កាលពីថ្ងៃសៅរ៍ សហរដ្ឋអាមេរិកបានប្រឆាំងនឹងគោលការណ៍ពិភពលោក ទាក់ទិននឹងការធ្វើពាណិជ្ជកម្មសេរី ដោយបានបដិសេធលើការប្រឆាំងនឹងគំនិតការពារនិយម និងគំរាមថា នឹងចរចាលើកិច្ចព្រមព្រៀងជាមួយអង្គការពាណិជ្ជកម្មពិភពលោកជាថ្មី ។
ខណៈការចាប់ផ្តើមអនុម័តគោលនយោបាយអាមេរិកទីមួយរបស់លោក Donald Trump រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ក្រុម G20 បានបរាជ័យក្នុងការជំរុញឲ្យអាមេរិកបន្តសន្យាថា នឹងប្រឆាំងគំនិតការពារនិយម ។
ការប្តេជ្ញាគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី រួមមានអង្គការពាណិជ្ជកម្មពិភពលោក ក៏គ្មានក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយដែរ។ ផ្នែកប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុត្រូវបានបោះបង់ចោលទាំងស្រុង ដែលធ្វើឲ្យដៃគូអាមេរិក និងជនសកម្មផ្នែកបរិស្ថានស្រងាកចិត្ត ។
លោក Steven Mnuchin លេខាធិការរតនាគារអាមេរិកឲ្យដឹងថា បម្រែបម្រួលអាកាសធាតុ គឺមិនទាក់ទងនឹងបញ្ហាពិភពលោកពេលនេះទេ ។ លោកថ្លែងថា ៖ « អ្វីទាក់ទង ដូចអ្វីដែលពួកយើងបានយល់ស្របជាក្រុមនោះ គឺពង្រឹងការចូលរួមការធ្វើពាណិជ្ជកម្មក្នុងសេដ្ឋកិច្ចរបស់ពួកយើង » ។
លោកបន្ថែមថា ៖ « ពួកយើងនឹងព្យាយាមកាត់បន្ថយអតុល្យភាពដើម្បីលើកតម្កើងការរាប់បញ្ចូលយុត្តិធម៌ និងកាត់បន្ថយវិសមភាព ។ អ្វីដែលសហរដ្ឋអាមេរិកចង់បាន គឺការធ្វើពាណិជ្ជកម្មដោយសេរីនិងយុត្តិធម៌ដែលល្អសម្រាប់អាមេរិក និងពិភពលោក » ។
ប៉ុន្តែលោកនិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានក្នុងពេលបច្ចុប្បន្ន គឺគ្មានតុល្យភាពទេ និងព្រមានថា អាមេរិកនឹងមិនស្ទាក់ស្ទើរក្នុងការចរចាជាថ្មីឡើយ ។
លោកបានប្រាប់អ្នកកាសែតថា ៖ « ពួកយើងចង់ត្រួតពិនិត្យកិច្ចព្រមព្រៀងមួយចំនួនឡើងវិញ ហើយយើងបាននិយាយពីការត្រួតពិនិត្យកិច្ចព្រមព្រៀង NAFTA ម្តងទៀតផងដែរ » ។
លោកបន្ថែមថា ៖ « ពួកយើងគិតថា ផ្នែកមួយចំនួនរបស់ WTO មិនត្រូវបានអនុម័តឡើយ ហើយយើងនឹងព្យាយាមអនុម័តវាឲ្យបានតឹងរឹុងដើម្បីអត្ថប្រយោជន៍របស់ពលករក្នុងអាមេរិក ប្រសិនបើកិច្ចព្រមព្រៀងទាំងនោះមានសភាពចាស់ និងត្រូវការការចរចាជាថ្មី ពួកយើងនឹងពិចារណាថា នឹងធ្វើដូច្នេះ » ។
លោក Trump បានអះអាងក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃសុក្រ បន្ទាប់ពីកិច្ចប្រជុំជាមួយអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel ថា ៖ « ខ្ញុំគឺជាពាណិជ្ជករសេរី ហើយក៏ជាពាណិជ្ជករយុត្តិធម៌មួយដែរ» ។ លោកក៏បានបញ្ជាក់ថា គោលនយោបាយរបស់លោកមិនមែនជាគោលនយោបាយឯកានិយមទេ ។
រដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំង លោក Michel Sapin បានបង្ហាញភាពសោកស្តាយលើការពិភាក្សា ដែលមិនបានសម្រេចចុងក្រោយទៅលើបញ្ហាសំខាន់ៗទាំងពីរ គឺការធ្វើពាណិជ្ជកម្ម និងបម្រែបម្រួលអាកាសធាតុ ។
លោក Li Shuo មកពីអង្គការ Greenpeace East Asia បានបន្ទោសសហរដ្ឋអាមេរិកព្រោះប្រទេសនេះបង្ហាញពីការមិនយកចិត្តទុកដាក់លើការបម្រែបម្រួលអាកាសធាតុ ។ លោកបន្ថែមថា ៖ « ប្រទេសដទៃមិនគួរអនុញ្ញាតឲ្យរឿងបែបនេះកើតឡើងម្តងទៀតឡើយ » ៕
ចែករំលែកព័តមាននេះ