ខេត្តព្រះសីហនុ ៖ តើនរណាទៅជាអ្នកនៅពីក្រោយខ្នងជនឆ្លៀតឱកាសក្នុងការទន្ទ្រានកា.ប់ឆ្ការព្រៃកោងកាង នៅចំណុចព្រែកប្រស់ ស្ថិតក្នុងឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ យកដីធ្វើជាកម្មសិទ្ធិ នាពេលកន្លងមកនោះ…?

នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ កន្លងមក ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍បញ្ជាក់ឲ្យដឹងថា «ព្រៃឈើដុះ យើងរស់ ព្រៃឈើល្អយើងមានបាន…!។ ឯកឧត្តមអភិបាលខេត្ត ក៏បានដាក់បណ្តាសារចំពោះជនឆ្លៀតឱកាសខិលខូចកន្លងមក បានឃុបឃិតគ្នាក្នុងការចូលទន្ទ្រានកា.ប់ឆ្ការបំផ្លិចបំផ្លាញព្រៃឈើកោងកាង នៅចំណុចព្រែកប្រស់ ស្ថិតក្នុងភូមិទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលដណ្តើមយកដីព្រៃលិចទឹកច្រើនហិកតាដែលជាដីកម្មសិទ្ធិរបស់រដ្ឋ យកទៅធ្វើជាកម្មសិទ្ធិឯកជន។

រាល់សកម្មភាពឃុបឃិតទន្ទ្រានកា.ប់ឆ្ការព្រៃធម្មជាតិឈើកោងកាង របស់ជនខិលខូចនៅចំណុចទីតាំងខាងលើ នាពេលកន្លងមកនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដាក់បណ្តាសារចំពោះជនដៃដល់ (ឲ្យក្ររហេមរហាម…?) និងបានដាក់ចេញបទបញ្ជាអាជ្ញាធរ សមត្ថកិច្ចជំនាញពាក់ព័ន្ធ ជាពិសេសមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តព្រះសីហនុ ត្រូវតែស្រាវជ្រាវរកអត្តសញ្ញាណជនខិលខូចឆ្លៀតឱកាសក្នុងការឃុបឃិតគ្នាចូលកា.ប់បំផ្លាញព្រៃឈើកោងកាង ឈានដល់ការឃាត់ខ្លួន កសាងសំណុំរឿង ដើម្បីផ្ទន្តន្ទាទោសទៅតាមផ្លូវច្បាប់។

ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍បែបនេះនៅក្នុងពិធីចូលរួមដាំកូនកោងកាងចំនួន ២ ០០០ដើម លើផ្ទៃដី ២.៥០ហិចតា ដែលមានទីតាំងស្ថិតនៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជនកាកបាទក្រហម យុវជន ស.ស.យ.ក និងប្រជានេសាទក្នុងសហគមន៍ភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ក៏បានមកចូលរួមផងដែរ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ការចូលរួមដាំកូនកោងកាង ពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជនកាកបាទក្រហម យុវជន ស.ស.យ.ក និងប្រជានេសាទក្នុងសហគមន៍ គោលបំណងសំខាន់នៃការដាំដុះកោងកាងឡើងវិញ នៅលើផ្ទៃដីដែលយើងបានធ្វើការរំដោះដកហូតបានមកវិញ ពីការកាន់កា.ប់ដោយខុសច្បាប់។

ប្រជាពលរដ្ឋនៅក្នុងសហគមន៍ភូមិព្រែកប្រស់ ក្នុងឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាច្រើននាក់សុំមិនបង្ហាញពីអត្តសញ្ញាណ បានខ្សឹបប្រាប់ឲ្យអ្នកយកព័ត៌មានយើងដឹងថា សកម្មភាពជនខិលខូចឆ្លៀតឱកាសចូលកា.ប់បំផ្លាញព្រៃឈើកោងកាង ក្នុងដែនព្រៃលិចទឹក និងបានជីកស្រះជាច្រើនស្រះ យកដីក្នុងដែនសហគមន៍ធ្វើជាកន្លែងចិញ្ចឹមត្រីជាកម្មសិទ្ធិឯកជន មិនមែនអាជ្ញាធរមានសមត្ថកិច្ចជាមន្ត្រីជំនាញ និងលោកប្រធានមន្ទីរកសិកម្ម រុក្ខារប្រម៉ាញ់ និងនេសាទខេត្តព្រះសីហនុ មិនបានដឹងនោះទេ…? ។

ប្រភពដដែលបន្តថា ព្រោះឮថាជាថៅកែធំឈ្មោះ ម៉េង ឃាង ជួលគ្រឿងចក្រសម្រាប់ដឹក និងឈូសឆាយពង្រាបដី នៅស្រុកព្រៃនប់ ហើយក៏ជាមនុស្សជិតដិតស្និទ្ធស្នាលជាមួយលោកប្រធានមន្ទីរកសិកម្មរុក្ខា ប្រម៉ាញ់ខេត្តព្រះសីហនុថែមទៀតផង ដោយធ្វើសកម្មភាពបានជាច្រើនឆ្នាំកន្លងមកហើយ ទើបបែកធ្លាយក្លិនស្អុយច្រាសខ្យល់ដល់ឯកឧត្តមអភិបាលខេត្ត រហូតដាក់បទបញ្ជាខាងលើ និងស្តាដាំកូនឈើកោងកាង នៅក្នុងដីសហគមន៍ឡើងវិញ។

ប្រភពខាងលើបានបញ្ជាក់បន្ថែមឲ្យដឹងទៀតថា បើទោះជាយ៉ាងនេះក្តី វាមិនមានឯកសារណាមួយបានបញ្ជាក់ច្បាស់លាស់ជាផ្លូវការ ហើយរហូតមកទល់ពេលនេះ អត្តសញ្ញាណអ្នកកា.ប់បំផ្លាញព្រៃកោងកាង បើទោះបីជាមានបទបញ្ជាពីឯកឧត្តមអភិបាលខេត្តក្តី អាជ្ញាធរមានសមត្ថកិច្ចជំនាញពាក់ព័ន្ធមិនទាន់បានស្វែងរកមុខសញ្ញាអ្នកប្រព្រឹត្តល្មើសក្នុងការកា.ប់បំផ្លាញព្រៃកោងកាង យកមកផ្តន្ទាទោសបាននៅឡើយ។

កឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់បងប្អូនជាប្រជាពលរដ្ឋនៅក្នុងសហគមន៍ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ ក្មួយៗជាសិស្សានុសិស្ស និស្សិតសូមចូលរួមដាំដុះ ថែរក្សា ការពារព្រៃកោងកាង ដែលជាមន្ទីរសម្ភពនៃការកកើតធនធានធម្មជាតិជីវ:ចម្រុះសមុទ្រ និងជាវរបុរសជួរមុខ ជាជម្រកមច្ឆាជាតិពង កូន ជារនាំងការពារទឹកប្រៃ កាត់បន្ថយការប្រែប្រួលអាកាសធាតុជាដើម ហើយផលប្រយោជន៍នៃព្រៃកោងកាងនេះ គឺប្រជានេសាទអាចរកក្តាម, ងាវ ដើម្បីបង្កើនជីវភាពគ្រួសារផងដែរ។

ដោយឡែកលោក នេន ចម្រើន ប្រធានមន្ទីរកសិកម្ម និងរុក្ខា ប្រម៉ាញ់ និងនេសាទខេត្តព្រះសីហនុ មិនអាចទំនាក់ទំនងបានទេ ដោយសារទូរស័ព្ទចូលជាច្រើនសារមិនមានអ្នកលើកសោះ។ ប្រសិនលោកប្រធានមន្ទីរខាងលើឆ្លើយថា មិនដឹង គឺចប់!
ព័ត៌មានបន្ថែមនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព ។




ចែករំលែកព័តមាននេះ