ខេត្តសៀមរាប ៖ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ នាំគ្នាទៅមើលថ្ងៃរះ នៅប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះ គឺជាពេលវេលាដែលព្រះអាទិត្យរះចំកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត។ គេសង្កេតឃើញថា មានភ្ញៀវទេសចរណ៍ជាច្រើនបានទៅរង់ចាំមើលព្រឹត្តិការណ៍ប្រចាំឆ្នាំមួយនេះ។ បើទោះជាពពកបានរាំងស្ទះនូវព្រឹត្តិការណ៍ដ៏អច្ឆរិយៈនេះក៏ដោយ ប៉ុន្តែភ្ញៀវទេសចរណ៍ទាំងនោះមានចិត្តសប្បាយ ហើយពួកគេនឹងព្យាយាមមើលព្រឹត្តិការណ៍នេះនៅលើកក្រោយទៀត។
ភ្ញៀវទេសចរណ៍ជាច្រើន បានទៅរង់ចាំមើលព្រឹត្តិការណ៍សមរាត្រី ឬហៅថា ថ្ងៃរះចំកំពូលប្រាង្គកណ្តាលប្រាសាទអង្គរវត្ត។ ដោយសារអាកាសធាតុមិនអំណោយផល ធ្វើឲ្យភ្ញៀវទេសចរណ៍ទាំងអស់ ខកខានមិនបានមើលព្រឹត្តិការណ៍ដ៏អស្ចារ្យនេះទេ។
សូមរម្លឹកផងដែរថា មានព្រឹត្តិការណ៍សំខាន់ៗចំនួន៤ ដែលបានកើតឡើងនៅលើសំណង់ប្រាសាទអង្គរវត្តជារៀងរាល់ឆ្នាំ ហើយព្រឹត្តិការណ៍ទាំងនោះរួមមាន ពេលវេលាថ្ងៃ និងយប់មានរយៈពេលស្មើគ្នា ឬហៅថាសមរាត្រី គឺកើតឡើង២ដងក្នុងមួយឆ្នាំ លើកទី១ នារដូវវស្សា កើតចំថ្ងៃទី២១ កញ្ញា និងលើកទី២ នារដូវប្រាំង កើតចំថ្ងៃទី២១ ខែមីនា។ សម្រាប់ព្រឹត្តិការណ៍២ទៀត គឺពេលថ្ងៃមានរយៈពេលខ្លីជាងយប់កើតឡើងចំថ្ងៃទី២១ ខែធ្នូ និងថ្ងៃវែងជាងយប់ កើតចំថ្ងៃទី២១ មិថុនា៕
ចែករំលែកព័តមាននេះ