រាជធានីភ្នំពេញ ៖ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក ហ្វាន វ៉ាន់យ៉ាង ប្រធានអគ្គសេនាធិការកងទ័ពវៀតណាម បានរាយការណ៍ជូនសម្តេច
តេជោនាយករដ្ឋមន្ត្រីថា លោកបានជួបជាមួយនឹងលោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជួបធ្វើការជាមួយលោក ប៉ុល សារឿន នៅថ្ងៃទី១៨ មីនាហើយ ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ ។
លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រាប់ឲ្យដឹងនៅក្រោយជំនួបថា លោកប្រធានអគ្គសេនាធិការកងទ័ពវៀតណាមបានរាយការណ៍បែបនេះនារសៀលថ្ងៃទី១៧ មីនា នៅវិមានសន្តិភាពខណៈដែលលោក ហ្វាន វ៉ាន់យ៉ាង មកបំពេញទស្សកិច្ចនៅកម្ពុជា ។
លោក ហា្វន វ៉ាន់យ៉ាង បានពាំនាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខនិងការចូលរួមរំលែកទុក្ខជាមួយថ្នាក់ដឹកនាំ និងក្រុមគ្រួសារសម្តេចវិបុល បញ្ញា សុខ អាន ពីសំណាក់លោកនាយករដ្ឋមន្ត្រីវៀត ណាម ។ លោកក៏បានជំរាបសម្តេចតេជោនាយករដ្ឋមន្ត្រីថា ក្នុងដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជានៅពេលនេះលោកបានឃើញរាជធានីភ្នំពេញមានការអភិវឌ្ឍយ៉ាងខ្លាំង លោកបានឃើញប្រជាជនកម្ពុជាមានជីវភាពរស់នៅបានល្អប្រសើរ មានការរីកចម្រើនយ៉ាងខ្លាំងលើវិស័យសេដ្ឋកិច្ចសង្គមកិច្ចកម្ពុជាដែរ ។ លោកសូមសម្តែងអបអរសាទរជូនចំពោះការអភិវឌ្ឍនេះ ។
ជាការឆ្លើយតបសម្តេចតេជោបានថ្លែងអំណរគុណចំពោះការផ្តាំផ្ញើរំលែកទុក្ខ និងបានមានប្រសាសន៍ថា ការរីកចម្រើនរបស់កម្ពុជាមកដល់ពេលនេះមិនអាចកាត់ផ្តាច់ពីការចូលរួមចំណែករបស់វៀតណាមបានទេ ។ បើគ្មានថ្ងៃ៧ មករាទេ កម្ពុជាមិនដឹងជាយ៉ាងណានោះទេ សម្តេចតេជោបានថ្លែអំណរគុណចំពោះរដ្ឋាភិបាល កងទ័ពប្រជាជនវៀតណាម ដែលបានជួយកម្ពុជាកន្លងមក ហើយក៏សូមអរគុណដែលបានផ្តល់អាហារូបករណ៍ដល់នាយទាហាននិងកងកម្លាំងប្រដាប់អាវុធកម្ពុជាកន្លងមកដែរ ។
សម្តេចបានមានអនុសាសន៍ថា អ្វីដែលជាកត្តាសំខាន់នៅពេលនេះ គឺកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរសម្រួលឲ្យប្រជាជនតាមព្រំដែនអាចរស់នៅ និងពង្រីកពាណិជ្ជកម្មធ្វើយ៉ាងណាកែប្រែព្រំដែនឲ្យក្លាយទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ៕
ចែករំលែកព័តមាននេះ