កម្មការិនី៧៣នាក់ និងកម្មករម្នាក់នៅរោងចក្រដួលសន្លប់ជាបន្តបន្ទាប់(មានវីដេអូ)
រាជធានីភ្នំពេញ ៖ កម្មការិនីចំនួន៧៣នាក់រួមជាមួយកម្មករម្នាក់ផង ខណៈពេលកំពុងធ្វើការងារសុខៗនៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់
រាជធានីភ្នំពេញ ៖ កម្មការិនីចំនួន៧៣នាក់រួមជាមួយកម្មករម្នាក់ផង ខណៈពេលកំពុងធ្វើការងារសុខៗនៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់
រាជធានីភ្នំពេញ ៖ កម្មការិនីចំនួន៧៣នាក់រួមជាមួយកម្មករម្នាក់ផង ខណៈពេលកំពុងធ្វើការងារសុខៗនៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់យីហោ«ធៀន ស៊ុង» ដែលមានទីតាំងស្ថិតនៅក្នុង បុរីប៊ុន ហួរ ភូមិព្រៃព្រីងខាង ត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ស្រាប់តែបានដួលសន្លប់ជាបន្តបន្ទាប់គ្នា បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង២០នាទីព្រឹកថ្ងៃទី១៨ មីនា ហើយត្រូវបានខាងតំណាងរោងចក្រដឹកបញ្ជូនទៅកាន់គ្លីនិកឯកជន ដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗដែរ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ការដួលសន្លប់នោះមិនទាន់ត្រូវបានដឹងពីមូលហេតុច្បាស់លាស់នៅឡើយ ដោយអ្នកខ្លះមានការសង្ស័យថា បណ្ដាលមកពីការភ្ញាក់ផ្អើលពេលមានការទុស្សេចរន្តអគ្គីសនីឆេះកាប៊ីន ភ្លើងនៅក្នុងរោងចក្រនោះកាលពី១ថ្ងៃមុនពេលនៃការដួលសន្លប់នេះ ព្រោះនៅក្នុងពេលនោះបានធ្វើឲ្យកម្មការិនី មានការភិតភ័យយ៉ាងខ្លាំងហើយក៏មានកម្មការិនីចំនួន៥នាក់បានដួលសន្លប់ទៀតផង ។
ចំណែកអ្នកខ្លះទៀតក៏បានដាក់ការសង្ស័យថា បណ្ដាលមកពីបញ្ហាអាកាសធាតុ និងបរិស្ថាននៅក្នុងរោងចក្រអាប់អួរ គួបផ្សំជាមួយនឹងកម្មករធ្វើការហួសកម្លាំង មានសុខភាពខ្សាយ ទ្រាំនឹងក្លិនគីមីក្នុងក្រណាត់មិនបាន ទើបដួលសន្លប់តែម្ដង។ ប៉ុន្តែទោះជាបែបណាកំពុងស្ថិតនៅក្នុងការស្រាវជ្រាវរបស់មន្ត្រីជំនាញពាក់ព័ន្ធនៅ ឡើយ ចំណែករោងចក្រត្រូវបានបិទទ្វារបណ្ដោះអាសន្ន រង់ចាំការស្រាវជ្រាវរកមូលហេតុពិតប្រាកដ ។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា កាលពីថ្ងៃទី១៧ មីនា មុនពេលមានការដួលសន្លប់ច្រើនបែបនេះគឺ មានកាប៊ីនភ្លើងមួយស្ថិតនៅក្នុងរោងចក្រមួយនេះបានទុស្សេបណ្ដាលឲ្យមានការឆាបឆេះឡើងដែលជាហេតុធ្វើឲ្យកម្មករ មានការភិតភ័យរហូតមានអ្នកដួលសន្លប់ចំនួន៥នាក់ និងត្រូវបានគេដឹកបញ្ជូនទៅកាន់ គ្លីនិកឯកជនសង្គ្រោះដោយស្ងាត់ៗ ។ ដោយឡែកអ្នកផ្សេងទៀតមិនត្រូវបានអនុញ្ញាតឲ្យចាកចេញពីរោងចក្រនោះឡើយ ហើយរោងចក្រក៏មិនបានបិទទ្វារនោះទេ គឺបានបន្តធ្វើការងាររហូតចប់ចុងចប់ដើមលុះដល់ថ្ងៃទី១៨ មីនា កម្មករបានចូលទៅធ្វើការតាមធម្មតា ហើយខណៈពេលកំពុងធ្វើការសុខៗ ស្រាប់តែមានកម្មការិនីម្នាក់បានដួលសន្លប់ជាថ្មីទៀត ដែលជាហេតុបង្កឲ្យមានការភ្ញាក់ផ្អើលក៏មានអ្នកដួលសន្លប់តាមគ្នាបង្កឲ្យមានការជ្រួលច្របល់ពេញរោងចក្រតែម្ដង ។
ប្រភពខាងលើបានបន្តថា អ្នកដែលសន្លប់មានកម្មការិនីចំនួន៧៣នាក់ និងកម្មករម្នាក់ផងត្រូវបានគេដឹកទៅកាន់គ្លីនិកឯកជន ដើម្បីសង្គ្រោះបន្ទាន់ដោយឡែកអ្នកដែលមិនដួលសន្លប់ត្រូវបានថៅកែរារាំងឲ្យនៅបន្ត ធ្វើការមិនឲ្យសម្រាកឡើយ ។ ប៉ុន្តែពួកគេទាំងនោះមិនព្រមនោះឡើយហើយបាននាំគ្នាសម្រុករត់ចេញក្រៅរោងចក្រ ត្រឡប់ទៅផ្ទះរៀងៗខ្លួន ដែលបានធ្វើឲ្យស្ថានភាពពេលនោះរញ៉េញ៉ៃយ៉ាងខ្លាំង ចំណែករោងចក្រក៏ត្រូវបានបិទទ្វារជាបណ្ដោះអាសន្នដែរ និងមិនដឹងថា ត្រូវបើកទ្វារឡើងវិញនៅពេលណានោះទេដោយរង់ចាំការស្រាវជ្រាវរកមូលហេតុនៃការដួលសន្លប់នោះពីសំណាក់ មន្ត្រីជំនាញពាក់ព័ន្ធនានាសិន ៕
ចែករំលែកព័តមាននេះ