ខេត្តបន្ទាយមានជ័យ ៖ នៅពន្ធនាគាខេត្តបន្ទាយមានជ័យ ទឹកជំនន់បានគំរាមកំហែងខ្លាំង ដោយខ្វះតែ២តឹកទៀតប៉ុណ្ណោះ អាចប្រឈមលិចដូចកាលឆ្នាំ២០២០ដូចគ្នា ។ នេះបើគិតត្រឹមទី១២ តុលា ឆ្នាំ២០២២ ត្រង់ចំណុចភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។

លោក អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យបានប្រាប់ថា ទឹកជំនន់បានគំរាមកំហែងពន្ធនាគាខេត្តបន្ទាយមានជ័យ ជាង១សប្តាហ៍មកហើយ រហូតមកទល់ពេលនេះ ទឹកជំនន់លិចជុំវិញរបង និងផ្លូវចូលផ្នែកខាងមុខទឹកលិចជាងកន្លះចាប់ពីឆ្លងផ្លូវរថភ្លើងដល់ពន្ធនាគារ បើប្រៀបធៀបទឹកជំនន់ឆ្នាំ២០២០ ។

លោកបានបញ្ជាក់ថា កាលពីឆ្នាំ២០២០ ទឹកជំនន់បានជន់លិចចូលក្នុងបរិវេណ និងអគារដាក់អ្នកទោសត្រូវបានជម្លៀសចេញទៅដាក់នៅពន្ធនាគារតាមបណ្តាខេត្តក្នុងទិសពាយ័ព្យនៃប្រទេស ដែលត្រូវបានកងកម្លាំងទាំង៣ស្ថាប័នមានយោធាតំបន់ប្រតិបត្តិការសឹងរងខេត្ត និងកងពលតូចថ្មើជើងលេខ៥១ និងកងរាជអាវុធហត្ថ និងកម្លាំងនគរបាលបានជួយជម្លៀស និងការពារដឹកជញ្ជូនរហូតដោយមានសុវត្ថិភាព ហើយរង់ចាំទឹកស្រកទើបដឹកជញ្ជូនប្រឡប់មកវិញ ។

លោក អ៊ុង ស៊ីផាន បានបញ្ជាក់ថា នៅឆ្នាំ២០២២នេះ ទឹកជំនន់បានជន់លិចជុំវិញរបង និងលិចផ្លូវជាងកន្លះម៉ែត្រ ចាប់ពីឆ្លងផ្លូវរថភ្លើងដល់មុខផ្លូវចូលពន្ធនាគារខេត្តបន្ទាយមានជ័យ ។ ប៉ុន្តែបើភ្លៀងមិនបន្តធ្លាក់ ទឹកជំនន់អាចស្រកជាង១តឹកវិញ។ យ៉ាងណា កម្លាំងបានដាក់ម៉ាស៊ីន៥ទៅ៦គ្រឿងដើម្បីបូមទឹក កុំឱ្យស្ទះលូ ។

ទោះបីជាយ៉ាងណា ក៏នៅអាចបន្តទទួលជនជាប់ចោទដែលត្រូវកម្លាំងសមត្ថកិ្ចចចាប់ខ្លួនបញ្ជូនមករាល់ថ្ងៃដដែល ។


ចែករំលែកព័តមាននេះ