ខេត្តកំពង់ឆ្នាំង ៖ មានសេចក្តីរាយការណ៍ថា កសិករចិញ្ចឹមទានៅក្នុងខេត្តកំពង់ឆ្នាំង កំពុងមានការត្អូញត្អែរថា ពងទាឆ្នាំនេះបានធ្លាក់ថ្លៃជាខ្លាំង ធ្វើឱ្យពួកគាត់ខាតបង់ថវិកាច្រើនគួឱ្យព្រួយបារម្ភ ។ ចំពោះមូលហេតុដែលពងទាធ្លាក់ថ្លៃបែបនេះ គឺបណ្តាលមកពីមានការនាំចូលពងទាពីប្រទេសវៀតណាម មកលក់ក្នុងខេត្តដ៏ច្រើន និងបានបន្តដឹកលក់តាមមូលដ្ឋានទៀត ។
លោកអ៊ុច ចេង កសិករចិញ្ចឹមទាក្នុងភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំងបានឱ្យដឹងថា បច្ចុប្បន្ន តម្លៃពងទាបានធ្លាក់ចុះស្ទើរតែមិនអាចទ្រាំបាន ។ ខណៈចំណីនៅតែថ្លៃ ប៉ុន្តែពងទាបានធ្លាក់ចុះសល់ត្រឹម៣៥០រៀលក្នុងមួយគ្រាប់ ឬពេលខ្លះថោកជាងនេះ និងលក់មិនចេញទៀតផង។
តម្លៃពងទាបានធ្លាក់ចុះតាមគាត់ដឹង គឺមកពីមានការនាំចូលពងទាពីប្រទេសវៀតណាម ដឹកទាំងឡានៗយកមកលក់ក្នុងខេត្ត និងដឹកលក់ទៅតាមស្រុកមួយចំនួន ដែលមានតម្លៃត្រឹមតែ២ ទៅ៣រយរៀលប៉ុណ្ណោះក្នុងមួយគ្រាប់ ។ សព្វថ្ងៃនេះ គ្រួសារគាត់មានទា ជាង៦ពាន់ក្បាលពងបានច្រើនដែរ តែតម្លៃពងទាបានធ្លាក់ចុះ ស្ទើតែរកប្រាក់ទិញចំណីឱ្យទាស៊ីមិនបាន ព្រោះចំណី១បាវថ្លៃ១២ដុល្លារ។
គ្រួសារគាត់មាន៣ទ្រុងទា មានជាង៦ពាន់ក្បាល ប្រើចំណីអស់២៥បាវ គិតជាប្រាក់អស់ប្រមាណ៣០០ដុលា្រល ឬជាង១លាន២០ម៉ឺនរៀល ។ ប៉ុន្តែក្នុងមួយថ្ងៃ គាត់លក់ពងទាបានត្រឹមតែជាង១លានបន្តិចបន្តួចប៉ុណ្ណោះ ។ លុយទាំងនោះ គ្រាន់តែចំណីវាស្ទើមិនគ្រាន់ នៅថ្លៃទឹកភ្លើង ថ្នាំវ៉ាក់សាំងការពារ ថ្នាំបំប៉ន និងឈ្មួលកម្មករ ពិតជាត្រូវចូលដើម ។
បើសិនក្នុងអំឡុងខែមេសាក្នុងឱកាសបុណ្យចូលឆ្នាំនេះ ពងទាមិនឡើងថ្លៃទេ គាត់ពិតជាយ៉ាប់ជាពុំខានឡើយ ។ ជាចុងក្រោយគាត់សំណូមពរដល់សមត្ថកិច្ចជំនាញ ពាក់ព័ន្ធ ពិសេសប្រមុខរាជរដ្ឋាភិបាល សូមទប់ស្កាត់ការនាំចូលពងទាពីប្រទេសវៀតណាម ផង ព្រោះបើមិនដូច្នោះទេ អ្នកចិញ្ចឹមទាខេត្តកំពង់ឆ្នាំង ពិតជាយ៉ាបជាងនេះជាពុំខាន ព្រោះសព្វថ្ងៃមាន អ្នកចិញ្ចឹមទាខ្លះ យកលុយ មេក្រូហិរញ្ញវត្ថុទេ ។
ចែករំលែកព័តមាននេះ