ទៅ​ទស្សនា​នៅ​ក្រុង​អង្គរ ខេត្តសៀមរាប​ចំនួន​៤​នាក់ ស្រី​២​នាក់ មាន​១​សញ្ជាតិ  និង​មាន​ភ្ញៀវ​ទេសចរ​បរទេស​មក​ពី​ខេត្តសៀមរាប ចំនួន​២៧​នាក់ ស្រី ១២​នាក់ មាន​៦​សញ្ជាតិ​មក​បន្តដំណើរ​តាម​នាវា​ខាងលើ​ចេញ​តាម​ច្រក​កំពង់​ផែ​សមុទ្រ​អន្តរជាតិ ក្រុងព្រះសីហនុ ឆ្ពោះទៅ​កាន់​ប្រទេស​ថៃ ៕